
ភេរវកម្មនៅ«នីស»៖ ប្រធានាធិបតីបារាំង«បន្ត»ដាក់ប្រទេស ក្នុងភាពអាសន្ន
នៅក្នុងបទអន្តរាគមន៍ ទាំងកណ្ដាលរាត្រី នៃយប់ថ្ងៃទី១៤ ចូលមកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ របស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានបញ្ជាក់បន្ថែមដែរថា វិធានការចាំបាច់ផ្សេងទៀង នឹងត្រូវបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចការស៊ើបអង្កេត និងស្រាវជ្រាវរបស់នគរបាល និងកងអាវុធហត្ថ។
នាយប់ថ្ងៃបុណ្យជាតិ ថ្ងៃ១៤កក្កដា នេះ ការវាយប្រហារមួយបានកើតឡើង នៅក្រុង នីស (Nice) ដែលស្ថិតនៅមាត់សមុទ្រ មេឌីទែរ៉ាណេ (Méditerranée) ភាគខាងត្បូងបារាំង បង្កឡើងដោយរថយន្ដដឹកទំនិញមួយគ្រឿង ដែលបើកដោយភេរវជនម្នាក់ បុកសំដៅហ្វូងមនុស្ស ដែលមានចំនួនច្រើនពាន់នាក់ នៅខណៈពេលដែលបណ្ដាជនទាំងនោះ កំពុងទស្សនាការបាញ់កាំជ្រួចជ្វាលា ដើម្បីអបអរថ្ងៃបុណ្យ នៅលើវិថីកំសាន្ដមួយ ដែលមានឈ្មោះ «Promenade des Anglais»។
លោក ហ្វ្រង់ស៊័រ ហូឡង់ បានបញ្ជាក់ថា នៅវេលានេះ មនុស្សចំនួនយ៉ាងហោច៧៧នាក់ បានស្លាប់ [...]