អង្គការ សីលការ ត្រៀមដង្ហែរអង្គកឋិនទាន ទៅខេត្តស្វាយរៀង
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 14, 2014
- ប្រធានបទ: សាសនា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែតុលាខាងមុខនេះ អង្គការសីលការរបស់លោកស្រី និងអង្គការសង្គមស៊ីវិលដទៃទៀត ដែលធ្វើការពាក់ព័ន្ធស្ត្រី នឹងដង្ហែអង្គកឋិនទាន ទៅវត្តក្តីកណ្តាល ដែលស្ថិតនៅ ស្រុកកំពង់រោ ឃុំញរ ខេត្តស្វាយរៀង។ លោកស្រីបានបញ្ជាក់ថា ដោយសារវត្តនេះ ស្ថិតនៅជិតព្រំដែនវៀតណាម និងឡាវ ហើយនៅដាច់ស្រយ៉ាលពីគេ ទើបលោកស្រីចង់នាំផលានិសង្ឃ តាមសទ្ធាជ្រះថ្លា ពីបងប្អូនដែលនៅរាជធានីភ្នំពេញ ដង្ហែអង្គកឋិនទានទៅវត្តនេះ។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែ ទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក។ ហើយបើទីអារាមណាមួយ មិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំ ជាកឋិនជើងវត្តឡើងដែរ។
នាយការអង្គការសីលការ បានលើកឡើងទៀតថា បុណ្យកឋិនជាការបង្ហាញឲ្យឃើញ ពីសាមគ្គីភាពរវាងពុទ្ធបរិស័ទ ដែលចង់កសាងមគ្គផល ជួយផ្គត់ផ្គង់វត្តអារាម ជាពិសេសវត្តដែលនៅដាច់ស្រយាល និងអត្តខាត់ ហើយវាក៏ជាការជួយគ្នា រវាងអ្នកទីក្រុង និងអ្នកជនបទដែរ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិន មានត្រៃចីវរ ចិវរ សង្ឃាដី ស្បង់ ព្រមទាំង ទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក៕