យុវជនមានតួនាទីសំខាន់ ក្នុងនយោបាយ និងសកម្មភាពសង្គម?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនជាសសរ«ទ្រូង»ប្រទេសជាតិ ។ យុវជនជាអ្នកបន្ត«វេន»ពីមនុស្សចាស់ ក្នុងកិច្ចការនយោបាយ នៃការដឹកនាំប្រទេស។ យុវជនមានឱកាសអភិវឌ្ឍខ្លួន ជាអ្នកដឹកនាំដែលអាចជំរុញសង្វាក់អភិវឌ្ឍ ឲ្យមានសន្ទុះលឿន ប្រកបដោយស្ថេរភាព និងនិរន្តរភាព។ យុវជនចាប់ក្នុងកិច្ចការនយោបាយ ជាសញ្ញាណ«វិជ្ជមាន» ព្រោះវាបង្ហាញពីសន្ទុះ នៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះ វាអាចបន្តដល់កូនជំនាន់ក្រោយ។
យុវតី ធី សុវណ្ណថា តារាហ្វេសប៊ុកដ៏ល្បីក្នុងសកម្មភាពសង្គម។ (រូបថត ហ្វេសប៊ុក)
យុវជន និងនយោបាយ - ពាក្យ«នយោបាយ» ជាបញ្ហាសាមញ្ញសម្រាប់យុវជន និងការចូលរួម។ ភាគច្រើននៃយុវជនក្នុងរឿងនយោបាយមិនមានពុតត្បុតទេ ទាមទារការបង្ហាញនូវទស្សនៈ និងការយល់ឃើញដោយស្មោះត្រង់របស់ខ្លួន។ ពួកគាត់យល់យ៉ាងណា នឹងធ្វើយ៉ាងនោះ។ លក្ខណៈទាំងនេះ ខុសគ្មាពីមនុស្ស«ចាស់» ដែលមានភាពប្រយ័ត្នប្រយែងច្រើន។
លោក កែម ឡី អ្នកវិភាគឯករាជ្យ ក្នុងវេទិការពិភាក្សា ស្តីពីតួនាទីព្រះសង្ឃ និងបញ្ញវន្ត ជាមួយនយោបាយ នៅក្នុងសហគមន៍បឹងកក់ បាព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោកបានចាត់ទុកថា យុវជនអាចក្លាយជាបញ្ញាវ័ន្ត ជាសកម្មជន ជាអ្នកស្រាយជ្រាវ ជាអ្នកតស៊ូមតិ ដែលប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត។ ជាមួយគ្នានេះយុវជនអាចចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត តាមការយកចិតទុកដាក់ពីរដ្ឋាភិបាល «ចង់មិនចង់ បើថ្នាក់ដឹកនាំមានចំណេះដឹងខ្ពស់ មានការគិតគូវែងឆ្ងាយត្រូវបានយករបបគំហើញ ចេញពីការសិក្សាស្រាវជ្រាវរបស់បញ្ញាវ័ន្ត នៅតាមសកលវិទ្យាល័យ តាមស្ថាប័ននានា មកពិភាគ្សា ធ្វើសេចក្តីសម្រេចចិត្តក្នុងករនិងយោបាយ»។
ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ លោកបានលើកឡើងថា បើគិតលើពាក្យនយោបាយ ដូចជាសម្បើមណាស់ តែសម្រាប់លោកផ្ទាល់យល់ថារឿងនយោបាយ មិនមែនជារឿងចម្លែកដែលថាទាល់តែអ្នកនយោបាយ ទើបអាចធ្វើនយោបាយបាននោះទេ។ លោកបានចាត់ទុកបញ្ហានយោបាយជារឿង«សាមញ្ញ»ក្នុងជិវិត។ ព្រោះលោកយល់ថា នយោបាយជាអ្វីៗដែលនៅជុំវិញជិវិតមនុស្សម្នាក់នោះឯង។ (វា) ជាដំណើរការជីវិតសម្រាប់រស់នៅក្នុងសង្គម។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «រលកក្រោយ ច្រានរលកមុខ។ ការមិនអនុញ្ញាតិឲ្យយុវជន និស្សិត អាចចូលរួមក្នុងការងារសង្គម ជាការធ្វើឲ្យការអភិវឌ្ឈន៍មានការយ៉ឺតយ៉ាវ។ (…) រដ្ឋធម្មនុញ្ញបានធានាឲ្យនិស្សិត និងប្រជាពលរដ្ឋស្មែរគ្រប់រូប មានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ។»
