ពលកម្មកុមារនៅកម្ពុជា៖ តួលេខពីរ ដែលផ្ទុយគ្នាស្រឡះ
«កន្លងមក យើងរកឃើញករណីនេះ តិចតួចទេ អាចរាប់នឹងម្រាបដៃបាន អាចថាបួន ដប់ករណីប៉ុណ្ណឹង។ តែករណីនេះ មិនមែនជាចេតនា នៃអ្នកប្រើប្រាស់ពលកម្មកុមារទេ ព្រោះតែការរៀបចំអត្តសញ្ញាណ ឬការប្តូរឈ្មោះគ្នា រវាងកម្មករ ដោយសារតែគាត់ ចង់បានការងារ។» នេះជាការថ្លែងអះអាង របស់រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង ទាក់ទងនឹងតួលេខ នៃចំនួនពលកម្មកុមារ ដែលបានផ្ទុយទៅនឹងការលើកឡើង របស់សហជីព ឬអង្គការអន្តរជាតិមួយចំនួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ«កម្ពុជាដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក អ៊ិត សំហេង បានថ្លែងឲ្យដឹងទៀតថា ក្រសួងបានជួយរំដោះ កុមាររាប់«ម៉ឺន»នាក់ចេញពី ការកេងប្រវ័ញ្ចពលកម្មកុមារ លើវិស័យមួយចំនួនដូចជា កសិកម្ម នេសាទ និងស្រែអំបិលជាដើម។ ឯក្នុងវិស័យរោងចក្រ [...]