
ចម្លាក់ចម្លងរបស់អង្គរ តាំងក្នុងសារមន្ទីរសិល្បៈអាស៊ីនៅប៉ារីស
ប្រវត្តិនៃផ្ទាំងចម្លាក់ទាំងនេះ បាននាំមកជាមួយនូវភាពអស្ចារ្យរបស់វា គួរឲ្យកោតស្ងប់ស្ងែង។ វាបានចាប់ផ្ដើម ពីបេសកជនបារាំងម្នាក់ឈ្មោះ ល្វី ឌឺឡាប៉ូត៍ (Louis Delaporte) ដែលបានបំពេញបេសកម្មរបស់ខ្លួន នៅតាមបណ្ដោយទន្លេងមេគង្គ រវាងពីឆ្នាំ១៨៦៦មកឆ្នាំ១៨៦៨ ហើយបានត្រឡប់មករុករកបន្តទៀត នូវមហារមនីយដ្ឋានអង្គរកប់បាត់កណ្ដាលព្រៃជ្រៅដ៏ក្រាស់ឃ្មឹក ហើយដែលនៅថ្ងៃនេះ រមនីយដ្ឋានដ៏វិសេសវិសាល បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ របស់ពិភពលោក។
នៅឆ្នាំ១៨៧៣ បេសកជនបារាំងបានត្រឡប់ទៅទីនោះម្ដងទៀត ដើម្បីដើរផ្ដិតចម្លង យកនូវក្បាច់ចម្លាក់ដ៏ល្អៗទាំងឡាយ នៅផ្នែកខាងមុខ ឬតាមជញ្ជាំងនានា នៃមហាប្រាសាទខ្មែរ។ ប៉ុន្តែអ្នកធ្វើដំណើរផ្សងព្រេង នៃប្រវត្តិសាស្ត្រកម្ពុជារូបនេះ មិនអាចរកបានសារមន្ទីរណាមួយឡើយ ក្នុងប្រទេសបារាំង ដើម្បីទទួលយកទៅតាំងបង្ហាញ នូវស្នាដៃគូសចម្លងរបស់គាត់។ យ៉ាងណា នៅប៉ុន្មានឆ្នាំក្រោយមក លោក ល្វី ឌឺឡាប៉ូត៍ [...]