លិខិតមិត្តអ្នកអាន៖ «សំនួរដែលគ្មានចម្លើយ ពីវប្បធម៌ ជេរ»
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ ធូ វាសនា ([email protected]) - ថ្ងៃទី ០៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 05, 2015
- ប្រធានបទ: ទស្សនៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រើបណ្តាញ Facebook ម្នាក់ ដែលមានឈ្មោះគណនី ប៉ែន សុជីវ័ន្ត ស្វែងរកការបញ្ជាក់ពី លោកប្រមុខបក្ស LDP ថាតើលោកគាំទ្រ ការជេរប្រមាថ របស់អ្នកគាំទ្របក្សរបស់លោក ដែរឬទេ។
កាលពី (ថ្ងៃ ទី ៣០ ខែ មេសា ២០១៥) មានអ្នកដែលតាំងខ្លួន ជាអ្នកគាំទ្រ LDP នៅក្នុងបណ្តាញសង្គម Facebook ម្នាក់មានគណនី Dary Kim បានសរសេរ ពាក្យពេចន៏ អសីលធម៍ជាច្រើន ជាការឆ្លើយតប ទៅនឹងអត្ថបទ របស់ លោក សូ សមយុទ្ធ ដែលក្នុងអត្ថបទនោះ ត្រូវបានគេមើលឃើញថា មានការរិៈគន់ ទៅលើក្រុមបក្ស ជូង ដែលលោក សមយុទ្ធ បរិយាយថា ពង្វក់យុវជន អោយមានអាកប្បកិរិយាអសីលធម៍។
ក្រោយបានឃើញ ពាក្យពេចន៍ជេរប្រមាថនេះ លោក ប៉ែន សុជីវ័ន្ត ក៏បានសរសេរនៅលើ ទំព័ររបស់លោក ក្នុងន័យចង់ ឲ្យអ្នកគាំទ្រអិលឌីភី (ដែលលោក បានភ្ជាប់ ក្នុងការសរសេរនោះ មាន លោក Sakarach Kingdom លោក Sok Nang លោក Rithy Luy ដែលគេដឹងថា ជាសកម្មជន របស់បក្សអីលឌីភី) បញ្ជាក់ថា ការប្រើពាក្យពេចន៏ជេរប្រមាថ មិនមែន ជាវប្បធម៏ របស់អិលឌីភីនោះទេ ហើយម្ចាស់គណនី ឈ្មោះ Dary Kim នោះ ពិតជាមានចេតនា បង្ខូចកេរ្តិ៍ឈ្មោះ អិលឌីភី មែន។
រយៈពេល ១ថ្ងៃពេញ លោក ប៉ែន សុជីវ័ន្ត រងចាំការឆ្លើយតប ពីសកម្មអ្នកគាំទ្រ អិលឌីភី ពីបញ្ហានេះ តែមិនឃើញ មានការឆ្លើយតប ឬ បញ្ចេញមតិយោបល់ នៅក្នុងទំព័រ របស់លោកទេ។ តែម្ចាស់គណនីឈ្មោះ Dary Kim បានមកបញ្ចេញមតិយោបល់ បែបជេរប្រមាថ ដោយមានប្រើពាក្យអសុរសជាច្រើន។
នៅថ្ងៃដដែល លោក ខឹម វាសនា ប្រធានបក្ស អិលឌីភី បានថតជារូបភាព នូវទំព័ររបស់លោក ប៉ែនសុជីវ័ន្ត ទៅផ្សាយ នៅលើទំព័ររបស់លោក ដោយមានសរសរអមថា៖ «ធ្វើមិនដឹងមិនឮ កុំទៅឆ្លើយ កុំទៅសួរទៅចប់ហើយ»។ នៅលើទំព័រ របស់លោក ខឹម វាសនា លោក ប៉ែន សុជីវ័ន្ត បានសរសេរ ជាការបញ្ចេញយោបល់ថា៖ «ខ្ញុំគិតថា ការធ្វើមិនដឹងមិនលឺ មិនមែនជាដំណោះស្រាយទេ។ ដោយព្រោះ អិលឌីភី ប្រកាន់យកមធ្យោបាយ "ពន្យល់" ជាគោល ខ្ញុំគិតថា គូរតែមាន ការពន្យល់ដល់អ្នកដែល មិនទាន់យល់ អោយបានច្បាស់ មិនថាពូកគេ ជាមនុស្ស ចង់ផ្ចាញ់ផ្ចាល ឬ ចង់ដឹងពិតមែនក៏ដោយ។ »
លោក សុជីវន្ត បានបន្ថែមទៀតថា៖ «ចំពោះខ្ញុំ ខ្ញុំនៅតែតែមិនជឿថា អិលឌីភី ប្រកាន់ជំហរដាច់ខាតនិយម ឬ ប្រកាន់ការប្រើពាក្យអសិលធម៏នោះទេ។» តែទោះជាយ៉ាងណា ក៏មិនមានការឆ្លើយតប ពីលោក ខឹម វាសនា ឬពីសកម្មជន របស់ អិលឌីភី ទៅនឹងការទាមទារ របស់លោក ប៉ែនសុជីវ័ន្តនោះដែរ។
លោក សុជីវ័ន្ត បានរៀបរាប់ទៀតថា៖ «ខ្ញុំបានសន្ទនាជាមួយ លោក ខឹមវាសនា តាម Facebook ពីបញ្ហានេះ តែលោក ខឹម វាសនា បានមានប្រសាសន៏ ប្រាប់ខ្ញុំថា លោកគ្មានពេលទំនេរ ទៅអានអត្ថបទជេរប្រមាថ របស់ ប្អូនដែលមានគណនី Facebook ឈ្មោះ Dary Kim នោះទេ»។
ជាទូរទៅគេ សង្កេតឃើញ អ្នកគាំទ្រ បក្ស អិលឌីភី តែងតែប្រើពាក្យមិនសមរម្យ នៅលើ Facebook ដើម្បីទប់ទល់ជាមួយ អ្នកដែលរឹះគន់ ឬ ប្រឆាំងនឹង បក្សរបស់ខ្លួន។ មិនត្រឹមតែសកម្មជន ឬ អ្នកគាំទ្របក្សទេ ដែលប្រើពាក្យអសុរស សូម្បីតែ លោក ខឹម វាសនាខ្លួនឯង ដែលជាប្រធានបក្ស ក៏ប្រើពាក្យទាំងនោះដែរ។ គេកត់សំគាល់ឃើញថា ពាក្យ «អាឈាមឆ្កែ អាឈាមថោក» ដែលជាពាក្យរបស់លោក ខឹម វាសនា ប្រើ ត្រូវបានអ្នកគាំទ្របក្សលោក យកមកប្រើជាហូរហែរ។
ការប្រើពាក្យអសុរស ជេរប្រមាថ ទៅលើអ្នកមិនគាំទ្របក្សខ្លួននេះ ត្រូវបានមហាជនទូរទៅ បារម្មណ៍ថា នឹងកាន់តែធ្វើអោយ វប្បធម៏សង្គមធ្លាក់ចុះ។ ហើយ មហាជននៅតែឆ្ងល់ថា៖ «ហេតុអី បានជាអាជ្ញាធរ ធ្វើព្រងើយកន្តើយ ចំពោះបញ្ហានេះ?»៕