«ពាក្យ“បាក់ធ្មេញ គល់ឫស្សី ឬ មឈូស” ជាភាសាសាមញ្ញ»
សង្គ្រាមពាក្យសំដី ដែលបានកើតឡើង ប្រតិកម្មទៅនឹងការប្រើប្រាស់ភាសា ដ៏«គ្រីតគ្រាត» របស់មេដឹកនាំខ្មែរជាច្រើននាក់ រាបតាំងពីមន្ត្រីរដ្ឋាភិបាល រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ត្រូវបានលោក ផៃ ស៊ីផាន ព្យាយាមជួយទប់ និងជួយបកស្រាយមកវិញថា វាគ្រាន់តែជាការប្រើប្រាស់«ភាសាសាមញ្ញ»ធម្មតាប៉ុណ្ណោះ។ មន្ត្រីអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានរំលឹកគេឯង ឲ្យយល់ថា៖ «ពាក្យទាំងអស់នេះ ប្រជាពលរដ្ឋខ្មែរប្រើ ក្នុងកិច្ចព្រមានរំលឹកប្រាប់ជាទូទៅ និងសាមញ្ញបំផុត (Slang Language)»។
សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគមួយចំនួនវិញ បានចាត់ទុកការពន្យល់របស់លោក ផៃ ស៊ីផាន ថាជាការមិនអាចទទួលយកបានទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានព្យាយាមបកស្រាយសំដីរបស់មេដឹកនាំខ្មែរ ដែលលើកឡើងដោយប្រើពាក្យ «វ៉ៃបាក់ធ្មេញ» «វាយក្បាលម៉ាគល់ឫស្សី» [...]