បណ្ដឹងទាមទារ១៤៥ពាន់អ៊ឺរ៉ូ ប្រឆាំងក្រុមហ៊ុនហ្គូហ្គើល នៅអាឡឺម៉ង់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការិយាល័យសម្រាប់ការពារទិន្នន័យឯកជនមួយ នៃប្រទេសអាឡឺម៉ង់ បានដាក់ពាក្យបណ្ដឹង ទាមទារអោយពិន័យ១៤៥ពាន់អ៊ឺរ៉ូ ប្រឆាំងនឹងក្រុមហ៊ុនយក្ស ហ្គូហ្គើល (Google) របស់អាមេរិក ក្នុងបទចោទប្រកាន់មួយ ដែលថាក្រុមហ៊ុននេះ បានដើរប្រមូលព័ត៌មាននៃទិន្នន័យឯកជន តាមរយៈបណ្ដាញគ្មានខ្សែ។
សេវាកម្មដាក់បង្ហាញរូបភាព នៅតាមផ្លូវ នៅលើផែនទីរបស់ហ្គូហ្គើល។
ការិយាល័យរបស់រដ្ឋ សម្រាប់ការពារជីវិតឯកជន នៅហាំប៊ួរ ប្រទេសអាឡឺម៉ង់ បានទទួលស្គាល់ថា ទឹកប្រាក់ពិន័យនៃពាក្យបណ្ដឹងនេះ ទំនងជាតិចពេក បើប្រៀបធៀបនឹងអំពើ ដែលអាចកើតឡើង ជាលក្ខណៈចម្រុះជាតិសាសន៍នោះ។
នៅថ្ងៃច័ន្ទទី២២នេះ ការិយាល័យជំនាញនេះ បានគិតថា ហ្គូហ្គើលបានដឹងខ្លួនថាបានដើរប្រមូលទិន្នន័យព័ត៌មាន ពីបណ្ដាជនជាច្រើន ដែលក្នុងនោះ មានអាស័យដ្ឋានទូរសារអេឡិចត្រូនិក និងរូបថត រវាងពីឆ្នាំ២០០៨មក២០១២ នៅខណៈពេលដែលក្រុមហ៊ុននេះបាន ដាក់អោយប្រើប្រាស់ដំបូង នូវសេវាកម្ម ហ្គូហ្គើល ស្ទ្រីតវីយូ (Google Street View ជាសេវាកម្មដាក់បង្ហាញរូបភាព នៅតាមផ្លូវ នៅលើផែនទីរបស់ហ្គូហ្គើល)។
ចំណែកហ្គូហ្គើលវិញ បាននិយាយបកស្រាយតបថា ខ្លួនមិនដែលមានគំនិត ចង់រក្សាទុកនូវព័ត៌មាននៃទិន្នន័យឯកជនទាំងនោះទេ។ ការិយាល័យជំនាញអាឡឺម៉ង់ ក៏បានអះអាងដែរថា ហ្គូហ្គើលបានលប់ទិន្នន័យទាំងនោះ អស់ទៅហើយ។
នាយកការិយាល័យអាឡឺម៉ង់ លោកចូហាន កាស្ប៉ារ (Johannes Caspar) បានបញ្ជាក់ថា យន្តការត្រួតពិនិ្យផ្ទៃក្នុងរបស់ហ្គូហ្គើល បានទទួលរងនូវភាពចន្លោះប្រហោងដ៏ពិតប្រាកដមួយ។ ប៉ុន្តែលោកថា ការិយាល័យរបស់លោក មិនអាចប្ដឹងហ្គូហ្គើល ទាមទារការដាក់ពិន័យអោយលើសពីទឹកប្រាក់ ១៥០ពាន់អ៊ឺរ៉ូនោះទេ។
សូមបញ្ជាក់ថា ហ្គូហ្គើល បានរកចំណូលនៅក្នុងត្រីមាសទីមួយនេះ បានរហូតដល់ ៣,៣ពាន់លានដុល្លាអាមេរិក។ លោកចូហាន កាស្ប៉ារ បានផ្ដល់យោបល់ថា ល័ក្ខត្តិកៈថ្មីរបស់សហគមន៍អ៊ឺរ៉ុប គួរតែគិតត្រូវដាក់ពិន័យ ឲ្យបានច្រើនជាងនេះ សម្រាប់បញ្ហាដែលមានដូចគ្នា៕
----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