អាជ្ញាធរ​បាន​ឃាត់​ខ្លួន អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ក្នុង​យប់​នេះ

លោក អ៊ួន ឈិន អ្នកកាសែតដ៏ល្បីម្នាក់ និងធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួននៅយប់នេះ នៅក្នុងផ្ទះសំណាក់មួយ។ ប្រភពស្និតនឹងសំនុំរឿង បានអះអាងថា អាជ្ញាធរបានសង្ស័យលោក អ៊ួន ឈិន និងសហការីរបស់លោកម្នាក់ទៀត គឺលោក យាង សុធារិន្ទ ថាបានលួចធ្វើព័ត៌មាន ទៅឲ្យវិទ្យុអាស៊ីសេរី នៅឯរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
អាជ្ញាធរ​បាន​ឃាត់​ខ្លួន អ៊ួន ឈិន អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ក្នុង​យប់​នេះ
លោក អ៊ួន ឈិន (ខាងឆ្វេង ពាក់អាវខ្មៅ) អ្នកសារព័ត៌មានដ៏ស្វិតស្វាញម្នាក់ និងជាអតីតបុគ្គលិកឲ្យវិទ្យុអាស៊ីសេរី នៅក្នុងអំឡុងពេលនៃការឃាត់ខ្លួន សាកសួរ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 14, 2017
  • ប្រធានបទ: សេរីភាពព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកសារព័ត៌មានឯករាជ្យ ក្នុងប្រទេសកម្ពុជា បានរាយការណ៍ និងជូនដំណឹងជាបន្តបន្ទាប់គ្នា នៅយប់ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ ពីការឃាត់ខ្លួនលោក អ៊ួន ឈិន អ្នកសារព័ត៌មានដ៏ស្វិតស្វាញម្នាក់ និងជាអតីតបុគ្គលិកឲ្យវិទ្យុអាស៊ីសេរី រួមនឹងលោក យាង សុធារិន្ទ (រហស្សនាម យាង សុជាមេត្តា) ដែលធ្លាប់បម្រើការ ឲ្យស្ថាប័នខាងលើនេះដូចគ្នា។

ប្រភពបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងពីរ ត្រូវបានក្រុមអាជ្ញាធរ ចូលទៅឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ «ម៉ារាឌី» ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសង្ស័យពួកគេ ថាបានធ្វើព័ត៌មានជាសំងាត់ ដើម្បីផ្ញើរទៅវិទ្យុអាស៊ីសេរី នៅឯរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

 

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីខណ្ឌមានជ័យ ដើម្បីសុំការបំភ្លឺបានទេ នៅក្នុងពេលភ្លាមៗ តែបើតាមលិខិតកំណត់ហេតុមួយច្បាប់ ដែលកត់ត្រា ពីការហេតុការណ៍នោះ និងដែលទស្សនាវដ្ដីទើបនឹងទទួលបាន ក្នុងយប់នេះ បានបញ្ជាក់ថា វាមិនទាន់ឈាន ទៅដល់ការឃាត់ខ្លួននៅឡើយ តែជាការចុះត្រួតពិនិត្យ ដើម្បី«សាកសួរព័ត៌មាន» ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។

ការចូលទៅត្រួតពិនិត្យ បានធ្វើឡើងនៅវេលាម៉ោង ១៩យប់ និងបានបញ្ចប់ទៅ នៅ៥០នាទីក្រោយមក ដោយគ្មានហេតុភេទអ្វីផ្សេង កើតឡើងទេ បន្ទាប់ពីរកមិនឃើញភស្តុតាងអ្វីច្បាស់លាស់ ក្រៅពីបន្ទប់ថតសម្លេងមួយ ដែលលោក អ៊ួន ឈិន អះអាងថា បានបង្កើតឡើង ដើម្បីការកំសាន្ដ និងដើម្បីធ្វើអាជីវកម្មបន្តិចបន្តួច។ នៅក្នុងកំណត់ហេតុ បានបញ្ជាក់ទៀតថា លោកអភិបាលរងខណ្ឌ បាន«ណែនាំ» ឲ្យអតីតអ្នកសារព័ត៌មាន បញ្ឈប់នូវសកម្មភាពខាងលើ ឬត្រូវសុំការអនុញ្ញាត ពីសំណាក់​ក្រសួងមានសមត្ថកិច្ច ដែលពាក់ព័ន្ធ ប្រសិនជាចង់បើករកទទួលទាន។

បញ្ជូនខ្លួនទៅស្នងការដ្ឋាន?

ប្រភពផ្សេងទៀត បានឲ្យដឹងថា លោក អ៊ួន ឈិន ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ទាក់ទងនឹងការរកឃើញ បន្ទប់ថតសម្លេងខាងលើ។ ប្រភពដដែលនោះ បានបន្ថែមថា នៅថ្ងៃទី១៥ ខែវិច្ឆិកាស្អែក អាជ្ញាធរនឹងបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យ ទៅលើអ្វីដែលបានរកឃើញ នាពេលនេះ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានព្យាយាមទាក់ទង ទៅអ្នកស្និតនឹងលោក អ៊ួន ឈិន តែនៅទាន់មានការឆ្លើយតបនៅឡើយ។

ចំពោះលោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ យ៉ាងដិតដល់មួយរូបនោះ បានចាត់ទុកទង្វើ ពីសំណាក់អាជ្ញាធរ ក្នុងការឃាត់ខ្លួនអ្នកសារព័ត៌មានណាម្នាក់ ខណៈអ្នកសារព័ត៌មានរូបនោះ ធ្វើកិច្ចការរបស់ខ្លួននោះ ថាជាការរិតត្បិតសេរីភាពដ៏ធ្ងន់ធ្ងរ។

 

លោក អូលីវើយ៉េ កង់តាំង (Olivier QUANTIN) អ្នក​សារព័ត៌មាន​ឯករាជ្យ ជា​ជនជាតិ​បារាំងមួយរូប ដែល​តែង​ធ្វើ​បទ​យកការណ៍​ជាច្រើន ពី​ប្រទេស​កម្ពុជា បានថ្លែង​ឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូដឹងថា ទង្វើចាប់ឃាត់ខ្លួន ក្រោមលេស«ធ្វើការត្រួតពិនិត្យ»នេះ ពីសំណាក់អាជ្ញាធរ ដែលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន ជាការគម្រាមកំហែងមួយទៀត ទៅលើវិស័យសារព័ត៌មាននៅកម្ពុជា ដែលកំពុងធ្លាក់ចុះដុនដាបស្រាប់។

លោក កង់តាំង បានថ្លែងឡើងថា អ្នកសារព័ត៌មានមួយរូប មិនចាំបាច់ថាត្រូវមានស្ថាប័នធ្វើការ ទើបមានសិទ្ធិធ្វើព័ត៌មាន ដោយឯករាជ្យផ្ទាល់ខ្លួន​នោះទេ។ អ្នកសារព័ត៌មានមានសិទ្ធិ ក្នុងការធ្វើកិច្ចការរបស់ខ្លួន និងបញ្ជូនព័ត៌មាននោះ ទៅឲ្យស្ថាប័នណា ដែលខ្លួនចង់ធ្វើការជាមួយ ឬស្ថាប័នណា ដែលចង់ទិញយកស្នាដៃរបស់អ្នកសារព័ត៌មាននោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...