ដំរីជំទង់មួយក្បាល រំដោះខ្លួនពីសត្វតោ ១៤ក្បាល
ដំរីនេះ គ្មានស្នែងសម្រាប់វ័ធទេ ហើយភ្លុករបស់វាក៏នៅខ្លីៗ មិនអាចនឹងយកមកការពារខ្លួនបានដែរ។ ប៉ុន្តែដោយសារវាមានមាឌធំ ជា«ដំរីសារ» រួមផ្សំនឹងភាពវាងវៃរបស់វាផង ទើបអាចគេចផុតពីគ្រោះអាសន្នដល់ជីវិត ដែលកើតមកពីការឡោមព័ទ្ធរបស់ក្រុមតោ ប្រមាណជា១៤ក្បាល។
នៅក្នុងវីដេអូ ដែលដាក់បង្ហោះដោយ សារព័ត៌មានអាមេរិក New York Post កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានបង្ហាញឲ្យឃើញ ពីដំរីមួយក្បាល បានធ្លាក់ខ្លួនទៅក្នុងការយាយីសម្លាប់ធ្វើជាចំណី របស់តោ១៤ក្បាល នៅក្នុងឧទ្យានសត្វព្រៃដ៏ធំ នៃប្រទេសហ្សំប៊ី ឈ្មោះហៅថា Norman Carr Safaris Chinzombo Camp។ តែបើទោះជាខ្លួន បានក្លាយជាទិសដៅ នៃអាហារពេលរបស់ក្រុមតោក៏ដោយ តែដំរីជំទង់នៅតែព្យាយាមការពារខ្លួន និងមិនអោនក្បាល ឲ្យសត្វតោទាំងនេះសម្លាប់ខ្លួនជាដាច់ខាត។
[...]