ធ្លាក់យន្ដហោះប៊ូអីង នៅភាគខាងត្បូងរ៉ូស្ស៊ី ស្លាប់៦២នាក់
«ក្រុមហ៊ុន "flydubai" សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ដោយអះអាងថា យន្ដហោះដែលភ្ជាប់ ជើងហោះហើរលេខ "FZ981" បានធ្លាក់បោកខ្លួន នៅពេលដែលយន្ដហោះនេះ ត្រៀមចុះចត និងពីតុល្យភាព នៃជនរងគ្រោះដល់ជីវិត នៅក្នុងគ្រោះថ្នាក់ដ៏អាណោចអាធមនេះ» នេះជាការថ្លែងឲ្យដឹង របស់ក្រុមហ៊ុនអាកាសចរណ៍ «flydubai» នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយភ្លាមៗ នាព្រឹកថ្ងៃសៅរ៍នេះ។
សម្រាប់គណៈកម្មការស៊ើបអង្កេត របស់ប្រទេសរ៉ូស្ស៊ីវិញ បានថ្លែងឲ្យដឹងដែរថា គ្រោះធ្លាក់យន្ដហោះ បានសម្លាប់មនុស្ស៦២នាក់ ក្នុងនោះ៥៥នាក់ជាអ្នកដំណើរ និង៧នាក់ ជាអ្នកបម្រើការនៅក្នុងយន្ដហោះ (រួមទាំងអ្នកបើកយន្ដហោះ ពីរនាក់ផង)។ តួលេខនេះ ខុសគ្នាបន្តិចពីការផ្សាយ របស់ក្រសួងស្ថានការណ៍បន្ទាន់ របស់ប្រទេសរ៉ូស្ស៊ី ដែលបានបញ្ជាក់នៅពេលមុនគ្នាបន្តិចថា មានមនុស្សស្លាប់៦១នាក់ ដោយបានរាប់សមាជិកបម្រើការ នៅក្នុងយន្ដហោះ មានចំនួនត្រឹមតែ៦នាក់ប៉ុណ្ណោះ។
[...]