តើវៀតណាមនឹងខាតបង់ច្រើនឬ បើពលរដ្ឋខ្មែរឈប់ប្រើទំនិញខ្លួន?
ក្នុងពេលធ្វើបាតុកម្មប្រឆាំងវៀតណាមថ្មីៗនេះ ក្រុមអ្នកតវ៉ាបានអំពាវនាវ និងចែកខិតប័ណ្ណដល់ប្រជាពលរដ្ឋ ដើម្បីស្នើសុំឱ្យឈប់ប្រើទំនិញ និងសេវាកម្មនានារបស់វៀតណាម ដើម្បីដាក់សម្ពាធ ឱ្យអតីតមន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា សុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ក្នុងរឿងបំភ្លៃប្រវត្តិសាស្រ្តកម្ពុជា។ ការស្នើសុំឲ្យឈប់ប្រើទំនិញ និងសេវាកម្មនានារបស់វៀតណាមនេះ បានបង្កជាមន្ទិល សម្រាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយពួកគេបានចោទសួរទៅវិញថា តើអាចទៅរួចឬទេ?
ប្រតិកម្មពីពលរដ្ឋខ្មែរមួយចំនួន បានលើកឡើងថា បញ្ឈប់ប្រើប្រាស់ទំនិញវៀតណាម ជាករណីមិនអាចទៅរួចឡើយ។ លោក យស់ កាតង់ (Yos Katank) បានសរសេរនៅលើជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «វាជាការលំបាកណាស់ សម្រាប់ខ្មែរក្នុងការបដិសេធមិនប្រើប្រាស់ ឬទិញទំនិញបរទេស [...]