មេឃុំវើនសៃ រងការចោទថា ហៅពលរដ្ឋទៅថតរូបបោះឆ្នោត
ប៉ុន្មានថ្ងៃមុននេះ និងបន្តមករហូតដល់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបួនភូមិ ក្នុងចំណោមប្រាំមួយភូមិ ដែលនៅក្បែរ(ជិត) បាននាំគ្នា ទៅសាលាឃុំ តាមការកោះហៅ របស់មេឃុំ និងមេភូមិ ដើម្បីថតរូប។ តែពួកគាត់មួយចំនួន ត្រូវបានទទួលឲ្យថតរូប និងមួយចំនួនទៀត ត្រូវបានបដិសេធមិនឲ្យថត ក្រោមមូលហេតុថា ថតឲ្យតែអ្នកជាសមាជិក គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ ឯអ្នកមកពីគណបក្សផ្សេង ពិសេសមកពី គណបក្សសង្គ្រោះជាតិ មិនអនុញ្ញាតឲ្យថតឡើយ។
ប្រជាពលរដ្ឋម្នាក់ មកពីភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគីរី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះថា ចំពោះព័ត៌មាន ដែលមេឃុំហៅទៅថតរូបនោះ លោកមិនបានទទួលព័ត៌មានច្បាស់ការ ថាទៅថតរូបដើម្បីអ្វីទេ។ លោក ប៉ង ថង បានបន្ថែមថា តែប្រជាពលរដ្ឋ ដែលបានទទួលដំណឹងតៗគ្នា បានប្រាប់ថា លោកមេឃុំ បានប្រាប់លោកមេភូមិមួយៗថា ឲ្យប្រជាពលរដ្ឋទៅថតរូប [...]