ប្រពន្ធនិងកូនយួន៖ សម រង្ស៊ី ចូលរួមឈឺចាប់ជាមួយ ហ៊ុន សែន
បើនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយករឿងជីវិតឯកជនរបស់លោក ប្រាប់ទៅបណ្ដាមេដឹកនាំបរទេស ឲ្យជួយឈឺចាប់ជាមួយលោក កាលពីថ្ងៃម្សិលម៉ិញនោះ នៅថ្ងៃនេះ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួននោះ បានចេញលិខិតមួយច្បាប់ សម្ដែងការសោកស្ដាយ និងចូលរួមការឈឺចាប់ ក្នុងករណីនេះ ជាមួយលោកនាយករដ្ឋមន្រ្តី។ មិនត្រឹមតែប៉ុណ្ណឹង ប្រធានគណបក្សសង្គ្រោះជាតិ ថែមទាំងបានប្រកាសថ្កោលទោស ចំពោះជនណា ដែលប្រឌិតរឿងចោទប្រកាន់ ទៅលើរឿងរ៉ាវឯកជន នៃក្រុមគ្រួសាររបស់លោក ហ៊ុន សែន នោះទៀតផង។
លោក សម រង្ស៊ី បានសរសេរនៅក្នុងលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោកផ្ទាល់ នៅថ្ងៃអង្គារនេះដដែល ផ្ញើរទៅលោក ហ៊ុន សែន ដោយមានសរសេរថា៖ «ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងក្នុងនាមខ្ញុំ (លោក សម រង្ស៊ី) ផ្ទាល់ យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ [...]



