ហ៊ុន សែន៖ ខ្ញុំគ្មាន... អា«ពូជឡប់»នេះទេ
នៅក្នុងការថ្លែងជាងមួយម៉ោង នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីតភ្ជាប់ស្ពានកោះធំ ខេត្តកណ្តាល នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មិនបានភ្លេចឡើយ ពីការលើកឡើងបន្តិច ទាក់ទងនឹងពូជអម្បូររបស់លោក ដែលលោកអះអាងថា មិនមែនជា«ពូជឡប់»។
ហើយបើគេធៀប ទៅនឹងព្រឹត្តិការណ៍កើតឡើងថ្មីៗបង្អស់ លោក ហ៊ុន សែន ទំនងជាចង់ឆ្លើយតប ទៅនឹងការថ្លែងរបស់លោក ប្រ៊េដ អាដាម (Braid Adams) នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (ហៅជាភាសាអង់គ្លេស «Human Rights Watch») ដែលបានគិតថា លោក ហ៊ុន សែន មាន«សតិមិននឹងន»។
លោក ហ៊ុន សែន បានយកឱកាសនេះ ថ្លែងពីពូជអម្បូរ«មិនឡប់»របស់លោក បន្ទាប់ពីលោកបានប្រតិកម្ម តបទៅនឹងការលើកឡើង របស់អ្នកប្រើប្រាស់បណ្ដាញសង្គម តាំងពីជាង២ឆ្នាំមុន ដែលនិយាយថា លោកនាយករដ្ឋមន្ត្រី បានដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យមួយ [...]