អ្នកសារព័ត៌មាន រួមគ្នាប្រតិកម្មនឹងការធ្លាក់ចុះ នៃសេរីភាពសារព័ត៌មាន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងទិវាសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភានេះ ក្រុមអ្នកសារព័ត៌មានអាជីពកម្ពុជាជាច្រើន បានជួបប្រជុំគ្នា នៅសណ្ឋាគារអ៊ីនធើខន ដើម្បីពិនិត្យមើលសិទ្ធិសេរីភាពនៃរបបសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងចំណោមនោះ មានមួយចំនួនធំ បានសម្ដែងប្រតិកម្មធ្ងន់ៗ និងធ្វើការថ្កោលទោស ចំពោះការរើសអើងវាយដំមកលើអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានអាជីពខ្លះទៀត ថែមទាំងបរិហារថា ការវាយដំទៅលើអ្នកសារព័ត៌មាននេះ ជាកំហុសដ៏ធំរបស់មន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលនោះទៀតផង។
អ្នកសារព័ត៌មានបរទេសមួយរូប ត្រូវបានក្រុមសន្តិសុខបិទមុខ វាយដំ។ (រូបថតហ្វេសប៊ុក)
សារព័ត៌មាននៅកម្ពុជា - លោក ប៉ែន បូណា និពន្ធនាយកវិទ្យុបារាំងអន្តរជាតិប្រចាំនៅទីក្រុងភ្នំពេញ បានថ្លែងថ្កោលទោសទៅលើមន្រ្តីរដ្ឋាភិបាល ដែលបានវាយធ្វើបាបអ្នកសារព័ត៌មាននោះ ហើយបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធនានា ជំរុញឲ្យរដ្ឋាភិបាលនាំអ្នកប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស។ លោកស្នើឲ្យមានការកំណត់ដ៏ជាក់លាក់ថា៖ «បើកងសន្តិសុខណាប៉ះពារអ្នកកាសែត ត្រូវតែមានទោស។ ព្រោះអ្នកការសែត មិនមែនជាអ្នកទៅតវ៉ា ឬធ្វើបាតុកម្មទេ។ (...) គ្រាន់តែទៅយកព័ត៌មាន ហេតុអ្វីត្រូវវាយពួកគាត់។»
ទាក់ទងទៅនឹងសំនួរសួរថា អ្នកសារព័ត៌មាន១៣នាក់ហើយដែលបានស្លាប់ តែមកទល់នឹងពេលនេះ នៅមិនទាន់មានដំណោះស្រាយណាមួយ សមស្របពីរដ្ឋាភិបាលនៅឡើយនោះ លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា៖ «ទោះមិនទាន់មានលទ្ធផលក៏ដោយ យើងត្រូវតែបន្តការទាមទារ។ បើយើងនៅស្ងៀមនោះ ស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ។ (...) យើងគួររួមគ្នាបញ្ចេញសម្លេងទាមទា ចង់មិនចង់ តិចឬច្រើន ខ្ញុំគិតថាក៏ទទួលបានលទ្ធផលដែរ។»
ទាក់ទងនឹងការធ្លាក់ចុះ នៃសិទ្ធិយកព័ត៌មានរបស់អ្នកសារព័ត៌មាន លោកអាលែន ផាកហោស (Alan Parkhouse) និពន្ធនាយកការសែតភ្នំពេញប៉ុស្តិ៍ បានកត់សំគាល់ថា ចំពោះស្ថាប័នសារព័ត៌មានភាគច្រើន ការផ្សាយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ លោកបានបង្ហាញនូវភាពក្រៀមក្រំ នូវអ្វីដែលបានកើតឡើងនៅកម្ពុជា លើអ្នកសារព័ត៌មាន តាមរយៈការវាយ ទាត់ ធាក់ ឬអុកក្បាលទៅនឹងដីជាដើម។ លោកបានបន្តថា រយៈពេលចុងក្រោយនេះ មានការគំរាមតាមទួរស័ព្ទ ពីក្រុមអនាមិកមួយចំនួនពាក់ព័ន្ធ នឹងការផ្សាយព័ត៌មានរបស់ស្ថាប័នរបស់លោកផងដែរ។
តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា កម្ពុជានៅមានភាពប្រសើរមួយ ដែលអនុញ្ញាតិឲ្យមានក្រុមហ៊ុនសារព័ត៌មានអាជីព តែចាំបាច់ត្រូវតែក្រុមអាជ្ញាធរទាំងនោះ ផ្តល់ឱកាសឲ្យបានច្រើនដល់អ្នកសារព័ត៌មាន។
សម្រាប់អ្នកវិភាគឯករាជជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា តាមលិខិតតុប្បករណ៍ដែលមាន កម្ពុជាត្រូវតែគោរពសិទ្ធិមនុស្ស បញ្ឈប់នូវការកាប់សម្លាប់គ្នា ផ្តល់ឲ្យមាននូវការផ្សព្វផ្សាយ និងការបញ្ចេញមតិគ្រប់គ្រាន់។ លោកក៏បានធ្វើចំណាប់អារម្មណ៍ ទាក់ទងនៅនឹងមូលហេតុដែលបង្កឲ្យមានហិង្សានេះថា ព្រោះតែភាពបង្រួញនូវសិទ្ធិនានាពីច្បាប់ មកអនុក្រិត្យ មកបទបញ្ជា រហូតមកដល់ការអនុវត្ត ដែលធ្វើឲ្យបាត់បង់ស្ទើតែទាំងស្រុង នូវសិទ្ធិទាំងនោះ។ លោកអះអាងថា៖ «ច្បាប់ទាំងឡាយ មិនត្រូវបានកាត់បន្ថយសិទ្ធិសេរីភាព ដែលមានទេ។ លើកលែងតែមានភាពអាសន្ន តាមរយៈការប្រកាសដាក់ភាពអាសន្ន ទើបសិទ្ធិសេរីភាពទាំងនោះ អាចធ្វើការព្យួរបាន។»
ដោយឡែកលោក ឡាក់ ហ៊ុន (Luke Hunt) អតីតប្រធានការិយាល័យ ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានថ្លែងយ៉ាងខ្លីថា បើកាលណាអំណាចទាំងបី រួមមានអំណាចនីតិបញ្ញតិ នីតិប្រតិបត្តិ និងតុលាការនៅដាច់ពីគ្នាពិតប្រាកដនោះ អំណាច និងសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន នឹងកើតមានដោយឯកឯង។
តែដើម្បីឲ្យសម្លេងអ្នកសារព័ត៌មានខ្លាំង លុះត្រាតែអ្នកសារព័ត៌មានទាំងអស់គួរចងគ្នាឲ្យខ្លាំងដែរ។ នេះជាការលើកឡើងរបស់លោក ពុយ គារ អ្នកឆ្លើយឆ្លងព័ត៌មានគ្យូដូ (Kyodo) របស់ជប៉ុន។ លោកបានថ្លែងទៀតថា៖ «អ្នកការសែតមិនសូវសហការគ្នា ធ្វើការតែរៀងៗខ្លួននោះជាបញ្ហា»។
លោកបានបង្ហាញពីរបាយការណ៍ នៃសមាគមអ្នកការសែតកម្ពុជា ពាកព័ន្ធនឹងភាពធ្លាក់ចុះថា ឆ្នាំ២០១៤នេះការគំរាមកំហែងលើអ្នកសារព័ត៌មាន មាន១៥ករណី ដែលឆ្នាំមុនមានតែ៥ករណី។ ឯបណ្តឹងលើអ្នកសារព័ត៌មាន៧ករណី ដែលឆ្នាំមុនមាន៤ករណី ។ ការចាប់ខ្លួន និឃាត់ខ្លួន១២ និង៨ករណីទាក់ទងនិងការបំពេញវិជ្ជាជីវៈ បើធៀបទៅនឹងឆ្នាំមុនមានតែ៧ករណី៕
-------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៣ ឧសភា ២០១៤