ថៃ៖ បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រជា​មតិ​​ទទួល​​យក​​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូង​ចម្រាស

លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតប្រជាមតិ នឹងត្រូវប្រកាសនៅថ្ងៃពុធ ស្អែកនេះ។ ប៉ុន្តែបើតាម​ការរាប់​សន្លឹក​ឆ្នោត​ត្រួសៗ កាលពីយប់ថ្ងៃអាទិត្យ ចូលមកថ្ងៃចន្ទ បានឲ្យអោយដឹងថា ប្រជារាស្ត្រថៃភាគច្រើន បាន​សម្ដែង​ឆន្ទះ​របស់​ពួកគេ ទទួលយករដ្ឋធម្មនុញ្ញមួយ ដែលពោរពេញ​ ដោយភាព​ចម្រូងចម្រាស និងដែលផ្ដល់​លទ្ធភាព សម្រាប់​ក្រុម​ដឹកនាំ​យោធា ឲ្យបន្តវត្តមាន​របស់​ពួកគេ នៅក្នុង​នយោបាយ​ថៃ។ ហើយនៅថ្ងៃ​អង្គារ​នេះ មេដឹកនាំយោធា បាន​ចេញ​មុខ​មក​ប្រកាស​បន្ថែម​ថា រដ្ឋាភិបាល​ខ្លួន​នឹង​រៀបចំ​ការ​បោះឆ្នោត​សកល​មួយ ក្នុងឆ្នាំខាងមុខ៕
ថៃ៖ បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រជា​មតិ​​ទទួល​​យក​​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូង​ចម្រាស
លោក ប្រាយុទ្ធ ចាន់អ៊ូចា ដែលជាមេទ័ពកំពូល​​របស់ប្រទេស​ថៃ និងដែលកាន់តំណែង ជានាយរដ្ឋមន្ត្រីផង។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 09, 2016
  • ប្រធានបទ: នយោបាយ-ថៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរាប់សន្លឹកឆ្នោត នៃការធ្វើប្រជាមតិ កាលពីថ្ងៃអាទិត្យ ដែលមានប្រមាណដល់ទៅ៩៤% បានបង្ហាញថា ប្រជា​រាស្ត្រ​ថៃប្រមាណជា៦១,៤% បានទទួលយករដ្ឋធម្មនុញ្ញថ្មី បង្កើតឡើងដោយក្រុមមេដឹកនាំយោធា ដែល​ចូល​មក​កាន់​អំណាច ចាប់ពីខែឧសភា ឆ្នាំ២០១៤កន្លងមក បន្ទាប់ពីរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាល​ប្រជាធិបតេយ្យ​រួចមក។

លទ្ធផល ដែលចេញពីការបោះឆ្នោត​ប្រជាមតិនេះ មិនបណ្ដាល ឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានទេ ហើយលោក ប្រាយុទ្ធ ចាន់អ៊ូចា (Prayut Chan-ocha) ដែលជាមេទ័ពកំពូល​របស់ប្រទេស​ថៃ និងដែលកាន់តំណែង ជា​នាយក​រដ្ឋមន្ត្រីផងនោះ បានចេញមុខ​មកស្វាគមន៍ភ្លាមៗ។ លោក ប្រាយុទ្ធ បានលើកមកថ្លែង ពីប្រជាមតិមួយ ដែល​មាន​លក្ខណៈ«តម្លាភាព» ហើយលោកមិនខ្វាយខ្វល់ ពីការរិះគន់ទាំងឡាយ ពីសំណាក់សាធារណ​មតិ ឬពី​សហគមន៍​​អន្តរជាតិ​នោះឡើយ។

ចំពោះក្រុមប្រឆាំងថៃវិញ បានឆ្លើយតបទៅវិញថា មេដឹកនាំយោធា មិនមានអ្វី«ដែលជាមោទនភាព» ចេញ​ពី​លទ្ធផលនេះទេ។ មេដឹកនាំចលនាអាវក្រហម ដែលជាចលនាប្រឆាំងនាំមុខ នៅក្នុងប្រទេសថៃ បាន​រំលឹក​ប្រាប់​​របប​​យោធាវិញ ពីការចាប់ចង និងការគាបសង្កត ក៏ដូចជាអវត្តមាន ក្នុងការធ្វើកិច្ចពិភាក្សា ឲ្យបាន​ផុល​ផុស នៅ​មុន​ពេល​បោះឆ្នោត។ ក្រុមប្រឆាំង ដែលនៅតែសង្ឃឹមថា អំណាចនឹងត្រឡប់មកដៃរាស្ត្រវិញ ក្នុងថ្ងៃ​ណា​មួយ​នោះ បានបរិហារទង្វើ របស់រដ្ឋាភិបាលយោធា ចំពោះការហាមឃាត់ខាងលើ ថាមិនខុសណា ពី«របបផ្ដាច់ការ»ទាំងឡាយ នៅក្នុងពិភពលោកឡើយ។

សូមរំលឹកជូន​ឡើងវិញថា រដ្ឋធម្មនុញ្ញថៃថ្មី ដែលមានលក្ខណៈចម្រូងចម្រាស់នោះ មានចែងពីស្ថាប័ន​ព្រឹទ្ធ​សភា ដែលមិនចេញពីការបោះឆ្នោត តែត្រូវបានជ្រើសតាំង ដោយយោធា ហើយកៅអីនៅក្នុងព្រឹទ្ធសភា មាន​សម្រាប់​តែមេដឹកនាំជាន់ខ្ពស់ ដែលមកពីស្ថាប័នយោធា និងនគរបាលប៉ុណ្ណោះ។

ផែនទីបង្ហាញផ្លូវ​ទាំងឡាយ ដែលអនុញ្ញាតឲ្យយោធាបន្តកាន់អំណាចនោះ បានបញ្ជាក់នៅក្នុងនីតិវិធី នៃ​រដ្ឋ​ធម្មនុញ្ញ​​ថ្មីនេះ ថាការបោះឆ្នោតសកល ដើម្បីជ្រើសតាំង​សភាតំណាងរាស្ត្រ និងរដ្ឋាភិបាលប្រជាធិបតេយ្យ នឹង​ត្រូវ​សម្រេច​ធ្វើ នៅឆ្នាំក្រោយ (ឆ្នាំ២០១៧) នៅក្នុងប្រទេសថៃ ហើយជាអ្វី ដែលមេដឹកនាំយោធា ទើបនឹង​ចេញ​មុខ​មក​អះអាងដែរ។

បើតាមការអះអាង របស់លោក ប្រាយុទ្ធ ចាន់អ៊ូចា នៅថ្ងៃអង្គារនេះ បានអះអាងថា រដ្ឋាភិបាលរបស់លោក នឹង​ត្រៀមរៀបចំការបោះឆ្នោតជាថ្មីនេះ ឲ្យខាងតែបាន។ ការថ្លែងនេះ អាចជាបំណងមួយ ក្នុងការបញ្ឈៀស​ការ​រិះ​គន់ ដែល​លើកឡើងថា រដ្ឋាភិបាលយោធា ដែលមានរូបលោកជានាយករដ្ឋមន្ត្រី អាចនឹងធ្វើឲ្យយឺតយ៉ាវ ក្នុង​ការ​អនុវត្តន៍​នូវ​ផែនទី​បង្ហាញផ្លូវ​ខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...