«អង្គរ»ជាប់លេខ៣ ជាប្រាសាទដែលអ្នកទេសចរណ៍ស្រឡាញ់ជាងគេ សម្រាប់ឆ្នាំ២០១៦
តើមហាសំណង់បេតិកភ័ណ្ឌបូរាណណាខ្លះ ដែលអ្នកទេសចរណ៍មកពីគ្រប់ទិសទីក្នុងពិភពលោក ចង់ទៅធ្វើដំណើរកំសាន្ដ និងទស្សនានោះ? ដូចជារៀងរាល់ឆ្នាំ គេហទំព័រដ៏ធំមួយ ដែលមានបណ្ដាញនៅគ្រប់ទិសទី ជំនាញខាងការរៀបចំដំណើរទេសចរណ៍ (កក់សណ្ឋាគារ ជួលរថយន្ដ ទិញសំបុត្រយន្ដហោះ ...) មានឈ្មោះថា ទ្រីពេវ៉ាយស៊័រ (TripAdvisor) បានផ្ដល់ឱកាសទៅឲ្យអ្នកទេសចរណ៍ទាំងអស់នោះ ដើម្បីដាក់ពិន្ទុនិងយោបល់ ថាតើមហាសំណង់បេតិភ័ណ្ឌណាមួយ ដែលពួកគេចង់ទៅទស្សនា និងឲ្យយោបល់ទៅអ្នកផ្សេងថា គួរតែទៅទស្សនាកុំបីខាន។
ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាការបោះឆ្នោតជាសាធារណៈទេ តែជាការច្របាច់បញ្ចូលគ្នា ទៅលើការឲ្យយោបល់ពីសំណាក់អ្នកទេសចរណ៍ និងពីគុណភាពសេវាកម្មទេសចរណ៍ នៅក្នុងតំបន់នីមួយៗ ក៏ដូចជាការវាយតម្លៃ សម្រាប់រយៈពេល១២ខែ ទៅតាមមហាសំណង់បេតិកភ័ណ្ឌនានា នៅក្នុងពិភពលោក។ បានសេចក្ដីថា មិនមែនប្រទេសណា ដែលមានប្រជាជនច្រើន [...]