យាយពេញចូលសណ្ឋិតរូបបាតុករ ទារសំណែនផ្លែឈើ និងភ្លេង (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 09, 2014
- ប្រធានបទ: អរូបិយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសមិនស្គាល់ឈ្មោះមា្នក់ ក្នុងវ័យជាងសាមសិបឆ្នាំ ស្រាប់តែបានដួល និងបានងើបមកវិញភ្លាម រួចប្រកាសថា ខ្លួនគាត់ត្រូវរូបលោកយាយពេញចូលសណ្ឋិត។ ការចូលរូបនេះ បានកើតឡើង នៅក្រោយពីការធ្វើសម្មាធិស្មឹងស្មាតរយៈពេលខ្លីមួយ ដើម្បីទាមទារនូវភាពយុត្តិធម៌ ពីការប្រមាថរបស់មន្ត្រីស្ថានទូតវៀតណាម ក្នុងរឿងទឹកដីខ្មែរកម្ពុជាក្រោម។
ជាមួយនឹងសម្លេងខ្សាវៗ ទាំងបិទភ្នែក ជាមួយនឹងមាត់ហាក់ដូចជាកំពុងទំពារស្លា បុរសបាននិយាយឡើងថា៖ «កូនចៅមកទីនេះជាច្រើនដងហើយ តែមិនដែលបានសែនអ្វីដល់យើងទេ។ យើងត្រូវការផ្លែឈើប្រាំពីរមុខ និងលេងភ្លេងពិណពាធ្យបីបទ។ កូនចៅ នឹងអាចសម្រេចអ្វី តាមក្តីប្រាថ្នាហើយ។»
ក្រោយនិយាយចប់ត្រឹមនេះ បុរសរូបនោះក៏បានដួលសន្លប់ទៅវិញ តែអ្នកនៅជុំវិញនោះបានបក់ខ្យល់ ដើម្បីធ្វើឲ្យបុរសរូបនោះ បានដឹងខ្លួនក្នុងពេលបន្ទាប់មក។ ព្រះតេជគុណមួយអង្គ ដែលមានវត្តមាននៅទីនោះ បានបញ្ជាក់ទៅអ្នកចូលរួមថា កុំឲ្យមានការភិតភ័យ វាជារឿងធម្មតាទេ សម្រាប់ទំនៀមទំលាប់របស់ខ្មែរ។ ព្រះអង្គមានសង្ឃដីកាដូច្នេះថា៖ «នេះជាការធ្វើវិប្បសនា ដោយយើងទប់អារម្មណ៍មិនល្អ (វា)អាចទៅជាអញ្ចឹង។ បន្តិចទៀតបាត់វិញហើយ ព្រោះព្រះតែងតែថែរក្សាមនុស្សគ្រប់រូប។»
ស្រ្តីម្នាក់នៅជិតខាង ដែលបានស្តាប់សំដីបុរសចូលរូបនោះ បានបញ្ជាក់ឡើងវិញច្បាស់ៗថា៖ «លោកយាយពេញទាមទាថា ពេលធ្វើពិធីប៉ុន្មានដងហើយ តែមិនបានឧទ្ធិសទៅដល់គាត់(យាយពេញ)ឡើយ។ ដូច្នេះចាប់ពីពេលនេះតទៅ បើចង់ធ្វើពិធីអ្វី ត្រូវតែឧទិ្ទសទៅគាត់គ្រប់ពេល នោះរាល់ការទាមទា ឬស្នើសុំអ្វីនឹងបានសម្រេចតាមក្តីប្រាថ្នា។»
ដោយជាជំនឿតាមទំនៀមទំលាប់ផង អ្នករៀបចំកម្មវិធីបានបង្គាប់ ឲ្យមានការរៀបចំផ្លែឈើប្រាំពីមុខ និងលេងភ្លេងពិណពាធ្យចំនួនបីបទ ទៅតាមអ្វីដែលរូបលោកយាយពេញ បានបង្គាប់បញ្ជា។ រីឯក្រុមបាតុករទាំងអស់ ក៏បានបន្តការទាមទារបស់ខ្លួនប្រកបដោយសុខសន្តិភាព និងភាពសុខសប្បាយតទៅហោង៕