ការសិក្សាមួយបង្ហាញថា មើលភាពយន្ដ«លោតហក់»ច្រើន ធ្វើឲ្យ«ធាត់»
ដំណឹងមិនសូវជាល្អប៉ុន្មានទេ សម្រាប់ក្រុមអ្នកចូលចិត្តទស្សនាភាពយន្ដ កាប់ចាក់ ឬហក់លោត គួរឲ្យស្រៀវស្ញើបហើបគូថពីកៅអី។ នោះគឺដោយសារតែ ទស្សនិកជនដែលនិយម ទស្សនាភាពយន្ដលោតហក់ ចូលចិត្តយកគ្រឿងកំប៉ិចកំប៉ុក មក«ញ៉ាំលេង» ច្រើនជាងទស្សនិកជន ដែលនិយមប្រភេទភាពយន្ដដទៃទៀត។ នេះជាអ្វីដែល អ្នកស្រាវជ្រាវអាមេរិកាំងមួយក្រុម បានរកឃើញ ហើយបានយកមកចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រវេជ្ជសាស្ត្រ JAMA Internal Medicine កាលពីប៉ុន្មានថ្ងៃមុន។
នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋចំនួនជិតពាក់កណ្ដាល រងគ្រោះនឹងភាពធាត់ចុកខ្លាញ់ ឬមានទំងន់ខុសខ្នាតនោះ ក្រុមអ្នកស្រាវជ្រាវបានដាក់សំនួរថា តើវាជាការពិតឬទេ ដែលប្រភេទនៃកម្មវិធីមួយ បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ឬនៅលើផ្ទាំងសំពត់សរ មានឥទ្ធិពលទៅលើបែបផែន នៃការទទួលទានអាហារប្រចាំថ្ងៃ? នៅលើព្រឹត្តិប័ត្រនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញចម្លើយ ដោយបានសរសេរថា៖ «យើងដឹងថា ទូរទស្សន៍ ឬរោងភាពយន្ដ [...]