ធី សុវណ្ណថា ប្រកាស​ជួយ​សហគមន៍​រង​គ្រោះ​ផ្នែក​ដី​ធ្លី ដើម្បី​ធ្វើ​បាតុកម្ម​១​ខែ

កញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ បានប្រកាសថា នឹងគាំទ្រ ព្រមទាំងជួយស្វែងរកជំនួយដល់បាតុករ ដែល​កំពុង​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ រយៈពេលមួយខែ នៅថ្ងៃខាងមុខនេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 17, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​ចូល​រួម​ធ្វើ​បាតុកម្ម ជា​មួយ​សហគមន៍​រង​គ្រោះ​នឹង​បញ្ហា​ដី​ធ្លី ដែល​ធ្លាប់​គាំ​ទ្រ​ខ្លួន​នោះ កញ្ញា ធី សុវណ្ណថា ឯ​ណេះ​បាន​ប្រកាស ថា​នាង​នឹង​ធ្វើ​ចលនា​ជា​មួយ​យុវជន​ជា​ច្រើន​ផ្សេង​ទៀត ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ដែល​នាង​អាច​ធ្វើ​បាន ដើម្បី​គាំទ្រ​សហគមន៍​ទាំង​បួន ដែល​គ្រោង​នឹង​ធ្វើ​បាតុកម្ម សម្រាប់​រយៈ​ពេល​១​ខែ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ។

សហគមន៍​ដែល​មាន​បញ្ហា​ដី​ធ្លី ក្នុង​រាជធានី​ចំនួន ៤ រួម​មាន​សហគមន៍​​បុរី​កីឡា សហគមន៍​​ព្រលាន​​យន្តហោះ សមាគម​​ស្ត្រី​​បឹង​កក់ និង​​បណ្ដាញ​អតីត​ស្ត្រី​បឹងកក់ បាន​ប្រកាស​ធ្វើ​បាតុកម្ម​រយៈ​ពេល​មួយ​ខែ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ពី​បញ្ហា​ជំលោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ទាំង​ឡាយ និង​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី ព្រះ​សង្ឃ សកម្ម​ជន​នយោបាយ និង​និស្សិត។

ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទ ក្នុងថ្ងៃទី១៧ ខែមករានេះ តារាហ្វេសប៊ុកវ័យ១៩ឆ្នាំ កញ្ញា ធី សុវណ្ណថា បានថ្លែងអះអាងថា នាងនឹងធ្វើការអំពាវនាវទៅសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដើម្បី​ឲ្យ​ជួយ​ឧបត្ថម្ភជាស្បៀង និងសម្ភារៈស្នាក់នៅ សម្រាប់អំឡុងពេលនៃការធ្វើបាតុកម្មនោះផង ដូចទៅនឹងសកម្មភាព​រាល់ដង ដែលកញ្ញាធ្លាប់ធ្វើកន្លងមក។ កញ្ញានិងយុវជនផ្សេងទៀត បានត្រៀមខ្លួនរួចជាស្រេច ក្នុងការ​ចូល​រួម​លើកទឹកចិត្ត និងផ្ដិតយករូបភាពនានា ពីសកម្មភាពតវ៉ាដើម្បីបុព្វហេតុដីធ្លីនោះ ដើម្បីធ្វើការផ្សព្វផ្សាយ​ឲ្យ​ទូលំ​ទូលាយ ទាំងនៅក្នុងបណ្ដាញសង្គម ទាំងជាមួយប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។

អ្នកស្រី សៀ ម៉ារ៉េត តំណាងមួយរូបរបស់បណ្ដាញ​អតីត​ស្ត្រី​បឹងកក់ បានថ្លែងប្រាប់ទស្សនាវដ្ដីដែរថា កាលពី​ព្រឹកថ្ងៃទី១៧ ខែមករានេះ ក្រុមអ្នកស្រីបានដាក់លិខិត«ជូនដំណឹង» ពីការធ្វើបាតុកម្មរបស់ពួកអ្នកស្រី ទៅកាន់​សាលារាជធានីភ្នំពេញ ហើយនិងបានដាក់លិខិតអញ្ចើញ ព្រះសង្ឃ ប្រជាពលរដ្ឋ សមាគមន៍យុវជន និង​គណៈបក្សសង្រ្គោះជាតិ ក្នុងក្ដីសង្ឃឹមថានឹងមានមនុស្សច្រើនម៉ឺននាក់ មកចូលរួមធ្វើបាតុកម្មនេះ។ ប៉ុន្តែ​ក្ដី​សង្ឃឹមនេះ ទំនងជាគ្មានលទ្ធផលទេ ដោយហេតុថាគណបក្ស​សង្គ្រោះ​ជាតិ តាមរយៈប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ លោកស្រី មូរ សុខហួរ មានថ្លែងប្រាប់វិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសាថា គណបក្សប្រឆាំង​មួយនេះ នឹងមិនទៅចូលរួមក្នុងការធ្វើបាតុកម្មនេះទេ ដោយសុខចិត្ត​ប្រើ​យន្តការ​សភា​ ដើម្បីដោះស្រាយ​បញ្ហា និងអាចគ្រាន់តែបង្ហាញវត្តមាន នៃមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដើម្បីធ្វើការ​ថ្លែង​សារ​នាពេល​ណា​មួយ ក្នុងអំឡុង​ពេលនៃការ​ធ្វើ​បាតុកម្ម​នោះ។

ទាក់ទងនឹងការដាក់លិខិត«ជូនដំណឹង»ទៅសាលារាជធានី អ្នកស្រី សៀ ម៉ារ៉េត បានបន្តទៀតថា សាលា​រាជធានីបានស្នើរឲ្យសហគមន៍ទាំងបួននេះ ទៅជួបប្រជុំពិភាក្សាជាមួយខ្លួន ពីករណីធ្វើបាតុកម្មនេះ នៅព្រឹក​ថ្ងៃច័ន្ទ ទី១៩ ខែមករាខាងមុខ។ យ៉ាងណាក៏ដោយ អ្នកស្រី ម៉ារ៉េត បានប្រកាន់ជំហរថា នឹងនៅតែធ្វើ​បាតុកម្ម​តវ៉ានោះ បើទោះជាគេមិនឲ្យធ្វើក៏ដោយ ដោយហេតុថាវាមិនមែន ជាការអនុវត្តខុសច្បាប់នោះទេ។ អ្នកស្រី​ថ្លែងឡើងថា៖ «បើគេឃាត់មិនឲ្យធ្វើ ដោះស្រាយឲ្យពួកខ្ញុំមក»។

ការប្រកាន់ជំហរនេះ អាចជាការប្រឈមមួយទល់នឹងការវាយបង្ក្រាប ឬចាប់ឃាត់ខ្លួន ប្រសិនណាជាអាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យកច្បាប់«អាជ្ញាសឹក»របស់ខ្លួនមកប្រើ ដូចក្នុង​រយៈ​កាល​កន្លងមក នៃការបិទទីលានប្រជាធិបតេយ្យ។ ទាក់ទងនឹងករណីនេះ កញ្ញា ធី សុវណ្ណថា បានផ្ដល់​ជាយោបល់​ឡើងថា៖ «បើសិនជាគេចាប់ដាក់គុក គឺយើងទៅទាំងអស់គ្នា នៅផ្ដុំទាំងអស់គ្នា យើងកុំរត់ចោលគ្នាអីអញ្ចឹង ហើយមានបញ្ហាអី យើងតទល់ទាមទារ បើសិនជាមិនបានដី គឺយើងអត់ឈប់(ទាមទារ)វិញ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...