ចម្រៀង​ត្រៀម​អបអរ​ចូល​ឆ្នាំ​ថ្មី របស់​ផលិតកម្ម​ថោន អាស​អាភាស?

«និពន្ធយូរៗទៅ កាន់តែទ្បប់ហើយ» នេះជាការលើកឡើងរបស់ប្រិយមិត្តមួយចំនួន ដែលភាគច្រើនជាអ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមហ្វេសប៊ុក រិះគន់ទៅលើផលិតកម្មថោន បន្ទាប់ពីផលិតកម្មនេះ បានផលិតបទថ្មីៗមួយចំនួន ត្រៀម​ចេញលក់នៅពេលចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«និពន្ធយូរៗទៅ កាន់តែទ្បប់ហើយ» នេះជាការលើកឡើងរបស់ប្រិយមិត្តមួយចំនួន ដែលភាគច្រើនជាអ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមហ្វេសប៊ុក រិះគន់ទៅលើផលិតកម្មថោន បន្ទាប់ពីផលិតកម្មនេះ បានផលិតបទថ្មីៗមួយចំនួន ត្រៀម​ចេញលក់នៅពេលចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។


តារាចម្រៀងរបស់ផលិតកម្មថោន ដែលដាក់នៅលើគម្របថាសចម្រៀង។ (រូបថតក្រុមហ៊ុន)

ចម្រៀង - ផលិតកម្មទីក្រុងភាពយន្ត(Town Production) ដែលជាផលិតកម្មល្បីមួយក្នុងប្រទេសកម្ពុជា បានធ្វើ​ថាសចម្រៀងអបអរសារទរ​ចូល​ឆ្នាំប្រពៃណីជាតិចំនួន ៤ អាល់ប៊ុម គិតជាបទចម្រៀងមានជាង ៤០បទ។ បទចម្រៀង​ថ្មីៗដែលផលិតកម្មមួយនេះ ផលិតសំរាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងដែលគ្រោងចេញលក់នៅ​ពេលខាងមុខនេះ មានបទចម្រៀង​មួយ​ចំនួន ត្រូវរងនូវការរិះគន់យ៉ាងចាស់ដៃ ថាមានន័យអាសអាភាស ពីអ្នក​តាម​ដានស្រឡាញ់ពិភពសិល្បៈ ជា​ពិសេស​នោះគឺប្រិយមិត្តនៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក​តែម្ដង ។

បទចម្រៀងដែលរងការវាយប្រហារថា ជាបទអាសអាភាសនិងចំអេះចំអាសជាងគេនោះ មានដូចជាបទ «ដួលគង​ចំប៉ាន់»​ របស់កញ្ញា សុគន្ធ នីសា និងតារាកំប្លែងនាងខ្ញុង បទ«បបរក្តៅ»របស់លោក សុគន្ធ ថេរ៉ាយុ និងកញ្ញាអែននី ស្សាម និងបទ​មួយ​ចំនួនទៀត។

ម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះ Pisey KH ទំនងជាអ្នកចូលចិត្តអភិរក្សវប្បធម៌ខ្មែរ ដែលបានស្តាប់បទចម្រៀង​របស់​ផលិតកម្ម​ខាងលើ បានបញ្ចេញការយល់ឃើញថា «គួរតែមានបទណា ដែលធ្វើអោយយុវវ័យស្គាល់ពីសីលធម៌ខ្មែរ ខ្ញុំគិតថា វាមិនពិរោះអីត្រង់ចំអេះចំអាសទេ»។

