គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រង​ការ​រិះគន់​ថា ប្រើ​សម្ដី​គ្មាន​សិលធម៌

មន្ទីពេទ្យគន្ធបុប្ផា ជាមន្ទីកុមារដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសកម្ពុជា ខាងធ្វើការព្យាបាលចំពោះកុមារ ដោយ​មិន​យកកំរៃ។ ក្នុងមួយថ្ងៃៗ កុមារមិនតិចនាក់ទេ ដែលបានចូលទៅព្យាលបាលជម្ងឺ នៅក្នុងមន្ទីសម្បុរសធម៌មួយនេះ។ ប៉ុន្តែបើទោះបីជាមន្ទីពេទ្យ បានព្យាបាលកុមារកម្ពុជារាប់លាននាក់ក៏ដោយ ,ម្ចាយឪពុក ឬអាណាព្យាបាល​ដែល​បាន​យកកូនចៅទៅ​ព្យាបាល បានលើកឡើងថា ស្ទើតែ៩០%នៃគ្រូពេទ្យដែលបំរើការនៅទីនោះ សុទ្ធ​តែ​ប្រើ​ប្រាស់​ពាក្យ​សម្តីមិនគួរគប្បី ទៅកាន់ឪពុកមា្តយ និងគ្រួសាររបស់អ្នកជម្ងឺ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សីលធម៌ - ស្ត្រីជាពលរដ្ឋម្នាក់ ក្រោយពីបានយកកូនទៅចាក់ថ្នាំ នៅមន្ទីពេទ្យគន្ធបុប្ផា បានបង្ហោះវីដេអូនៅលើ​បណ្តាសង្គមហ្វេសប៊ុក ដោយសម្ដែងការមិនពេញចិត្ត នឹងពាក្យសម្តីមិនសមរម្យ របស់គ្រូពេទ្យនៅទីនោះថា សីលធម៌​របស់គ្រូពេទ្យនៅទីនោះមិនមានទេ។ អ្នកស្រីបានវាយតម្លៃថា គ្រូពេទ្យដែលនៅក្នុង​មន្ទីពេទ្យ១០០នាក់​មានតែ ១ឬ២នាក់តែប៉ុណ្ណោះ ដែលប្រើសម្តីល្អសមរម្យ។

អ្នកប្រើប្រាស់គណនីម្នាក់ ដែលមានឈ្មោះថា Soun Seyla បានបន្ទរទៅជាមួយដែរ ថាខ្លួនក៏ធ្លាប់មានបទពិសោធន៍​​ដូច​អ្នកស្រីខាងលើដែរ។ សួន សីលា បាននិយាយថា៖ «អ៊ុំខ្ញុំក៏ធ្លាប់ទៅពេទ្យនោះ គាត់ក៏មានការឈឺចាប់ និងគួរ​ឲ្យ​ខ្លាច​សំដីររបស់ពេទ្យមួយចំនួន នៅទីនោះខ្លាំងណាស់ដែរ។ ការប្រើពាក្យសំដី ហាក់ដូចជាគេទៅសុំទានអញ្ចឹង។»

សីលា បានពន្យល់ករណីនេះ ដោយខ្លួនឯងទៀតថា គ្រូពេទ្យប្រៀបបីដូចជាទេវតា ដែលប្រោសជីវិតមនុស្ស ។ អ្នក​ជំងឺ​គ្រប់រូប តែងចង់បានពាក្យល្អៗ ពីគ្រូពេទ្យ មិនថាឈឺប៉ុណ្ណា កាលបើបានលឺសំដីល្អៗ ក៏ធ្វើអោយពួកគាត់​មាន​អារម្មណ៍​ធូរស្រាលខ្លះ។

