ម៉ម សូណង់ដូ៖ «ពូអត់ដេញទេ គឺគេចេញ»
លោក ម៉ម សូណង់ដូ លោកប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការបកស្រាយ ទៅនឹងការធ្វើបាតុកម្ម នៃអតីតកម្មករ និងបុគ្គលិករបស់លោកថា លោកមិនបានដេញ ពួកគេចេញពីការងារទេ តែផ្ទុយទៅវិញ គឺពួកគេទេ ដែលបានឈប់ពីការងារ ដោយមិនបានជូនដំណឹង មកលោកជាមុននោះ។
ប្រតិកម្ម របស់លោកនាយកវិទ្យុសំបុកឃ្មុំ បានធ្វើឡើងក្នុងថ្ងៃទី១០ ម្សិលម៉ិញ បន្ទាប់ពីអតីតកម្មករ និងបុគ្គលិករបស់ក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី មួយចំនួន បានមកជួបជុំគ្នា កាលពីថ្ងៃដដែលនេះ នៅមុខវិទ្យុសំបុកឃ្មុំ ដើម្បីធ្វើបាតុកម្ម និងដើម្បីដាក់សេចក្តីជូនដំណឹង ពាក់ព័ន្ធការធ្វើកូដកម្មរបស់ខ្លួន ប្រឆាំងការបញ្ឈប់បុគ្គលិក ពីក្រុមហ៊ុននេះ។ នៅក្នុងលិខិតជូនដំណឹង ដែលបានចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ (លិខិតដំបូងចុះថ្ងៃទី២៧ ខែមិថុនា និងបានសុំកែវិញ ដាក់ថា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥) មានសរសេរសម្តែងការខកចិត្ត មិនអាចទទួលយកបាន នូវការបញ្ឈប់ កម្មករ និយោជិក ដែលចូលរួមជាមួយសហជីព។
[...]