ភូមា៖ អង្គការសិទ្ធមនុស្ស បរិហាពីការ«បោសសម្អាត»ជនជាតិមួយ
អង្គការអន្តរជាតិមួយ សម្រាប់ការឃ្លាំមើលសិទ្ធមនុស្ស បានអះអាងថាបណ្ដាជនភាគតិច កាន់សាសនាអ៊ីស្លាម រ៉ូហីនជីយ៉ា នៅក្នុងប្រទេសភូមា បានរងគ្រោះនឹង«យុទ្ធនាការបោសសម្អាត»ជនជាតិមួយ ដែលបានធ្វើឲ្យមនុស្សច្រើនជាង១០០នាក់ស្លាប់បាត់បង់ជីវិត និងប្រមាណជា ១២៥ពាន់នាក់ផ្សេងទៀត រត់ភៀសខ្លួន។
រូបភាពពីចម្ងាយនៃការដុតបំផ្លាញភូមិស្រុក របស់បណ្ដាជនអ្នកកាន់សាសនាអ៊ីស្លាម។
កាលពីថ្ងៃច័ន្ទទី២២ខែមេសានេះ អង្គការឃ្លាំមើលសិទ្ធមនុស្ស ដែលហៅជាភាសាអង់គ្លេសថា Human Rights Watch បានបញ្ជាក់ថាយុទ្ធនាការនេះ ត្រូវបានបញ្ជាដោយ អាជ្ញាភូមា ដោយមានកិច្ចសហការ ពីសំណាក់សង្ឃនៃសាសនាព្រះពុទ្ធផង។
អង្គការដែលមានទីតាំងនៅទីក្រុងញ៉ូយក មួយនេះបាននិយាយថា រលកអំពើហឹង្សា ទៅលើតំបន់រ៉ាក់ឃីន (Rakhine) ផ្នែកខាងលិចនៃប្រទេស ជាឧក្រិដ្ឋកម្មមួយ ប្រឆាំងនឹងមនុស្សជាតិ។ អង្គការដដែលបានរិះគន់រដ្ឋាភិបាលភូមា នៃប្រធានាធិបតីលោក ថេន សេន (Thein Sein) ថាមិនបានដាក់ទណ្ឌកម្ម ទៅលើជនដៃដល់ទាំងឡាយ ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនានោះទេ។
ប្រសិនជាមើលពីខាងក្រៅ ថាយោធាបានចូលអន្តរាគមន៍ ដើម្បីការពារសាសនិកអ៊ីស្លាមទាំងនោះក៏ដោយ តែធាតុពិតនិងជារឿយៗ គឺកងទ័ពខ្លួនឯង ដែលបានបង្កឱកាស ឲ្យអំពើហឹង្សាទាំងនេះកើតឡើង ឬក៏បានចូលរួមធ្វើដោយផ្ទាល់ ក្នុងសកម្មភាពហឹង្សានោះតែម្ដង។
សេចក្ដីថ្លែងការណ៍នេះរបស់អង្គការសិទ្ធិមនុស្ស បានធ្លាក់ចុះមក ចំពេលដែលសហគមន៍អ៊ឺរ៉ុប កំពុងត្រៀមលប់ចោល នូវទណ្ឌកម្មទាំងឡាយប្រឆាំងប្រទេសភូមា លើកលែងតែការហាមឃាត់លក់អាវុធឲ្យប្រទេសនេះមួយប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្ត នៃការធ្វើកំណែទម្រង់កន្លងមករបស់ភូមា ឈានទៅរកលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា អំពើហឹង្សាផ្សេងទៀតក៏បានកើតឡើងដែរ កាលពីខែកន្លងទៅ រវាងអ្នកកាន់សាសនាអ៊ីស្លាម និងព្រះពុទ្ធ នៅខេត្តម៉ែទីឡា (Meikhtila)។ កាលពីថ្ងៃច័ន្ទដដែលនេះ ទូរទស្សន៍ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស បានផ្សាយរូបភាពជាសាក្សី និងភស្ដុតាងជាច្រើន ដែលបានបញ្ជាក់ពីភាពមិនបានខ្វាយខ្វល់ នៃកងកម្លាំងនគរបាលនៅក្នុងពេលនោះ៕
សូមទស្សនាវីដេអូ ដែលទាក់ទងនឹងព័ត៌មាននេះ ដូចខាងក្រោយ៖
------------------------------------------------------
ដោយ កេសរកូល - ប៉ារីស ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