អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នកវិភាគនយោបាយ និងអ្នកជំនាញការបោះឆ្នោត បានសម្តែងការគាំទ្រចំពោះការកែទម្រង់ ស្ថាប័នបោះឆ្នោតឲ្យទៅជាស្ថាប័នធម្មនុញ្ញ។ ជំហរនេះស្តែងឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជា នៅរក្សជំហរដដែល នោះគឺការបដិសេធមិនឲ្យដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដែលជាគំនិតផ្តួចផ្តើម និងជាការស្នើសុំរបស់គណបក្សសង្រ្គោះជាតិ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកវិភាគនយោបាយ និងអ្នកជំនាញការបោះឆ្នោត បានសម្តែងការគាំទ្រចំពោះការកែទម្រង់ ស្ថាប័នបោះឆ្នោតឲ្យ​ទៅជាស្ថាប័នធម្មនុញ្ញ។ ជំហរនេះស្តែងឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជា នៅរក្សជំហរដដែល នោះគឺការ​បដិសេធមិនឲ្យដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដែលជាគំនិតផ្តួចផ្តើម និងជាការស្នើសុំរបស់​គណបក្ស​សង្រ្គោះជាតិ។


លោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច បានពន្យល់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមីនានេះថា បើស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជាមានភាពឯករាជ្យ និង​អព្យាក្រិត្យ គ្រប់គ្រាន់ នោះកម្ពុជាមិនបាច់កែទម្រង់ ដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ ដូចបណ្តាប្រទេស​មួយចំនួន​នោះទេ តែស្ថាប័នបោះឆ្នោតនៅកម្ពុជា បានធ្វើឲ្យមានឧបសគ្គនយោបាយក្រោយការបោះឆ្នោត ច្រើន​អាណត្តិមកហើយ ព្រោះគណបក្សនយោបាយ មិនជឿជាក់លើស្ថាប័នមួយនេះ។

លោកសុខ ទូច បញ្ជាក់ថា៖ «ស្ថាប័នបោះឆ្នោត មិនមែនជាឧបករណ៍របស់អ្នកនយោបាយឬ គណបក្សនយោបាយ ទេ គឺត្រូវឯករាជ្យ អព្យាក្រិត្យ (...)។ ហាសិបបូកមួយ គណបក្សប្រជាជន ឬទៅថ្ងៃមុខគណបក្សឈ្នះឆ្នោតធ្វើអ្វីក៏​បាន តែបើពីរភាគបី វាក្លាយទៅជាការសម្របសម្រួលនយោបាយមួយ ហើយមានភាពរឹងមាំ»។

ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ តាមរយៈលិខិតជូនតំណឹង នៅថ្ងៃទី១៣ មីនា បានបន្តទទូចដល់គណបក្ស​ប្រជាជនថា ប្រធានបទពាក់ព័ន្ធនឹងការកែទម្រង់ ស្ថាប័នរៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញឯករាជ្យ និងមានការជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងពីរភាគបី នៃសមាជិកសភាទាំងមូល គឺមានលក្ខណៈចាំបាច់​ជា​អាទិភាព សម្រាប់ការងារកែទម្រង់ការបោះឆ្នោត ដែលមិនអាចរំលងបាន។

ជាការឆ្លើយតបគណបក្សប្រជាជនកម្ពុជា បានធ្វើលិខិតឆ្លើយបត ក្នុងថ្ងៃដដែល ដោយឯកភាពយកប្រធានបទ​កែទម្រង់​ស្ថាប័នរៀបចំការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គជប) បញ្ចូលទៅក្នុង​ក្របខណ្ឌ​កំណែទម្រង់ការបោះឆ្នោត សម្រាប់ការចរចានៅថ្ងៃទី១៧ មីនា ខាងមុខ តែក្នុងលិខិតនោះ មិនបានបង្ហាញការ​ឯកភាព ចំពោះការស្មើសុំរបស់គណបក្សសង្រ្គោះជាតិ ដែលចង់ដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ តាមរយៈ​ការកែទម្រង់ការបោះឆ្នោត ដែលគណបក្សទាំងពីរកំពុងធ្វើ។

តែបើយោងលើ លោក ព្រំ សុខា មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិ ក្នុងពេលចុងក្រោយបំផុតបាន អត្ថាធិប្បាយថា ការស្នើដាក់សា្ថប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនអាច​ទៅរួចទេ ព្រោះវាខុសច្បាប់ ខុសគោលការណ៍រដ្ឋបាល ហើយគ្នានតម្លៃ។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និង​ត្រឹមត្រូវ​នៅកម្ពុជា (NICFEC) បានអត្ថាធិប្បាយថា ស្ថាប័នបោះឆ្នោតបច្ចុប្បន្ន ជាស្ថាប័នរដ្ឋបាល ហើយគណបក្ស​ប្រជាជនកម្ពុជា បានចំណេញច្រើនពីស្ថាប័ននេះ ដូច្នេះគណបក្សនេះមិនចង់ផ្លាស់ស្ថាប័ននេះ ទៅជាស្ថាប័នធម្មនុញ្ញ​ដែលមានឯករាជ្យភាព ។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «បើដាក់ស្ថាប័នបោះឆ្នោតទៅជាស្ថាប័នធម្មនុញ្ញ វានឹង​មិន​រងគំនាបពីភាគីណាទេ តែផ្តល់ប្រយោជន៍ពិតប្រាកដដល់ម្ចាស់ឆ្នោត»។

តាមការស្រាវជ្រាវ របស់អ្នកជំនាញការ ខាងកិច្ចការបោះឆ្នោតបានឲ្យដឹងថា ប្រព័ន្ធបោះឆ្នោត តាមបណ្តាប្រទេស​មួយចំនួន ក្នុងតំបន់ ដូចជា ថៃ ឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន កូរ៉េខាងត្បូង និងជប៉ុន ដែលបានសន្យាជួយកែទម្រង់​ការបោះឆ្នោតនៅកម្ពុជា គឺមានស្ថាប័នរៀបចំការបោះឆ្នោត មានឥទ្ធិពលជាខ្លាំងទៅលើគណបក្សនយោបាយ និង​អ្នកនយោបាយ ព្រោះតែសមាជិកនៃស្ថាប័នរៀបចំការបោះឆ្នោត ប្រទេសទាំងនោះ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ​យ៉ាងរឹងមាំ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...