Theavy Kaem ជាអ្នកគាំទ្រផលិតកម្មថោនមួយរូប ប៉ុន្តែអ្នកគាំទ្ររូបក៏រិះគន់ដែរ ទៅលើចំណង​ជើងបទ​ចម្រៀង​មួយ​ចំនួនថា «ឆ្នាំនេះមានបទចំរៀងពីរោះច្រើនដែល Town និពន្ធខ្លួនឯង ខ្ញុំសុំសរសើរនិងគាំទ្រ តែហេតុអី​ចំណង​ជើង​បទចំរៀងខ្លះ មានន័យហួសហេតុ ទៅលើរឿងអាសអាភាសម្លេះ? ដូចជាបទដួលគងចំប៉ាន់ ខ្ញុំគិតថាបទចំរៀង​ពីរោះ តែចំណងជើងវិញពិបាកស្តាប់ ហើយនឹងបទមួយចំនួនផ្សេងទៀត។ នៅពេលបទចំរៀងចេញ មានអ្នកស្តាប់​ទូទាំង​ប្រទេស និងមានក្មេងៗច្រើនច្រៀងតាម ខ្ញុំគិតថាគួរតែរកចំណងជើងដាក់អោយសមរម្យជាងនេះ។»

អ្នកនិពន្ធវ័យក្មេងប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ បានសរសេរលើទំព័រហ្វេសប៊ុកមួយ របស់​ផលិតកម្ម​នេះ ដែលមានគណនីឈ្មោះ Official Town Production ជាការឆ្លើយតបទៅកាន់អ្នកដែលរិះគន់ និងអ្នកគាំទ្ររបស់ខ្លួន​កន្លងមកថា «សូមអ្នករិះគន់មេត្តាពិចារណាផង ខំនិពន្ធMelodyថ្មី មិនចំលងដើម្បីកុំអោយប្រទេសជិតខាងមាក់ងាយ បែរជាត្រូវជួបការរិះគន់ បំបាក់ទឹកចិត្តខ្ញុំទៅវិញ ខ្ញុំពិតជាហួសចិត្តហើយ ខ្ញុំមិនដែលខ្លាចការរិះគន់ទេ ប៉ុន្តែការរិះគន់​ខ្លះហាក់ដូចជាហួសហេតុពេក»។

បើទោះបីជាអ្នកនិពន្ធខាងលើ រងការរិះគន់ថា និពន្ធបទមិនទំនងសំរាប់អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ តែមាន​ប្រិយមិត្តមួយចំនួនដែលនៅតែគាំទ្រ និងលើកទឹកចិត្តសំរាប់ស្នាដៃ ដែលនិពន្ធដោយខ្លួនឯងមិនចម្លងគេ។ Dada Yuki ដែលគាំទ្រកាលើកឡើងរបស់អ្នកនិពន្ធខាងលើ បានយល់ស្របថា «គេនិពន្ធចំរៀងចឹង ថាគេឈ្លើយ ដល់គេ​យកចំរៀងបរទេសមកច្រៀង ថាខ្មែរយកតែចំរៀងគេមកច្រៀង គេនិពន្ធអោយស្ដាប់ហើយ ជួយលើកស្ទួយចំរៀង​ខ្មែរផងទៅអ្នកទាំងអស់គ្នា»

ចំណែក Srey Noch បន្ទរដែរថា «ខ្ញុំគាំទ្របង កាត់ន័យតែខ្លួនឯង ហើយមករិះគន់គេទៀត បើខ្លាំងកុំស្តាប់ទៅ​វា​ចប់​ហើយ មានអ្នកចង់ស្តាប់ច្រើនណាស់»។ Poipet Bmc «តាស្រង់ កុំខ្វល់ពីការរិះគន់គេអី ព្រោះនេះមកពីគេកាត់ន័យ​ផ្ដេសផ្ដាសខ្លួនគេទេ»។

យ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋានអ្នកស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ និងបញ្ញាជនជាច្រើន នៅតែបានធ្វើការរំលឹក​ជា​ញយដង ទៅដល់អ្នក​និពន្ធ ទោះជាទៅលើស្នាដៃ​អ្វីក៏ដោយ ត្រូវដាក់«ព្រលឹង»នៅក្នុងខ្លួនទៅក្នុងស្នាដៃរបស់ខ្លួន ទើបនឹងស្នាដៃនោះ​អាចមា​ន​​ការគាំទ្រ និងមានជីវិតមិនស្លាប់ទៅវិញភ្លាមៗ។ «អ្នកនិពន្ធ អ្នកចម្រៀង និងតន្រីករ អាចស្លាប់ តែព្រលឹងនៃស្នាដៃមិនស្លាប់ទេ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៤ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...