សម្រាប់ ប្រិយមិត្តម្នាក់ទៀត ដាក់ឈ្មោះ Rothana Heng បានលើកឡើងការពារមន្ត្រីគ្រូពេទ្យទាំងនោះថា គួរតែ​កុំ​គិតការប្រើពាក្យ​សម្តីមិន​សមរម្យនោះអី ព្រោះអ្វីដែលសំខាន់ គឺកូនរបស់អ្នកបានផុតពីសេចក្តីស្លាប់រហូត​ដល់​៨០%។ តែ រតនា បានចាត់ទុក អ្នកប្រើប្រាស់សម្ដីអាក្រក់ទាំងនោះ ថាសុទ្ធសឹងជា«តួអង្គរង ឬតួអង្គកញ្ជះ​គេ» ដែល​មាន​មាត់​ជា«ប្រែត»។ រតនា បានបកស្រាយបន្តទៀត ចំពោះតួអង្គពិតនោះ គឺវេជ្ជបណ្ឌិតឯនោះវិញទេ ថា៖ «សូម​គិត​តែ​សុខភាព​កូនលោកអ្នកទៅ ពីព្រោះមានតែមន្ទីពេទ្យគន្ធបុបា្ផនេះទេស្រុកខ្មែរ។ បើគ្មានមន្ទីពេទ្យនេះ​ ស្រុក​ខ្មែរ​ត្រូវ​ចប់ហើយ សំរាប់កូនក្មេងតូចៗ»។

ការលើកឡើងរ​បស់ រតនា ហេង បង្កឲ្យ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀត ឈ្មោះ Vannak Din យល់ស្រប ហើយបកស្រាយបន្តថា៖ «ពេលនេះអ្នកមើលឃើញកំហុស របស់ មន្ទីរពេទ្យ គន្ធបុប្ឆា ដែលធ្វើអោយអោយមិន​សប្បាយចិត្ដ ចុះបើគ្មានគន្ធបុប្ឆាវិញ តើកុមារកម្ពុជានឹងទៅជាយ៉ាងណា»?

រីឯ Sorin Sonita បានផ្ដល់ជាយោបល់ថា បើឃើញគ្រូពេទ្យជាអ្នកបំរើការទាំងនោះ ប្រព្រឹត្តិខុស គេមិនគួររិះគន់​ដូច្នេះទេ។ តែផ្ទុយទៅវិញ គួរតែផ្ដល់ព័ត៌មាន ឱ្យទៅខាងអ្នកគ្រប់គ្រងមន្ទីពេទ្យបានដឹង ទើបជាការល្អ។ ពុំគួរណា​យកមកនិយាយបូករួមដូចច្នេះឡើយ ព្រោះថាអាចជះឥទ្ធិពល ដល់អ្នកល្អមួយចំនួនទៀតនៅទីនោះ។

ឆ្លើយតបនឹងលើកឡើងទាំងប៉ុន្មានខាងលើ លោក Chea Bean ដែលបានអះអាងថា ខ្លួនជាមន្រ្តីរាជការនៅ​គណៈ​រដ្ឋមន្រ្តីផងនោះ បានបន្តដាស់តឿនក្រុមគ្រូពេទ្យថា «សំខាន់គិតត្រង់ថា តើសំដីរបស់គាត់ទាំងនេះ ពិតជាត្រឹមត្រូវ ដូចជាចរិកក្រអើតក្រទមរបស់យើង ដែរឬអត់? កុំអាងថាខ្លួនមានជំនាញ និង ចំណេះដឹងខាងពេទ្យ (...)។»

ការរិះគន់ខាងលើ គ្រាន់តែជាការលើកឡើង តែម្ខាងប៉ុណ្ណោះ ដោយគេនៅមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបអ្វី​ណាមួយ ពី​ក្រុម​មន្ត្រីគ្រូពេទ្យ និងមន្ទីរពេទ្យគន្ធបុប្ផានោះនៅឡើយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាម​ស្វែង​រកការ​ស្រាយ​បំភ្លឺ​ទាក់ទងនឹងករណីខាងលើ ដើម្បីយកមកចុះផ្សាយ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួុន។

យ៉ាងណាក៏ដោយ លោក សុវណ្ណ ពលរដ្ឋម្នាក់ដែលធ្លាប់មានកូនទៅព្យាបាលនៅទីនោះដែរ បានប្រាប់​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូថា ឥលូវ គ្រូពេទ្យទាំងនោះ បន្ថយការប្រើសម្តីមិនល្អ បាន«២០%»ហើយ។ ការកាត់បន្ថយនេះ  ទំនង​ជាបណ្ដាលមកពីមន្ទីពេទ្យនេះ អស់ជំនួយពីបរទេស និងទទួលការឧបត្ថម្ភ​ពីប្រជាពលរដ្ឋក្នុងស្រុកវិញម្ដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...