ស្រាវជ្រាវ៖ ជំនួបកំពូល ស្តីពីកិច្ចសន្ទនាអាស៊ានជាសាកល
ជំនួបកំពូល ស្ដីពីកិច្ចសន្ទនាជាសាកល ជារបៀបវីរះមួយថ្មី នៅក្នុងចំណោមរបៀបវីរះ ប្រកាសជាផ្លូវការ ដែលអាស៊ានធ្លាប់ធ្វើកន្លង មក។ នៅម៉ោង៩ព្រឹកថ្ងៃទី២០ វិច្ឆិកា កន្លងមកនេះ នៅឯវិមានសន្តិភាព កិច្ចសន្ទនាអាស៊ានជាសាកលនេះ ត្រូវបានរៀបចំធ្វើ ដោយ មានការចូលរួម ពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូសរុប ១៨ប្រទេស និងមានវត្តមានរបស់ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា ព្រមទំាងប្រធានអង្គការមូលនិធិធំៗ នៅលើពិភពលោកផង ។
កិច្ចសន្ទនាជាសាកល នៅឯវិមានសន្តិភាព ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១២។ រូបថត MONOROOM.info/Phnom Thom។
កិច្ចសន្ទនាសកលអាស៊ាន នេះជាកិច្ចពិភាក្សា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអ្នកចូលរួម អាចលើកនូវបញ្ហានានា ដែលប្រទេសក្នុងតំបន់ និងពិភពលោកកំពុងប្រឈមមុខ និងជួបប្រទះ ដូចជា វិបត្តិហិរញ្ញិវត្ថុ សកល និងផលលំបាករបស់វា បញ្ហាប្រែប្រួលអាកាសធាតុ ភាពប្រែប្រួល និងតានតឹងជម្លោះអន្តរជាតិ សុវត្ថិភាពផ្នែកអារហារ និងថាមពល។
មានប្រទេសមិនតិចជាង២ ទេធ្លាប់បានស្នើរ និងរៀបចំឲ្យមានកិច្ចសន្ទនាសកលអាស៊ាន នៅក្នុងកាលវិភាគរបស់កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ។ ប្រទេសថៃ ធ្លាប់បានរៀបចំទីតាំង និងកាលវិភាគយ៉ាងច្បាស់លាស់ សម្រាប់កិច្ចសន្ទនាសកលអាស៊ាននេះ នៅខែមេសា ឆ្នាំ២០០៩ ដោយបានគ្រោងធ្វើ នៅមជ្ឈមណ្ឌល Centara Grand&Bangkok Convention ក្នុងទីក្រុងបាងកក។ ក្នុងរយះពេលនៃការកាន់អំណាច របស់អតីតនាយករដ្ធមន្ត្រីថៃ លោកអាភីស៊ីត វេចាជីវា កិច្ចសន្ទនាសកលអាស៊ាននេះ ធ្លាប់បានគ្រោងធ្វើ ដោយក្រសួងការបរទេសរបស់ថៃ និងលេខាធិការដ្ធានអាស៊ាន។ ប៉ុន្តែ កិច្ចសន្ទនានេះ ត្រូវបានលប់ចោលភ្លាមៗ នៅពេលនោះ ដោយសារវិបត្តិនយោបាយក្នុងប្រទេសថៃ។
សូមជម្រាបជូនថា កិច្ចសន្ទនាសកលអាស៊ាន នេះជាការពិភាក្សាសកលរបស់អាស៊ាន និងជាព្រឹត្តិការណ៍ដំបូងទី១ ក្នុង២០០៩ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល បន្ទាប់ពីមានកិច្ចប្រជុំ ហ្សេ ២០ (G20) ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នៅពេលនោះ មេដឹកនាំមកពីប្រទេសសេដ្ធកិច្ចធំៗ ទាំង២០លើពិភពលោក បានសន្យានឹងគ្នាថា ចំពោះទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ចំនួន ១សែនកោដដុល្លា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយរាប់បញ្ចូលទាំងប្រទេសហ្វីលីពីនផងដែរ។
មេដឹកនាំដែលសំខាន់ៗ រួមទាំងអង្កការអន្តរជាតិ ក្នុងអង្គពិភាក្សានោះ រួមមានអ្នកតំណាង មកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) មកពីមូលនិធិរូបិយបណ្ណអន្តរជាតិ (IMF) តំណាងមកពីអង្កការសហប្រជាជាតិ ស្ដីអំពីពាណិជ្ជកម្មនិងការអភិវឌ្ឍ មកពីធនាគារពិភពលោក (WB ) និងអង្កការពាណិជ្ជកម្មពិភពលោក (WTO)។ ជាទូទៅ អង្គពិភាពក្សា និងការពិភាក្សាត្រូវបានសម្របសម្រួលដោយលោក ស៊ូរិន ពិតស៊ូវណ្ណ ដែលជាអគ្គលេខាធិការនៃសមាគមអាស៊ាន។
ក្រៅពីសមាសភាពខាងលើនេះ សមាជិកភ្ញៀវកិត្តិយស ដែលបានចូលរួមស្ដាប់កិច្ចពីភាក្សានេះ រួមមាន អ្នកដែលមានសិទ្ធសម្រេចការងារសំខាន់ៗ មកពីរដ្ធាភិបាលផ្សេងៗ អ្នកសម្រេចគោលនយោបាល សហគមន៍អ្នកពាណិជ្ជកម្ម អង្គទូត សង្គមស៊ីវិល សារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ និងសមាជិករដ្ឋសភា ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សូមបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន អាស៊ីបានក្លាយជាតំបន់នៃសក្ដានុពលសេដ្ធកិ្ច ដែលអាមេរិក អូស្ត្រាលី និងអឺរ៉ុបកំពុងសម្លឹងមើល ដោយក្នុងនោះ ប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចធំជាងគេ។
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