ប៉ាគីស្ថាន៖ រំលោភបូករួច យកទៅព្យួរ ក
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតីអាយុ២១ឆ្នាំមួយរូប ត្រូវបានបុរសបីនាក់ ចាប់រំលោភបូក ហើយបន្ទាប់មកត្រូវបានយកទៅព្យួរក ដើម្បីបង្វែរសំនុំរឿងថា ជាការធ្វើអត្តឃាត។ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺជនម្នាក់ ពីក្នុងចំណោមជនល្មោភកាមទាំងបី មិនមែននរណាផ្សេង ដែលនាងមិនដែលស្គាល់នោះឡើយ ព្រោះ«ជាសង្សារបស់នាង»។
ស្ត្រីជាតិប៉ាគីស្តង់មួយរូប។ (រូបថត ឯកសារ)
រំលោភសេពសន្ថវៈ - សំនុំរឿងចាប់រំលោភថ្មី ដែលធ្វើឲ្យរំជួលដល់ប្រទេសប៉ាគីស្ថាន។ យុវតីអាយុ២១ឆ្នាំមួយ ត្រូវបានរងនឹងការចាប់រំលោភបូក យ៉ាងសាហាវព្រៃផ្សៃ មុននឹងនាងត្រូវបានជនល្មើស យកទៅព្យួរក។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាល។
ព្រឹត្តិការណ៍ដែលគេនឹងស្មានមិនដល់នោះ ជនល្មើសម្នាក់ពីក្នុងចំណោមនោះ ជាសង្សារបស់ជនរងគ្រោះ។ យុវជន សាគីប ត្រូវបានកំណត់អត្តសញ្ញាណបាន ហើយបានសារភាពពីហេតុការណ៍ ដែលពួកខ្លួនបានធ្វើ៖ រំលោភ រួចសម្លាប់។ យុវជននេះ បានទទួលស្គាល់ថា ខ្លួនបានបង្ខំឲ្យយុវតីជាសង្សារបស់ខ្លួន ឲ្យរួមភេទជាមួយនឹងមិត្តភ័ក្ររបស់ខ្លួនពីរនាក់ទៀត តែនាងមិនព្រម។
យកទៅព្យួរក ដើម្បីបង្វែងដានថា ជាអត្តឃាត
យុវតីរងគ្រោះ ដែលធ្លាប់ទទួលក្ដីសង្ឃឹមពី សាគីប ថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនាងនោះ ត្រូវបានគេរកឃើញព្យួរក នៅនឹងមែកឈើមួយ នៅព្រឹកថ្ងៃបន្ទាប់។ អ្នកទទួលខុសត្រូវមួយរូបរបស់នគរបាល បានបង្ហាញថា សាកសពរបស់នាងដែលមានស្លាកស្នាមរឹតនៅត្រង់ក ត្រូវបានយកទៅព្យួរក ដើម្បីធ្វើឲ្យគេជឿថា នាងបានធ្វើអត្តឃាត។ អ្នកទទួលខុសត្រូវនោះ បានបន្តអះអាងទៀតថា៖ «តែមែកឈើ ដែលបានព្យួរនាងនោះ នៅទាបមែនទែន រហូតដល់សាកសពមានជើងប៉ះដី»។
រហូតមកដល់ពេលនេះ ជនល្មើសពីរនាក់ទៀត កំពុងស្ថិតក្នុងការតាមចាប់ខ្លួននៅឡើយ។
មែកឈើដែលគេបានឃើញចងព្យួរ យុវតីរងគ្រោះ។ (រូបថតនគរបាល)
យុវតីរងគ្រោះ ជាកូនស្រីច្បងគេនៅក្នុងគ្រួសារមួយ ដែលមានបងប្អូន៨នាក់។ ឪពុកម្ដាយរបស់នាង មានភ្នែកខ្វាក់ទាំងគូរ ហើយធ្វើការចិញ្ចឹមជីវិត ដោយការដាំដុះបន្ដិចបន្ដួច។ ឧក្រិដ្ឋកម្មនេះ មានរូបរាងប្រហាក់ប្រហែលនឹងឧក្រិដ្ឋកម្មមួយកាលពីខែមុន នៅប្រទេសឥណ្ឌាជាប់ជិតខាង ដែលយុវតីជំទង់មួយរូបបានរងនូវការរំលោភបូក ហើយត្រូវបានរកឃើញព្យួរក ដូចគ្នានេះដែរ។ កាលពីខែមីនាកន្លងទៅ នៅក្នុងករណីមួយទៀត យុវតីជំទង់ជាតិប៉ាគីស្ដង់មួយរូបទៀត អាយុ១៧ឆ្នាំ ដែលរងគ្រោះនឹងការរំលោភបូក បានដុតខ្លួនឯង ដើម្បីសម្ដែងការខឹងសម្បារប្រឆាំង នឹងការសម្រេចចិត្ត របស់នគរបាល ដែលបានដោះលែងជនសង្ស័យម្នាក់៕