តុលាការ​ខ្មែរ​ក្រហម៖ ឆ្នាំថ្មី អស់​លុយ​បើក​ប្រាក់​ខែ អោយ​​បុគ្គលិក

សាលាក្ដីអន្តរជាតិវិសមញ្ញ ដែលមានទីតាំងនៅទីក្រុងភ្នំពេញមួយនេះ បានប្រកាសយ៉ាងដូច្នេះ កាលពីថ្ងៃសុក្រទី២១ធ្នូកន្លងទៅនេះ ខណៈកំពុងទទួលរងការរិះគន់ ពីប្រសិទ្ធិភាពការងារកាត់ក្ដី ថាមានលក្ខណៈយឺតជ្រុល។ នៅក្នុងគម្រោងថវិការបស់ខ្លួន តុលាការនេះត្រូវចំណាយប្រមាណជា ៩,៥លានដុល្លាអាមេរិក បន្ថែមទៀត សម្រាប់ឆ្នាំ២០១៣នេះ។ មកទល់នឹងម៉ោងនេះ រដ្ឋាភិបាលកម្ពុជា បានសន្យាផ្ដល់ ១,៨លានដុល្លា និងប្រទេសអាឡឺម៉ង់ នូវទឹកប្រាក់ចំនួន ៧០០ ០០០ដុល្លាអាមេរិក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការកូនកាត់ រវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ សម្រាប់កាត់ទោស មេដឹកនាំខ្មែរក្រហម នឹង​អស់​លទ្ធភាពបើកប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន បានជាបន្តទៅទៀត ចាប់ពីខែមករាឆ្នាំក្រោយនេះទៅ។


អង្គសាវនាការ នៃសាលាក្ដីវិសមញ្ញ ដើម្បីកាត់ក្ដីលើមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃ៦ខែធ្នូ ឆ្នាំ២០១២។ រូបថត សាលាក្ដី។

សាលាក្ដីអន្តរជាតិវិសមញ្ញ ដែលមានទីតាំងនៅទីក្រុងភ្នំពេញមួយនេះ បានប្រកាសយ៉ាងដូច្នេះ កាលពីថ្ងៃសុក្រ​ទី២១ធ្នូ​កន្លងទៅនេះ ខណៈកំពុងទទួលរងការរិះគន់ ពីប្រសិទ្ធិភាពការងារកាត់ក្ដី ថាមានលក្ខណៈយឺតជ្រុល។ នៅក្នុងគម្រោង​ថវិការបស់ខ្លួន តុលាការនេះត្រូវចំណាយប្រមាណជា ៩,៥លានដុល្លាអាមេរិក បន្ថែមទៀត សម្រាប់ឆ្នាំ២០១៣នេះ។ មក​ទល់នឹងម៉ោងនេះ រដ្ឋាភិបាលកម្ពុជា បានសន្យាផ្ដល់ ១,៨លានដុល្លា និងប្រទេសអាឡឺម៉ង់ នូវទឹកប្រាក់ចំនួន ៧០០ ០០០​ដុល្លាអាមេរិក។

នៅក្នុងសេចក្ដីប្រកាសពត៌មាននោះ បានលើកនិយាយពីបុគ្គលិកម្នាក់ ដែលអស់កម្លាំងចិត្ត តែនៅសង្ឃឹមលើអន្តរាគម​ឆាប់រហ័ស ពីសំណាក់ម្ចាស់ជំនួយ ដើម្បីបញ្ជៀស«ភាពរអាក់រអួល ទៅដល់សាវនាការ»។ កង្វះលទ្ធភាពបើកប្រាក់​បំណាច់នេះ បានប៉ះពាល់យ៉ាងខ្លាំង ទៅលើបុគ្គលិកគ្រប់ជាន់ថ្នាក់ រាប់តាំងពីអ្នកបើកបរ រហូតដល់ចៅក្រម។

លោកនេត្រ ភ័ត្រា អ្នកនាំពាក្យរបស់សាលាក្ដី បានបញ្ជាក់ថា «មកទល់នឹងថ្ងៃនេះ បុគ្គលិកអន្តរជាតិ របស់សាលាក្ដី នឹង​ប្រហែលទទួលបាន ប្រាក់បំណាច់រហូតដល់ខែកុម្ភះខាងមុខ»។ សូមបញ្ជាក់ថា តាំងពីបង្កើតឡើងនៅឆ្នាំ២០០៦ រហូត​មកទល់នឹងថ្ងៃនេះ សាលាក្ដី បានចំណាយអស់ទឹកប្រាក់ ប្រមាណជា ១៦០លានដុល្លា ហើយតុលាការនេះ បាន​ចេញ​សាលក្រមតែមួយគត់ ដែលសម្រេចផ្ដន្ទាទោស លើអតីតមេគុកទួលស្លែង កាំ ហ្គេចអៀវ ហៅឌុច អោយជាប់ពន្ធនាគារ​អស់មួយជីវិត កាលពីខែកុម្ភះកន្លងមក។ រាល់ម្ចាស់ជំនួយ ទំនងធុញទ្រាន់ នឹងឃើញលទ្ធផលដែលទទួលបានតិចតួច និងមានការចោទប្រកាន់ ពីការលូកដៃរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ចូលក្នុងសមត្ថកិច្ចតុលាការ។

