ភរិយា កែម ឡី បញ្ជាក់ជាថ្មី ថាគ្មានជំនឿលើតុលាការខ្មែរ
បើសូម្បីតែគិត «ថាចង់ប្ដឹង» ក៏អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី មិនដែលគិតដែរ។ ប្រតិកម្មរបស់ភរិយាមេម៉ាយ របស់លោក កែម ឡី ធ្វើឡើងជាថ្មីទៀត នៅចំពោះសំណុំរឿងឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ ទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កណ្ដាលរាជធានីភ្នំពេញ។ ក្នុងការបាញ់សម្លាប់ ដ៏កក្រើកខាងលើ មនុស្សតែម្នាក់គត់ ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ និងត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។
ប៉ុន្តែសម្រាប់តុលាការកម្ពុជា បានចាត់ទុកអ្នកស្រី ប៊ូ រចនា ថាជាដើមបណ្ដឹង រដ្ឋប្បវេណី រួចជាស្រេចហើយ រាប់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍។ នៅក្នុងដីកាកោះមួយ របស់លោក ហ៊ឹង ប៊ុនជាង ព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ បានកោះហៅភរិយាលោក កែម ឡី រូបនេះ ឲ្យចូលរួមសវនាការជំនុំជម្រះ លើករណីបណ្ដឹងឧទ្ធរណ៍ របស់ឈ្មោះ ជួប សម្លាប់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល [...]