សួន សេរីរដ្ឋា៖ ថវិកាសង់មហាវិថី«សម្ដេចតេជោ» ពុករលួយលើគោក
«វាជាអំពើពុករលួយលើគោក» ជាប្រយោគមួយឃ្លា ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានឧទានឡើងនៅមុននេះបន្តិច បន្ទាប់ពីលោកបានអានអត្ថបទមួយ របស់សារព័ត៌មានក្នុងស្រុក ដែលដាក់ចំណងជើងថា «ផ្លូវ៦០ម៉ែត្រ តម្លៃ ៧៦លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់»។ ផ្លូវនោះ មានឈ្មោះ «មហាវិថីសម្ដេចតេជោ ហ៊ុន សែន» មានទទឹង៦០ម៉ែត្រ និងបណ្ដោយ៩១៦០ម៉ែត្រ តភ្ជាប់ពីផ្លូវ២៧១ (ត្រង់ច្រមុះជ្រូកក្បាលថ្នល់) ទៅកាន់ផ្លូវជាតិលេខ២ (ត្រង់ចំណុចព្រែកកំពឹស) ដោយកាត់តាមតំបន់អភិវឌ្ឍន៍ ទីក្រុងរណប របស់ក្រុមហ៊ុន «ING Holding»។
អត្ថបទ ទាក់ទងនឹងការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវមហាវិថីនេះជាផ្លូវការ ត្រូវបានចេញផ្សាយ តាំងពីថ្ងៃទី៣ ខែមេសាកន្លងមក តែលោក សួន សេរីរដ្ឋា បានសំដែងការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែមេសានេះ ដោយទំនងជាទើបនឹងបានគណនា ទឹកប្រាក់ជាមធ្យម ដែលត្រូវបានយកមកចំណាយ ក្នុងការធ្វើផ្លូវនេះ [...]