បាយជាមួយគ្នាលើតុ តែធាក់គ្នាក្រោមតុ រឿងព្រំដែន?
តើមេដឹកនាំធំៗទាំងពីរ ដែលមិនត្រូវគ្នានេះ ចេះតែយកឈ្នះរៀងៗខ្លួន ឬយ៉ាងណា? តើផែនទីដែលត្រូវបានរដ្ឋាភិបាល យកមកប្រើប្រាស់ នាពេលកន្លងមក ក្នុងការយកមកកំណត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង មានការទទួលស្គាល់ ពីអន្តរជាតិឬទេ? សម្រាប់ប្រជាពលរដ្ឋ ដែលជាសាក្សី«រស់» ស្ថិតនៅតាមព្រំដែនជាច្រើន សុទ្ធតែបានអះអាងថា ដីស្រែចំការ កេរិ៍្តដូនតារបស់ខ្លួន ត្រូវបានប្រទេសជិតខាង ឈ្លានពានយកជាបន្តបន្ទាប់ រាប់សិបឆ្នាំមកហើយ មិនដែលមានអាជ្ញាធរកម្ពុជាណា អើពើឬដោះស្រាយនោះទេ។
តើមន្ត្រីអាជ្ញាធរថ្នាក់ក្រោម អាចធ្វើអ្វីបាន បើសូម្បីមន្ត្រីជាន់ខ្ពស់ ក៏មានការស្រពិចស្រពិល ក្នុងបញ្ហាព្រំដែន ដែរនោះ? ដូចយ៉ាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជាដើម សុទ្ធតែធ្លាប់បានទទួលស្គាល់ ពីភាពមិនច្បាស់លាស់នៃព្រំដែន។ លោក ស ខេង បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពការងារ កំណត់ព្រំដែន ជាមួយប្រទេសវៀតណាម [...]