វង្ស ណយ ដើរចេញពីសង្វៀនប្រដាល់ ដោយមិនងាកក្រោយ
ក្រោយពីបានសងសឹក លើកីឡាករ ឡៅ ស៊ីណាត បានសម្រេច និងក្លាយជាម្ចាស់ពានកិត្តិយស របស់ក្រុមហ៊ុនគូប៊ូតា កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ភ្លាម កីឡាករជើងខ្លាំង វង្ស ណយ បានប្រកាសលាឈប់ពីអាជីពប្រដាល់តែម្ដង ដោយគ្មានការកែប្រែ។ ការប្រកាសលាឈប់នេះ ត្រូវបានកីឡាករប្រដាល់ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជារូបនេះ ប្រាប់ឱ្យដឹងថា ដោយសារតែលោកមានភាពនឿយណាយ និងធុញទ្រាន់ជាមួយកីឡាប្រដាល់នេះ។
កីឡាករ វង្ស ណយ បានបញ្ជាក់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឱ្យដឹងបន្ត នៅថ្ងៃទី១៨ ខែសីហានេះថា៖ «ដោយសារតែខ្ញុំ គឺជាកីឡាករដ៏ល្បីម្នាក់ ប៉ុន្តែជីវភាពរស់នៅរបស់ខ្ញុំ គឺរស់នៅខ្វះខាត មុខក្រោយៗ»។ លោកបន្តថា ការដែលលោកលាឈប់ភ្លាមដូច្នេះ លោកក៏មានការសោកស្តាយណាស់ដែរ ប៉ុន្តែកីឡាករជើងខ្លាំងវ័យ២៨ឆ្នាំរូបនេះអះអាងថា ការលាឈប់របស់លោកក្នុងពេលនេះគឺជាការល្អបំផុត [...]