បាល់ទាត់ពិភពលោក៖ ជប៉ុនសងសឹកកូឡំប៊ី ដែលបំបាក់ខ្លួនក្នុងឆ្នាំ២០១៤
អាចចាត់ទុកថា នេះជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្រុមជម្រើសជាតិ ជប៉ុន បានបំបាក់ក្រុមបាល់ទាត់ មកពីប្រទេសមួយ ក្នុងទ្វីបអាមេរិកខាងត្បូង ដែលសុទ្ធសឹងជាប្រទេស ដែលសម្បូរដោយកីឡាករដ៏ចំណានៗ។ មិនត្រឹមតែជាក្រុមបាល់ទាត់ ដូចគេឯងនោះទេ តែក្រុមជម្រើសជាតិ កូឡំប៊ី ធ្លាប់ឡើងដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៤ និងបានជម្រុះក្រុម ជប៉ុន នៅពេលនោះ ដោយគ្រាប់បាល់ ៤ទល់នឹង១។
តែត្រូវនិយាយថា ជប៉ុន បានធ្វើការសងសឹកវិញ នៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំនេះ។ ការវាយលុកភ្លាមៗ របស់ក្រុមបាល់ទាត់ ជប៉ុន នៅប៉ុន្មាននាទីដំបូង បានពញ៉ាក់ខ្សែការពារ របស់ក្រុម កូឡំប៊ី ឲ្យប្រព្រឹត្តិកំហុស ដ៏ធំមួយ នោះគឺកីឡាករ «Carlos Sanchez» យកដៃទៅទះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ ខាងមុខទីរបស់ខ្លួន បណ្ដាលឲ្យអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញកីឡាករ «Carlos Sanchez» [...]