ដក​គ្រាប់​បែក​បាន​សម្រេច​ពី​កណ្ដាល ប៊ែរឡាំង បន្ទាប់​ពី​ជម្លៀស​ពលរដ្ឋ​ចេញ

អាជ្ញាធររដ្ឋធានី ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានធ្វើប្រតិបត្តិការ យកគ្រាប់បែកចេញ បានសម្រេច នៅរសៀលថ្ងៃសុក្រនេះ ពីកណ្ដាលរដ្ឋធានី។ គ្រាបបែកនោះ ជារបស់ចក្រភពអង់គ្លេស មានទំងន់៥០០គីឡូក្រាម មានអាយុតាំងពីសង្គ្រាមលោក លើកទី២។ វាត្រូវបានយកចេញ បន្ទាប់ពីអាជ្ញាធរបានជម្លៀកពលរដ្ឋ ចេញពីតំបន់ជុំវិញនោះ តាំងពីម្សិលម៉ិញមក។
ដក​គ្រាប់​បែក​បាន​សម្រេច​ពី​កណ្ដាល ប៊ែរឡាំង បន្ទាប់​ពី​ជម្លៀស​ពលរដ្ឋ​ចេញ
គ្រាប់បែក ដែលត្រូវបានយកចេញ ពីកណ្ដាលរដ្ឋធានីប៊ែរឡាំង នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសានេះ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 20, 2018
  • ប្រធានបទ: គ្រាប់មិនទាន់ផ្ទុះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលរដ្ឋធានី ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានប្រកាស នៅរសៀលថ្ងៃសុក្រនេះថា គ្រាប់បែកដែលរកឃើញ នៅកណ្ដាលរដ្ឋធានី តាំងពីថ្ងៃពុធ ម្សិលម្ងៃមកនោះ ត្រូវបានដកគន្លឹះផ្ទុះរួចរាល់ ហើយមនុស្សម្នាទាំងឡាយ ដែលត្រូវជម្លៀសចេញ ក៏អាចវិលត្រឡប់មកផ្ទះសម្បែង ឬទីកន្លែងធ្វើការរបស់ខ្លួនវិញ ដូចធម្មតា។ ការប្រកាស ដែលធ្វើឡើង នៅតាមបណ្ដាញសង្គម បានភ្ជាប់មកជាមួយ នូវរូបថតមួយសន្លឹក ដែលគេអាចមើលឃើញថា គ្រាប់បែកដ៏កញ្ចាស់មួយគ្រាប់ ត្រូវបានយកចេញពីរណ្ដៅ ហើយដាក់នៅលើទ្រនាប់ឈើមួយផ្ទាំង។

អ្នកនាំពាក្យនគរបាល លោក «Winfrid Wenzel» បានថ្លែងបញ្ជាក់ថា៖ «គ្រាប់បែក ដែលមានទំងន់ ៥០០គីឡូក្រាម និងដែលមិនបានផ្ទុះ កាលពីសម័យសង្គ្រាម មានទំហំ ប្រមាណជា ១១០សង់ទីម៉ែត្រ (បណ្ដោយ) និង៤៥ សង់ទីម៉ែត្រ (ទទឹង)។ គ្រាប់បែកនេះ អាចបង្ក ឲ្យមានមហន្តរាយយ៉ាងច្រើន នៅក្នុងទីក្រុង (ប្រសិនជាវាផ្ទុះឡើង)។»។

គ្រាប់បែក ត្រូវបានរកឃើញ ដោយក្រុមកម្មករសំណង់ នៅនឹងការដ្ឋានមួយ ស្ថិតនៅមិនឆ្ងាយ ពីស្ថានីយអយស្ម័យានដ៏ធំ និងសំខាន់ជាងគេ របស់រដ្ឋធានី ប៊ែរឡាំង។ ការរកឃើញ ដែលត្រូវបានវិនិច្ឆ័យថា ពិតជាគ្រាប់បែកមែននេះ តម្រូវឲ្យអាជ្ញាធរចាំបាច់ ត្រូវជម្លៀសមនុស្ស ចេញពីបវិវេណ ៨០០ម៉ែត្រ ជុំវិញការដ្ឋានសំណង់ ដែលរកឃើញគ្រាប់បែកនោះ។

នគរបាលបានអះអាងថា មនុស្សប្រមាណជា ១ម៉ឺននាក់ ត្រូវបានជម្លៀស ហើយស្ថាប័នសាធារណៈមួយចំនួន ត្រូវបានបិទទ្វា ក្នុងនោះមានសាលារៀនពីរ ក្រសួងសេដ្ឋកិច្ច មន្ទីរពេទ្យយោធា ការដ្ឋានសាងសង់ដ៏សម្បើមមួយ សារមន្ទីរសិល្បៈទំនើប «Hamburger Bahnhof» និងសារមន្ទីរវេជ្ជសាស្ត្រ។ វត្តមានរបស់គ្រាប់បែក បានធ្វើឲ្យការដឹកជញ្ជូន និងចរាចរណ៍កណ្ដាលរដ្ឋធានី ត្រូវបានជាប់គាំងយ៉ាងខ្លាំង ដោយសារស្ថានីយ៍រថភ្លើង ដែលនៅជិតគ្រាប់បែកបំផុតនោះ មានអ្នកដំណើរឆ្លងកាត់ ប្រមាណជា ៣០០ ០០០នាក់ ក្នុងមួយថ្ងៃៗ។

មជ្ឈមណ្ឌល​កិច្ចការនយោបាយ និងទេសចរណ៍ ជាពិសេស ការិយាល័យរបស់អធិការបតី អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) និងទីស្នាក់ការ របស់ក្រុមសមាជិករដ្ឋសភា របស់ប្រទេសអាល្លឺម៉ង់ ក៏ស្ថិតនៅក្បែរតំបន់ ដែលមានគ្រាប់បែកនោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...