ដេវីដ បេកខាំ ជួយកុមារកម្ពុជាតាម UNICEF៖ ភាពក្ដុកក្ដួល
អង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ និងជាអតីតកីឡាករបាល់ទាត់ដ៏ល្បី ដេវិដ បេកខាំ (David Beckham) បានសម្រេចបូជា កម្លាំងកាយចិត្តរបស់ខ្លួន នៅគម្រោងថ្មីមួយ ក្នុងកិច្ចការពារកុមារ នៅក្នុងពិភពលោក។ គម្រោងមួយដែលអតីតកីឡាករ បានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ មានឈ្មោះថា «7»។ គម្រោងនេះ បេកខាំ បានកិច្ចសហការ រួមជាមួយនឹងអង្គការយូណេសេហ្វ (UNICEF) ដែលជាស្ថាប័នមួយ ជំនាញក្នុងកិច្ចគាំពារ«កុមារ» របស់អង្គការសហប្រជាជាតិ។
«ប្រាំពីរ» ព្រោះជាលេខអាវ របស់កីឡាករ ដេវិដ បេកខាំ នៅពេលកីឡាករបានទាត់ឲ្យក្រុមបាល់ទាត់ មេនឆេស្ទ័រ យូណាយធីត (Manchester United) របស់អង់គ្លេស។ តែ«ប្រាំពីរ» ក៏នឹងក្លាយជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យកុមាររាប់លាននាក់ នៅទីកន្លែងណាក៏ដោយ ដែលកីឡាកររូបនេះ មានបំណងចង់ជួយ។