ខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រលានយន្ដហោះ «Fort Lauderdale» អាចទទួលទោសប្រហារជីវិត
បុរសខ្មាន់កាំភ្លើង អាយុ២៦ថឆ្នាំ ឈ្មោះ «Esteban Santiago» ត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន៣ ទាក់ទងនឹងការបាញ់សម្លាប់មនុស្ស៥នាក់ និងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រលានយន្ដហោះអន្តរជាតិ «Fort Lauderdale» នៅរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ បទចោទទាំងបីនោះ ដែលមាន (១) បង្ករបួសស្នាមធ្ងន់ធ្ងរ ទៅលើមនុស្សម្នាក់ នៅក្នុងព្រលានយន្ដហោះអន្តរជាតិ (២)ប្រើប្រាស់អាវុធ ដើម្បីប្រព្រឹត្តិឧក្រិដ្ឋកម្មហឹង្សា និង(៣)ធ្វើមនុស្សឃាត ដោយប្រើអាវុធ សុទ្ធតែមានស្ថានទំងន់ទោសធ្ងន់ធ្ងរ ដែលធ្វើឲ្យបុរសរូបនេះ អាចរងការផ្តន្ទាទោស រហូតដល់ការប្រហារជីវិត។
នៅចំពោះការស៊ើបសួរ របស់អ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងរូបនេះ បានអះអាងពីគម្រោងការរបស់ខ្លួន ក្នុងការបាញ់ប្រហារ កាលពីថ្ងៃសុក្រ។ ជនសង្ស័យបានទិញសំបុត្រយន្ដហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ «Delta Air Lines» [...]