រដ្ឋសភា​កម្ពុជា​បង្កើត​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ថានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​តែ​«គ្មាន»​អំណាច

ប្រធានក្រុមតំណាងរាស្ត្រភាគតិច នៃរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ត្រូវបានបង្កើតជាផ្លូវការ។ ប្រធាន​ក្រុម​នេះ ជាដៃគូសន្ទនា ជាមួយប្រមុខរដ្ឋាភិបាល ឬនិយាយឲ្យចំស្រួលស្ដាប់ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះតែម្ដង តែ​គ្មាន​អំណាច​បញ្ជា​រដ្ឋាភិបាល និងយោធាឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 20, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរបង្កើត ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ជា​«ផ្លូវ​ការ» ត្រូវ​បាន​សមាជិក​ក្នុង​រដ្ឋសភា​១០២​រូប បោះ​ឆ្នោត​គាំទ្រ និង​អនុម័ត នា​វិមាន​រដ្ឋសភា​ជាតិ ក្នុង​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​អនុម័ត មាត្រា​៤៨​ថ្មី (ពីរ) នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​មាន​វត្តមាន​ក្នុង​រដ្ឋសភា បាន​លើក​ឡើង​ថា សង្គម​កម្ពុជា​កំពុង​ឈាន​ទៅ​រក​របត់​មួយ​ថ្មី ដែល​ជម្រុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ក្នុង​រដ្ឋ​សភា ទទួល​ស្គាល់​តួនាទី​របស់​បក្ស​ប្រឆាំង ក្នុង​រដ្ឋសភា​ដូច​គ្នា។ លោក​បញ្ជាក់​ថា «ការ​វិសោធនកម្ម​ច្បាប់​នេះ មិន​មែន​ជា​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​គណបក្ស​ណា​មួយ ឬ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។»

លោក សម រង្ស៊ី បញ្ជាក់ថា «បញ្ហាទុក្ខកង្វល់ប្រជារាស្ត្រ បញ្ហាសង្គម បញ្ហានយោបាយ បញ្ហាតុលាការ បញ្ហា​ជនជាប់ចោទ បញ្ហាជនត្រូវគេឃុំឃាំង យើងត្រូវតែដោះស្រាយ។ (…) កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ត្រូវ​បញ្ចប់ភាពតានតឹងទាំងនោះ។ (…) ប្រជាពលរដ្ឋត្រូវគេចាប់ឃុំឃាំងដាក់គុក មកទល់ពេលនេះ នោះភាព​តាន​តឹងមិនចប់សព្វគ្រប់ទេ។ យើងត្រូវតែបញ្ចប់ភាពតានតឹងហ្វឹង។ (…) បើយើងឈានចូលទៅវប្បធម៌សន្ទនា អត់​ត្រូវមានវប្បធម៌ចាប់ដាក់គុក ដូចយើងបានជួបប្រទះថ្មីៗនេះទេ។»

ប្រធានរដ្ឋសភា លោក ហេង សំរិន ក៏បានបានថ្លែងនៅក្នុងអង្គប្រជុំរដ្ឋសភា ជាមួយនឹងមោទនភាពថា រដ្ឋសភា​បានអនុម័តចប់សព្វគ្រប់ជាស្ថាពរ នូវសេចក្តីស្នើវិសោធនកម្មប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ហើយ។ លោក ហេង សំរិន បានថ្លែងឲ្យដឹងទៀតថា៖ «ព្រឹកនេះ សភាអនុម័តចប់សព្វគ្រប់ លើសេចក្តីស្នើ​វិសោធនកម្ម ជំពូកទី១២ ប្រការ៤៨ថ្មីពីរនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។»

ប្រធានគណៈកម្មកានីតិកម្ម និងយុត្តិធម៌ លោក ប៉ែន បញ្ញា បានបញ្ជាក់ក្នុងរដ្ឋសភាថា ប្រធានក្រុម​តំណាង​រាស្ត្រ នៃគណបក្សនយោបាយ«ក្រៅ»រដ្ឋាភិបាល ត្រូវមានអាសនៈចាប់ពី២៥ ភាគរយឡើងទៅ។ ក្រុមនេះត្រូវ​បានកំណត់ឈ្មោះឲ្យថា ជា «ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា» ដែលជាគូសន្ទនាជាមួយនឹងប្រមុខ​រដ្ឋាភិបាល ពីបញ្ហានានាទាក់ទងនឹងប្រទេសជាតិ។ ហើយប្រធានក្រុមមតិភាគតិចនេះ មានឋានៈ​ស្មើ​«នាយក​រដ្ឋមន្ត្រី»។ លោកបន្តថា ចំពោះតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈចាប់ពី៥ភាគរយ ឬ៣កៅអី​ឡើងទៅ នឹងត្រូវគណបក្សនីមួយៗត្រូវរើសប្រធានក្រុមរបស់ខ្លួនមួយរូប។

ដោយឡែកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានវត្តមានចូលមកបោះឆ្នោតគាំទ្រនោះទេ។ តែលោកក៏​ធ្លាប់បានលើកឡើងថា នៅកម្ពុជាបញ្ឈប់មិនឲ្យមាននាយករដ្ឋមន្រ្តីពីរឡើយ។ ឯប្រធានក្រុមតំណាងរាស្រ្ត​មតិ​ភាគតិច គ្រាន់តែមានឋានៈស្មើនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។ ឋានៈនេះប្រយោជន៍ដើម្បីក្លាយជាដៃគូសន្ទនា ជា​មួយ​ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។ ហើយប្រធានក្រុមតំណាងរាស្ត្រភាគ​តិច​នេះ គ្មាន«អំណាច» ក្នុងការដឹកនាំរដ្ឋាភិបាល ឬយោធាណាមួយនោះដែរ៕

(វីដេអូ នឹងមានដាក់ជូននៅពេលក្រោយ)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...