ស្រាវជ្រាវ៖ ស្វែង​​យល់​​ពី​​«អាស៊ាន​-​សមាគម​​​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍»

អាស៊ាន ដែលជាពាក្យកាត់ជាភាសាអង់គ្លេស របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ គឺជាស្ថាប័នអន្តររដ្ឋាភិបាល​មួយ ដែលត្រូវបានបង្កើត ដំបូងឡើយដោយប្រទេសថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ ដោយ«សេចក្តីប្រកាសអាស៊ាន (សេចក្តីប្រកាសក្រុងបាងកក)»។ ជាបន្តបន្ទាប់ មានប្រទេសចំនួនប្រាំផ្សេងទៀត បានចូលជាសមាជិក នៃសមាគមនេះរួមមាន ប្រទេសប្រ៊ុយណេ ចូលជាសមាជិក​នៅថ្ងៃ​ទី០៧ ខែមករា ឆ្នាំ១៩៨៤, ប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥, ប្រទេសឡាវ និងប្រទេសភូមា ចូលជា​សមាជិកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជាចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាស៊ាន ដែលជាពាក្យកាត់ជាភាសាអង់គ្លេស របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ គឺជាស្ថាប័នអន្តររដ្ឋាភិបាល​មួយ ដែលត្រូវបានបង្កើត ដំបូងឡើយដោយប្រទេសថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ ដោយ«សេចក្តីប្រកាសអាស៊ាន (សេចក្តីប្រកាសក្រុងបាងកក)»។ ជាបន្តបន្ទាប់ មានប្រទេសចំនួនប្រាំផ្សេងទៀត បានចូលជាសមាជិក នៃសមាគមនេះរួមមាន ប្រទេសប្រ៊ុយណេ ចូលជាសមាជិក​នៅថ្ងៃ​ទី០៧ ខែមករា ឆ្នាំ១៩៨៤, ប្រទេសវៀតណាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥, ប្រទេសឡាវ និងប្រទេសភូមា ចូលជា​សមាជិកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងប្រទេសកម្ពុជាចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។


ផែនទីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

ទិសដៅក្នុងការបង្កើតអាស៊ាន

  • លើកធានានូវភាពសុខសាន្ត ប្រកបដោយជីវភាពរស់នៅ របស់ប្រជាជន​អាស៊ាន​បានសមរម្យ ដោយផ្តល់ឲ្យនូវ​លទ្ធភាពទទួលបានសមភាព ក្នុងការអភិវឌ្ឍចំពោះមនុស្ស សុខមាលភាពសង្គម និងភាពយុត្តិធម៌ ។
  • ចូលរួមថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព និងពង្រឹងថែមទៀត នូវការឆ្ពោះ​ទៅរក​សន្តិភាពក្នុង​តំបន់មួយជាក់លាក់។
  • រួមចំណែកលើកស្ទួយការអភិវឌ្ឍប្រកដោយនិរន្តរភាព ដើម្បីធានានូវការការពារ​បរិស្ថានក្នុងតំបន់ ការពារនិរន្តរភាព​នៃធនធានធម្មជាតិ និងការអភិរក្សមរតកវប្បធម៌ ។
  • រួមបង្កើនភាពរឹងមាំក្នុងតំបន់ តាម​រយៈការជំរុញឲ្យកាន់តែខ្លាំងថែមទៀត នូវសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
  • ប្តេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងនូវសិទ្ធិមនុស្ស និងសេរីភាព​ជាមូលដ្ឋាន ដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋដែលជាសមាជិកអាស៊ាន។
  • ពង្រីក និងអភិរក្សធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ ក្នុងការអប់រំ និងការសិក្សាក្នុងមួយជិវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជូនប្រជាជនអាស៊ាន នូវការពង្រឹងសហគមន៍អាស៊ាន។

គោលការរណ៍ចំបងសំរាប់អាស៊ាន

  • ការគោរពគ្នាទៅវិញទៅមក ដោយឈរលើឯករាជ្យភាព អធិបតេយ្យ សមភាព និងបូរណភាពទឹកដី និង​អត្តសញ្ញាណជាតិ​នៃប្រទេសនីមួយៗ។
  • សិទ្ធិរបស់រដ្ឋទាំងអស់ ត្រូវស្ថិតនៅក្នុងការដឹកនាំ នៃប្រទេសរបស់ខ្លួន ដោយមិនជ្រៀតជ្រែក និងឈ្លានពាន ឬគាប​សង្កត់​ ពីបណ្តាប្រទេសខាងក្រៅឡើយ។ ជាមួយគ្នានេះដែរ សមាជិកអាស៊ាន ក៏មិនជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង នៃប្រទេសផងគ្នា និងព្រមចូលរួមដោះស្រាយ នូវការខ្វែងគំនិតគ្នា ឬដោះស្រាយជម្លោះ ដោយសន្តិវិធី លុបបំបាត់​នូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា និងធ្វើកិច្ចសហការគ្នា​ប្រកបដោយប្រសិទ្ធិភាពខ្ពស់ រវាងរដ្ឋ​ដែល​ជាសមាជិកអាស៊ាន។

កាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី១២ ដែលធ្វើឡើងនៅខែមករា ឆ្នាំ២០០៧ ថ្នាក់ដឹកនាំអាស៊ាន បានបង្ហាញឆន្ទៈ​យ៉ាង​មុតមាំថា នឹងការចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងស៊ីប៊ូ (Cebu) ស្តីពីការប្រារព្ធពិធី នៃការបង្កើតសហគមន៍​អាស៊ាន​ឆ្នាំ២០១៥ ដោយផ្តោតសំខាន់ សហគមន៍សន្តិសុខ-នយោបាយអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍​វប្បធម៌​សង្គមអាស៊ាន។ នៅក្នុងនោះ មានផែនការ និងគំនិតផ្តួចផ្តើមរៀបចំ នូវផែនការជាយុទ្ធសាស្រ្ត និងផែនការ​សកម្មភាពជាក់លាក់ ដើម្បីសំរេចឲ្យបាន នូវការធ្វើសមាហរណកម្មសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ នាពេលខាងមុខ​នេះ។

ចក្ខុវិស័យអាស៊ានសំរាប់ឆ្នាំ២០២០ ក៏ត្រូវបានអនុម័តព្រមព្រៀងគ្នា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧ ដោយថ្នាក់ដឹកនាំ​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងជំនួបកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី២ នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំនេះ គឺធ្វើការយល់ព្រមរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងរបស់អាស៊ាន ការចងសម្ព័ន្ធភាព​ក្នុង​ភាពជាដៃគូដើម្បីជំរុញការអភិវឌ្ឍ និងការយកចិត្តទុកដាក់លើកិច្ចការសង្គមជាក់ស្តែង ។

ការសង្ឈឹមទុកក្នុងឆ្នាំ២០២០ អាស៊ាន នឹងក្លាយទៅជាតំបន់មួយដែលពោរពេញទៅដោយសន្តិភាព សេរីភាព និង អព្យា-ក្រឹត្យភាព ស្របតាមសេចក្តី​ប្រកាស ទីក្រុងកូឡាឡាំពួរក្នុងឆ្នាំ១៩៧១។ ក្នុងភាពជាដៃគូ ជំរុញនូវការអភិវឌ្ឍអាស៊ាន ធ្វើការសង្កត់ធ្ងន់ទៅលើកិច្ចបង្រួបបង្រួម គំលាតសេដ្ឋកិច្ច ក្នុងប្រទេសដែលជាសមាជិក។ លើសពីនេះ អាស៊ានមាន​ស្មារតី ការពារនូវប្រវត្តិសាស្រ្ត វប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។ អាស៊ាននឹងធ្វើការឲ្យតម្លៃ​ ទៅលើការផ្តល់ឱកាស​ស្មើភាពគ្នា ដោយមិនប្រកាន់បក្ខពួក ពណ៌សម្បុរ ភេទ ជាតិសាសន៍ សាសនា ភាសា ឬក៏ប្រវត្តិសង្គម វប្បធម៌សង្គម និង​វប្បធម៌ឡើយ។ ជាពិសេសអាស៊ាន នឹងយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួន ដែលកំពុងកើតមានក្នុងសង្គមអាស៊ាន ដូចជាបញ្ហាកង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ ភាពយុត្តិធម៌សង្គម ឱសថខុសច្បាប់ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថាន​ជាដើម។ អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងវេទិកាអន្តរជាតិ និងការរំពឹងទុកជាមុននូវផលប្រយោជន៍រួមជាមួយ នឹងដៃគូខាងក្រៅ។

អាស៊ាន នឹងរឹតបន្តឹង នូវទំនាក់ទំនងជាមួយដៃគូសន្ទនា និងអង្គការក្នុងតំបន់ដទៃទៀត ដោយ​គោរព​តាមគោលការណ៍ ភាពជាដៃគូស្មើភាព និងការគោរពគ្នាទៅវិញទៅមក។

ជាចំណុចគោលការណ៍ បន្តរចេរភាពអាស៊ានដោយយោងតាមធម្មុនញ្ញអាស៊ាន ដែលជាអត្ថបទជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការសំរេចឲ្យបានសហគមន៍អាស៊ាន នូវការផ្តល់សិទ្ធិតាមផ្លូវច្បាប់ និងក្នុងក្របខ័ណ្ឌនៃស្ថាប័នសំរាប់អាស៊ាន។
ធម្មនុញ្ញអាស៊ាននេះ គឺជាបទដ្ឋាន នៃវិធានដែលបង្ហាញអំពីគោលដៅជាក់លាក់របស់អាស៊ាន ក្នុងការទទួលខុសត្រូវ នូវកិច្ចដំណើរការគោលការណ៍ និងគុណតំលៃរបស់អាស៊ាន។ ធម្មនុញ្ញអាស៊ាន បានចូលជាធរមាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ក្រោមកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ដើម្បីអបអរទិវាជាប្រវត្តិសាស្រ្តរបស់អាស៊ាន។

បន្ទាប់ពីធម្មនុញ្ញអាស៊ាន បានចូលជាធរមាន ក្រុមប្រទេសអាស៊ាន នឹងអាចធ្វើការងាររបស់ខ្លួន ក្រោមក្របខណ្ឌច្បាប់ថ្មី ព្រមទាំងបានបង្កើតនូវស្ថាប័នថ្មីៗជាច្រើន ដើម្បីជំរុញឲ្យដំណើរការ នៃការកសាងសហគមន៍អាស៊ាននោះ។ បច្ចុប្បន្ន​ ធម្មនុញ្ញអាស៊ាននេះ បានក្លាយជាកិច្ចព្រមព្រៀង ជាអន្តរជាតិមួយ ដែលចងនូវរាល់កាតព្វកិច្ចទាំងអស់ តាមផ្លូវច្បាប់របស់​​​បណ្តាប្រទេសនៃសមាជិកអាស៊ានទាំង១០៕

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...