ព្រាប កុល៖ គណបក្ស​ដែល​មិន​និយាយ​ពី​អំពើ​ពុក​រលួយ នឹង​មិន​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ

មេដឹកនាំអង្គការសង្គម ស៊ីវិលមួយរូប បានថ្លែងអះអាងថា បើតគណបក្សនយោបាយណាមួយ មិនបង្ហាញពីពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទាប់ស្កាត់ ឬប្រឆាំងអំពើពុករលួយនោះទេ គណបក្សនោះនឹងមិនមានការគាំទ្រ ពីពលរដ្ឋម្ចាស់ឆ្នោតឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៥ សីហា២០១៥
  • កែប្រែចុងក្រោយ: August 29, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា បើគណបក្សនយោបាយ​ណា​មួយ មិនបានបង្ហាញនូវគោលនយោបាយ ពាក់ព័ន្ធនឹងកិច្ចខំប្រឹងប្រែងចូលរួម ទប់ស្កាត់ ឬប្រឆាំងនឹង​អំពើ​ពុក​រលួយនោះទេ គណបក្សនោះនឹងមិនអាច ទទទួលបាននូវការគាំទ្រ ពីប្រជាពលរដ្ឋនោះឡើយ។

ការថ្លែងរបស់លោក បានធ្វើឡើង នៅក្នុងសិក្ខាលាលាមួយស្តីពី «ការស្វែងយល់អំពីអំពើពុករលួយ និង​វិធី​សាស្រ្តក្នុងការទប់ស្កាត់ក្នុងបរិបទប្រទេសកម្ពុជា» កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នា​ការិយាល័យ​នៃវិទ្យស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាព។

លោក ព្រាប កុល បាននិយាយចុចចំ ទៅគណបក្សកាន់អំណាច ឬរដ្ឋាភិបាល ថាបានបង្ហាញនូវគោល​នយោបាយ នៃការទប់ស្កាត់អំពើពុករលួយ នៅកម្ពុជា ក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួនហើយ តែចាំបាច់ ក៏ត្រូវបង្ហាញនូវសកម្មភាព «ទប់ស្កាត់ជាក់ស្តែង» ក្រោមកិច្ចដឹកនាំរបស់ខ្លួនដែរ។ យ៉ាងណា លោកទទួល​ស្គាល់ថា មានបញ្ហាពិបាកខ្លះ ក្នុងការទប់ស្កាត់ ព្រោះតែកម្ពុជា បានកើតនូវបញ្ហាពុករលួយនេះបាន «ចាក់​ស្រេះ» ក្នុងសង្គមកម្ពុជាជាយូរមកហើយ។

មេដឹកនាំអង្គការខាងលើ បានបញ្ជាក់ថា៖ «ការកែទម្រង់ ត្រូវការពេលវេលា។ តែពេលខ្លះ ប្រជាពលរដ្ឋ​ត្រូវ​ការ​ភ្លាមៗ។ (...) ជាក់ស្តែងការកំណែទម្រង់ ត្រូវមានឧបសគ្គ។ យើងទទួលស្គាល់ថា មានឧបសគ្គដែរ តែក៏ចង់​ឃើញ រាជរដ្ឋាភិបាលចាត់វិធានការ ដោះស្រាយបញ្ហានីមួយៗ ទៅលើវិស័យធំៗ ឲ្យបានច្រើន ហើយមាន​តម្លាភាព។»

នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជារូបនេះ បានស្នើទៅកាន់រដ្ឋាភិបាល ឲ្យបង្ហាញនូវបញ្ហា ឬភាពជាប់​គាំង​របស់ខ្លួន ក្នុងការទប់ស្កាត់អំពើពុករលួយនៅកម្ពុជា ជាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយជា​បន្ត និងមិនគប្បី ធ្វើការជាលាក់កំបាំង ឬបិទចោល មិនដោះស្រាយនោះឡើយ។ លោកបានបង្ហាញ នូវឧទាហរណ៍​មួយចំនួន ពីភាពរាំងស្ទះនេះថា ដូចករណីខ្វះកម្លាំងមនុស្ស ខ្វះក្រុមបច្ចេកទេស ឬខ្វះថវិការជាដើម ដែលត្រូវ​តែបង្ហាញ ដើម្បីស្វែងករការដោះស្រាយ។

លោក ព្រាប កុល បានថ្លែងឲ្យដឹងទៀតថា៖ «បើកាលណាយើងដឹង យើងអាចជួយគាត់ ស្វែងរកដំណោះ​ស្រាយ (...) និងធ្វើការ ពន្យល់ប្រជាពលរដ្ឋឲ្យដឹងថា រដ្ឋាភិបាលខិតខំប្រឹងប្រែងដែរ... ហើយជួបបញ្ហាយ៉ាង​ដូច្នេះ»៕

» សូមទស្សនាការបកស្រាយទាំងស្រុង របស់លោក ព្រាប កុល ដូចខាងក្រោម៖

» សូមទស្សនាស្ពតវីដេអូមួយ ស្ដីពីអំពើពុករលួយ នៅសាលាបឋមសិក្សា ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...