ជួន មុំថុល ថាមិនខ្វល់នឹងការរិះគន់
លោក ជួន មុំថុល ដែលជាប្រធានសហជីពកម្មករផង និងជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផង បានថ្លែងថា លោកមិនខ្វល់នឹងពាក្យរិះគន់របស់មជ្ឈដ្ឋានទូទៅ ចំពោះមុខតំណែងរបស់លោកនោះទេ។ លោកបានអះអាងថា នោះជារឿងសាមញ្ញទៅហើយ នៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវតែមានការរិះគន់។
លោក ជួន មុំថុល។ (រូបថត ហ្វេសប៊ុក)
យុត្តិធម៌ - បច្ចុប្បន្នលោក ជួន មុំថុល ត្រូវបានគេដឹងថា មានមុខតំណែងយ៉ាងហោចណាស់៥ ដែលពាក់ព័ន្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទា។ មុខតំណែងទាំងនោះរួមមាន៖
ទី១. ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ទី២. អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្រាប់ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា មានឋានៈស្មើអគ្គនាយក នៃអគ្គនាយកដ្ឋានរបស់ក្រសួង។
ទី៣. អនុប្រធានគណៈកម្មការ ប្រឹក្សាការងារ ភាគីតំណាងកម្មករ និយោជិត។
ទី៤. ប្រធានសហព័ន្ធ សហជីពខ្មែរ។
ទី៥. សមាជិកនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្រាប់ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា។
មានមុខតំណែងច្រើន ក្នុងពេលតែមួយ ស្ថាប័នពាក់ព័ន្ធតែមួយ ហើយក៏មានមុខតំណែងត្រូវការពារប្រយោជន៍កម្មករ និយោជិត ស្របពេលដែលមានមុខតំណែងស្និតនឹងរដ្ឋាភិបាល នាំឲ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យ ពីសមត្ថភាពនិងប្រសិទ្ធិភាពបំពេញការងារ ដែលមានលក្ខណៈ«វិសមិតភាពការងារ» របស់លោកជួន មុំថុល។ នេះមិនទាន់រាប់បន្ថែម ពីថានៈរបស់លោក ដែលជាសកម្មជននយោបាយដ៏លេចធ្លោមួយរូប របស់គណបក្សប្រជាជនកម្ពុជានោះផង។
តែបញ្ហាទាំងនេះ ត្រូវបានលោក ជួន មុំថុល បកស្រាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ នេះថា៖ «តំណែងទាំងនោះ ពិតជាមានពិតប្រាកដមែន តែតំណែងទាំងនោះភាគច្រើន ជាតំណែងបណ្តោះអាសន្នៗប៉ុណ្ណោះ។ ការងារនៅតំណែងផ្សេង មានអញ្ចឹងហើយ តែមុខតំណែងស្នូល (ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) របស់យើងនៅតែធ្វើ។»
ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ ក៏បានអះអាងដែរថា តាមពិតទៅ មុខតំណែងទាំងអស់នេះ ភាគច្រើនជាការចាត់តាំង របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ហើយការងារក៏គ្មាន បញ្ហាស្មុគស្មាញ ឬច្របូកច្របល់ដូចការរិះគន់អីដែរ។ លោកជួន មុំថុល បញ្ជាក់ថា៖ « គ្មានអីទេ តាមធម្មតា ការរិះគន់វាចេះតែមានអញ្ចឹងហើយ»។
នៅក្នុងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មិនមែនមានករណីតែលោក ជួន មុំថុល មួយរូបទេ តែនៅមានតំណែងជាច្រើនផ្សេងទៀត ដែលសុទ្ធតែត្រូវបានបង្កើតឡើង ដើម្បីបំពាក់ឲ្យបុគ្គលតែមួយនាក់ ឬមិនមានមនុស្សគ្រាប់គ្រាន់ ដើម្បីនឹងមកកាន់ការនៅក្នុងមុខតំណែងទាំងនោះទេ។ បើគ្រាន់តែគេមើលលោក សុខ អាន តែម្នាក់ ដែលក្រៅពីតំណែងបច្ចុប្បន្ន ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនោះ មន្ត្រីដៃស្ដាំដ៏ជំនិតរបស់លោក ហ៊ុន សែន រូបនេះ នៅមានកាន់តំណែង«គ្រាក់ៗ» មិនតិចជាង១០ផ្សេងទៀតឡើយ៕
-----------------------------------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ ឧសភា ២០១៤