កាលពីថ្ងៃពុធមុន  សហ​មេធាវី​ការពារ​ក្តី​ ឲ្យ​អតីត​បងធំ​ទី២​នួន ជា ម្នាក់​និង​មេធាវី​ប្រឹក្សា​ពីរ​នាក់​ទៀត ​បាន​លាឈប់​ពី​ការងារ ​ដោយ​បរិហា​ថា ​សាលាក្តី​ខ្មែរក្រហមនេះ ​មិនអាច​ផ្តល់​យុត្តិធម៌​ ដល់​កូនក្តី​របស់ខ្លួន​បានទេ។ ការលាលែងនេះ បានប៉ះពាល ដល់កេរ្តិ៍ឈ្មោះរបស់តុលាការនេះ កាន់តែខ្លាំងឡើងថែមទៀត។ មេធាវីទាំងបី ធ្លាប់បានចោទ រដ្ឋាភិបាល​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាច្រើនខែមកហើយ ថាបានលូកដៃចូលក្នុងសាវនាការ។ កាលពី​ថ្ងៃទី១៣​ខែធ្នូ​ មុននេះ លោកមេធាវី អេនឌ្រូ អៀន​នូ​ហ្ស៊ី (Andrew Iannuzzi) ត្រូវបានចៅក្រម​និល ណុន បណ្ដេញចេញពីសាវនាការ នៅក្រោយពេល លោកមេធាវីរូបនេះ បានសួរដេញដោលខ្លាំង ពីយុទ្ធនាការ​ «ក៥» ពីដើមទស្សវត្តន៍ឆ្នាំ៨០ ដែលបញ្ជា​ដោយរដ្ឋាភិបាលកម្ពុជា លើកបន្តុបដោយវៀតណាមនាសម័យនោះ ថាមានទិសដៅដាក់មីន និងជម្រុញមនុស្សអោយ​ទៅស្លាប់យ៉ាងច្រើន នៅតាមបណ្ដោយខ្សែរត្រៀមជួរមុខ នៃព្រំដែនខ្មែរ-ថៃ។

មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ចំនួនបួននាក់ ដែលនៅរស់រានមានជីវិត តែមានវ័យកាន់តែ​ចាស់ជរា​ណាស់ទៅ​ហើយនោះ កំពុងស្ថិតនៅក្នុងការវិនិច្ឆ័យទោសនៅឡើយ ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ដោយសាលាក្ដីកូនកាត់នេះ។ លោកស្រី អៀង ធីរិទ្ធ អតីតស្រ្តីទីមួយ  និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបនេះ កំពុង​រងគ្រោះ​នឹងជម្ងឺបាត់ការចងចាំ ហើយធ្លាប់ត្រូវបានចៅក្រមកាត់សេចក្ដី ដោះលែងម្ដងរួចហើយ។

សេចក្ដីបារម្ភ បានកើតមានជាទូទៅថា ជនជាប់ចោទទាំងនេះ នឹងមិនអាចប្រឈមមុខបានយូរតទៅទៀត ហើយនឹងនាំ​យកទៅជាមួយ នូវការពិតទាំងឡាយ និងការទទួលខុសត្រូវរបស់ពួកគេ  ក្នុងអំឡុងពេលដែលពួកគេកាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ របបដែលគេដាក់ឈ្មោះថា ជា«វាលពិឃាត»នេះ បានធ្វើអោយប្រជាជនកម្ពុជា​ជិត២លាន​នាក់ស្លាប់បាត់បង់ជីវិត។  ប្រជាជនដែលនៅរួចរស់មានជីវិត ត្រូវរងនូវការបាក់កម្លាំងចិត្ត និងកាយ បែកបាក់គ្រួសារ ហើយ​ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ត្រូវបានកម្ទេច ដោយនៅមានតែវិស័យកសិកម្មប៉ុណ្ណោះ ដែលរបបនេះទុក​អោយនៅ​មានដំណើរការ៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...