ឯលោក ទិប ទាវ ក្នុងនាមជាប្រធានសហហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា បានលើកឡើងថា យុវជនមិនមែនជា«កញ្ជៈ»នៃជនក្តាប់អំណាចមួយចំនួនតូច និងសង្គមទេ។ យុវជនមានសិទ្ធិ និងសេរីភាពគ្រប់គ្រាន់ ចូលរួមក្នុងការកសាងប្រទេស និងនយោបាយសង្គម។ លោកបានលើកជាឧទាហរណ៍ថា មានយុវជនបានបញ្ចប់ការសិក្សារាប់ម៉ឺននាក់គ្មានការងារធ្វើ។ បើគ្មានការងារធ្វើ តើត្រូវធ្វើយ៉ាងណា? តើត្រូវចូលរួមក្នុងសង្គមជាតិ ដើម្បីការងារដែរឬទេ? តើការចូលរួមនេះអាចចាត់ទុកជានយោបាយបានទេ។ លោកបន្តរថា យុវជនភាគច្រើនបានធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសក្រៅ ហេតុអ្វី?។ យុវជនជាទំពាំងស្នងឬស្សី បើមិនចូលរួមដោះស្រាយបញ្ហាសង្គមនោះ តើលទ្ធផលនៃជីវិតយុវជននឹងទៅជាយ៉ាងណា? លោកបានបញ្ជាក់យ៉ាងខ្លីថា«នយោបាយជាជិវិតនៃការរស់នៅរបស់យុវជន។ (...) ការចូលរួមរបស់យុវជន មិនមែនជាការបង្កើតឲ្យមានភាពច្របូកច្របល់ក្នុងសង្គមទេ គឺដើម្បីស្វែងរកមធ្យោបាយមួយរស់ក្នុងសង្គម បានសមស្រប និងសមរម្យ។»។
ទាក់ទងទៅនឹងបញ្ហា«យុវជន និងនយោបាយ»នេះ អ្នកវិភាគ និងមន្ត្រីរាជការជាន់ខ្ពស់មួយចំនួនក្នុងជួររាជការ ក៏ធ្លាប់បានលើកឡើងដែរថា យុវជនជាអ្នកដឹងលឺច្រើន លើបញ្ហានយោបាយក្នុងសង្គម រួមមានទាំងបញ្ហាព្រំដែន និងសេដ្ឋកិច្ចសង្គមកិច្ច។ ជាមួយគ្នានេះដែរអ្នកនយោបាយក្នុងតំណែង បានចាប់ផ្តើមតែងតាំងកូនរបស់ខ្លួនឱ្យចូលបំរើកិច្ចការ«នយោបាយ» ជាមួយនឹង«តួនាទី»ដែលមិនបានឆ្លុះបញ្ចាំងពីតម្លាភាព ក្នុងសង្គម។ ករណីនេះរដ្ឋាភិបាលគួរតែបើកឱកាសស្មើភាពគ្នា ដល់យុវជនក្នុងការទទួលបានមុខតំណែង នៅក្នុងជួររដ្ឋាភិបាល។ អ្នកវិភាគនិងក្រុមអ្នកឃ្លាំមើលការបោះឆ្នោតធ្លាប់បានលើកឡើងថា បើរដ្ឋាភិបាល ឬគណបក្សនយោបាយបើកឱកាសទូលាយផ្តល់តួនាទី ឋានៈដល់យុវជន ដើម្បីធ្វើនយោបាយ និងធ្វើការសម្រេចចិត្តផ្សេងៗនៅក្នុងជួររដ្ឋាភិបាលនោះ នឹងមានសន្ទុះលឿនផ្នែកសេដ្ឋកិច្ច ផ្នែកផ្សេងៗទៀតជាច្រើន។ តែកុំគប្បីប្រើប្រាស់យុវជន ធ្វើជាឈ្នាន់ដើម្បីបំរើផលប្រយោជន៍គណបក្សនយោបាយ៕
នៅក្នុងក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានមួយចំនួនជាកូនមេដឹកនាំរបស់គណបក្សនេះ។ (រូបថត ហ្វេសប៊ុក)
កូនមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ (រូបថត ហ្វេសប៊ុក)
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