បាល់ទាត់ពិភពលោក៖ ប្រេស៊ីល ខកចិត្តព្រោះបាត់ពីរពិន្ទុជាមួយ ស្វីស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 18, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ក្រុមបាល់ទាត់ធំៗ នៅក្នុងពិភលោកយើងនេះ កុំថាដល់ទៅប្រកួតចាញ់ បើសូម្បីប្រកួតបានពិន្ទុស្មើ ក៏ត្រូវចាត់ទុកថា ជាលទ្ធផលដ៏គួរឲ្យខកចិត្តនោះដែរ។ ជាពិសេស នៅក្នុងវគ្គជម្រុះក្នុងពូល ដែលក្រុមនីមួយៗ មានឱកាសត្រឹមតែបីប្រកួតប៉ុណ្ណោះ។ ហើយក្រុមជម្រើសជាតិធំៗ ដែលបានខកខាន មិនអាចរកលទ្ធផលបានល្អប្រសើរ មកដល់ពេលនេះ គឺក្រុម អាហ្សង់ទីន ក្រុម អាល្លឺម៉ង់ និងចុងក្រោយ គឺក្រុមប្រេស៊ីល។
ប៉ុន្តែយ៉ាងហោចណាស់ នៅចំពោះគូប្រជែង ដែលស្មោះស្ម័គ្រក្នុងការការពារ មិនរាថយ ដូចជាក្រុមបាល់ទាត់ ស្វីស នេះ ក្រុមប្រេស៊ីល ដែលមានកំពូលកីឡាករជាច្រើន បានគ្រប់គ្រងសាច់បាល់ ហើយវាយលុក និងមានឱកាសរកគ្រាប់បាល់ បានជាច្រើនដង។ ជាមួយនឹងទេពកោសល្យផ្ទាល់ខ្លួន របស់កីឡាករនីមួយៗ ក្រុមប្រេស៊ីលអាចបញ្ជូនបាល់ឡើងទៅលើ ដោយប្រើពេលតែប៉ុន្មានវិនាទី និងបានពញ៉ាក់ក្រុម ស្វីស ឲ្យភ្ញាក់ខ្លួន នៅនាទីទី២០ ដោយសារគ្រាប់បាល់ ពីចំងាយរបស់កីឡាករ គូទីញ៉ូ (Coutinho)។
ប៉ុន្តែ ពីពេលនោះមក ក្រុមស្វីស បានរាយសំណាញ់រនាំងដេរដាស ពីមុខទីរបស់ខ្លួន ដែលពិបាកឲ្យខ្សែប្រយុទ្ធ របស់ក្រុម ប្រេស៊ីល ទម្លុះបាល់បានដោយងាយណាស់។ ជាពិសេសក្រុម ស្វីស ប្រើយុទ្ធវិធីចាប់កីឡាកគន្លឹះៗ របស់ក្រុមប្រេស៊ីល ដូចយ៉ាងកីឡាករ ណីម៉ា (Neymar) ជាដើម ដោយមិនឲ្យកីឡាកររូបនេះ អាចផ្លាស់ទីបានដោយស្រួល ជាមួយនឹងបាល់នោះឡើយ។ វិធីសាស្ត្រនេះ ថែមទាំងធ្វើឲ្យកីឡាករប្រេស៊ីលដ៏សំខាន់ៗទាំងនោះ ឆាប់អស់កម្លាំង ហើយលែងគ្រប់គ្រងបាល់ ប្រកបដោយប្រសិទ្ធិភាពទៀត។
មិនត្រឹមតែប៉ុណ្ណឹង នៅពេលត្រឡប់ចូល មកពាក់កណ្ដាលម៉ោងទីពីរវិញ ក្រុមស្វីសបានប្រើវិធីសាស្ត្រ វាយឆ្មក់ភ្លាមៗ និងរំខានខ្សែការពារប្រេស៊ីល ដោយរកបានគ្រាប់បាល់ស្មើមកវិញ នៅនាទីទី៥០ ដោយកីឡាករ «Zuber»។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប្រេស៊ីល និងក្រុម ស្វីស៖
លទ្ធផលស្មើ នៃការប្រកួតរវាងក្រុមទាំងពីរ បានផ្ដល់តែមួយពិន្ទុ ទៅឲ្យក្រុមទាំងនេះ ហើយបើកឱកាសឲ្យក្រុម ស៊ែរប៊ី នៅឈរនៅចំណាត់ថ្នាក់លេខមួយ ជាស្ថាពរ សម្រាប់ការប្រកួតជុំដំបូង នៃវគ្គជម្រុះក្នុងពូល E។ ក្រុម ស៊ែរប៊ី ដែលបានយកឈ្នះ (១-០) លើក្រុម កូស្តារីកា កាលពីរសៀលមុននេះ។ តែក្រុម ស៊ែរប៊ី មិនត្រូវអរខ្លាំងពេក នឹងចំណាត់ថ្នាក់ នៅត្រឹមជុំទីមួយនេះទេ ព្រោះការប្រកួតវគ្គជម្រុះនេះ នៅសល់ពីរជុំទៀត ដើម្បីអាចបានឡើងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ៕