សម រង្ស៊ី៖ «បង្ហាញរូបថតខ្ញុំកាលបួសជាសង្ឃ តើមានទោសឬទេ?»
នៅចំពោះច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានសម្រេចអនុម័ត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាជិកភាគច្រើន ជាមន្ត្រីមាននិន្នាការស្និត នឹងគណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី ដែលគេគិតថា កំពុងរងសម្ពាធ ពីច្បាប់ថ្មីនេះ បានបន្តបង្ហោះរូបថតរបស់លោក ម្ដងហើយម្ដងទៀត ដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ ជាមួយនឹងសំនួរថា បើបង្ហាញរូបថតបែបនេះ ឬបែបនោះ តើអ្នកបង្ហាញ«មានទោសឬទេ?»។
នៅមុននេះបន្តិច មេដឹកនាំប្រឆាំងរូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នូវរូបថតប៉ុន្មានសន្លឹក កាលពីពេលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសរសេរអម មានសេចក្ដីដើមទាំងស្រុងថា៖ «តាមច្បាប់ [ដែល]គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាព្រះសង្ឃ តើមានទោសឬទេ?»។