ជៀសម៉ូតូទៅបុកជញ្ជាំងចែកផ្លូវ ខ្ទេចរថយន្ដ៖ «ខុសបច្ចេកទេស»?
នៅម៉ោងប្រមាណជា៧និង៣០នាទីយប់ កាលពីថ្ងៃទី០៣ខែធ្នូនេះ មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង នៅខាងកើតស្ពានស្ទឹងមានជ័យ ប្រមាណជា១០០ម៉ែត្រ ដោយរថយន្ត តូយូតាកូរ៉ូឡា មួយគ្រឿង បានរត់ទៅបុកជញ្ជាំងចែកផ្លូវ។ រថយន្ដពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2J-6021 នេះ បើកបរដោយអ្នកស្រី ជៀប នី រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយកូនស្រីរបស់អ្នកស្រីពីរនាក់។ ករណីគ្រោះថ្នាក់នេះ មិនបានបង្កឲ្យមានមនុស្សស្លាប់ ឬរបួសទេ ប៉ុន្តែរថយន្តបានរងការខូចខាតទាំងស្រុងផ្នែកខាងមុខ។
អ្នកស្រី ជៀប នី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់បានបើកបរពីលិចទៅកើត មកដល់ចំណុចកើតហេតុបានឃើញម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងល្បឿនយ៉ាងលឿន មកចំពីមុខឡានអ្នកស្រី [...]