ថៃ៖ យីង ឡាក់ បដិសេធ​សំណើ​សុំ​លើក​ពេល​បោះឆ្នោត

លោកស្រីនាយរដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា កាលពីពុធម្សិលមិញ បានកោះប្រជុំជាមួយបន្ទាន់​ ដើម្បីពិភាក្សា​ទៅលើការស្នើសុំពន្យាពេលបោះឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយសារតែ​ការវឹកវរនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំ លោកស្រី យីង ឡាក់ បានអះអាងថា តំណាងចូលរួម​ភាគច្រើន​គំាទ្រ​ឲ្យមានការបោះឆ្នោត នៅខែកុម្ភៈខាងមុខ មិនឲ្យលើកពេលនោះទេ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកស្រីនាយរដ្ឋមន្រ្តីថៃ យីង ឡាក់ស៊ីណាវ៉ាត្រា កាលពីពុធម្សិលមិញ បានកោះប្រជុំជាមួយបន្ទាន់​ ដើម្បីពិភាក្សា​ទៅលើការស្នើសុំពន្យាពេលបោះឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដោយសារតែ​ការវឹកវរនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែក្រោយកិច្ចប្រជុំ លោកស្រី យីង ឡាក់ បានអះអាងថា តំណាងចូលរួម​ភាគច្រើន​គំាទ្រ​ឲ្យមានការបោះឆ្នោត នៅខែកុម្ភៈខាងមុខ មិនឲ្យលើកពេលនោះទេ។


ក្រុមបាតុករនៅមុខទីស្ដីការនាយករដ្ឋមន្ត្រីថៃ កណ្ដាលទីក្រងុបាងកក កាលពីដើមខែវិច្ឆិកា។ (រូបថត Reuters)

នយោបាយថៃ - «ការបោះឆ្នោតសកលនឹងនៅតែចាប់ផ្តើមធ្វើនៅថ្ងៃទី ០២ ខែកុម្ភៈខាងមុខ ដោយគ្មានការលើក​ពេលនោះទេ» នេះគឺជាការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃចាំផ្ទះ លោកស្រី យីង ឡាក់ស៊ីណាវ៉ាត្រា ក្រោយពីកិច្ច​ពិភាក្សាបន្ទាន់មួយរវាងមេគណបក្សនយោបាយ អង្គការសង្គមសង្គមស៊ីវិលមួយចំនួន ដែលធ្វើឡើងនៅ​ទីស្នាក់ការ​កណ្តាលកងទ័ពអាកាសនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី ១៥ ខែមករា ម្សិលមិញ ដើម្បីឆ្លើយតបទៅនឹង​ការស្នើ​សុំពន្យាពេលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងប្រទេសនេះ។

កិច្ចប្រជុំបន្ទាន់ដែលពិភាក្សា ទៅលើប្រធានបទបោះឆ្នោតនៅពេលខាងមុខ ថាតើគួររៀបចំឲ្យមានការបោះឆ្នោត​នៅ​ថ្ងៃទី ០២ ខែ កុម្ភៈ ឬត្រូវពន្យាលពេលទៅមុខទៀត ទៅតាមការស្នើសុំ របស់គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​នៅក្នុងប្រទេសថៃ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ ដែលបានសុំឲ្យរដ្ឋាភិបាលលើកពេលបោះឆ្នោត ដោយសារតែភាពចលាចលនៅក្នុងប្រទេសកាន់តែរីករាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏ប៉ុន្តែការស្នើសុំ​របស់ គ.ជ.ប ថៃនេះ ត្រូវបានបដិសេធចោលដោយអង្គប្រជុំ ពោលគឺអ្នកចូលរួមពិភាក្សាមានចំនួនច្រើន បានសម្រេច​គាំទ្រឲ្យមានការបោះឆ្នោតនៅថ្ងៃទី ០២ ខែកុម្ភៈនោះឲ្យខានតែបាន។ ម្លោះហើយ គ្មានទេការលើកពេល​បោះឆ្នោត​ទៅមុខទៀត។ នេះការថ្លែងបញ្ជាក់របស់ លោកស្រី យីង ឡាក់។

យ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំពិភាក្សានេះ មិនមានវត្តមានមេដឹកនាំកំពូលគណបក្សប្រឆាំងថៃ និង​គណៈកម្មា​ធិការជាតិរៀបចំការបោះឆ្នោតថៃ ដែលជាស្ថាប័នឯករាជ្យ និងជាអ្នកសុំពន្យាពេល​បោះឆ្នោតចូលរួម​នៅក្នុងកិច្ច​ប្រជុំ​នោះទេ ដោយអ្នកចូលរួមភាគច្រើន គឺជាក្រុមដែលគាំទ្ររដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្ន។

សូមជម្រាបថា ហេតុផលដែលគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ស្នើសុំពន្យារពេលបោះឆ្នោតនោះ ដោយ​សារតែមានបញ្ហានៅតាមស្ថានីយ៍បោះឆ្នោតមួយចំនួន ដែលអាចជួបនឹងហានីភ័យខ្ពស់ ពីព្រោះតែពេលនេះ​ប្រទេស​ថៃ​កំពុងតែភាពចលាចល។ បើតាមអគ្គលេខាធិការ គ ជ ប បានឲ្យដឹងថា ភាពវឹកវរនេះ បានធ្វើឲ្យខ្វះបុគ្គលិកធ្វើការ នៅក្នុងមណ្ឌលបោះឆ្នោត ដោយសារពួកគេមានការភ័យខ្លាចនៃការតវ៉ាប្រឆាំងយ៉ាងខ្លាំង ទៅនឹងការបោះឆ្នោត ពី​ក្រុម​អ្នកតវ៉ាគំាទ្រក្រុមអាវលឿងថៃ នៅក្នុងតំបន់ទាំងនោះ។

ការបោះឆ្នោតឡើងវិញនៅថ្ងៃទី ០២ ខែកុម្ភៈគឺជាប្រធានបទដ៏មានសារៈសំខាន់បំផុត ដែលរដ្ឋាភិបាលលោកស្រី យីង ឡាក់ តែងស្រមៃចង់បាន ព្រោះលោកស្រីយល់ថា វិបត្តិនៅក្នុងប្រទេសថៃបច្ចុប្បន្ន មានតែការបោះឆ្នោត​ឡើង​វិញ​ទេ ទើបជាដំណោះស្រាយ ដ៏សមស្របអាចបញ្ចប់នូវបញ្ហាបាន។ ក៏ប៉ុន្តែទន្ទឹមនឹងការស្រមៃចង់បាន ​របស់​រដ្ឋាភិបាល​បែបនេះ ការបោះឆ្នោតឡើងវិញគឺជាគ្រោះថ្នាក់បំផុត នៅក្នុងក្រសែភ្នែកក្រុមបាតុករថៃ ដែលពួកគេមិនអាចយល់​ព្រម​តាមនោះឡើយ។ អ្វីដែលក្រុមនេះចង់បាន គឺគាស់រម្លើងខ្សែស្រឡាយលោក ថាក់ ស៊ីន ដែលជាអតីត​នាយករដ្ឋមន្រ្តី​ថៃ ឲ្យបាត់ពីការគ្រប់គ្រងរដ្ឋ។

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗ។ ក្រុមប្រឆាំងថៃបានប្រមូលផ្តុំ​គ្នាតវ៉ាបិទទីក្រុងបាងកកអស់រយៈពេល ៣ថ្ងៃមកហើយ។ កាលពីម្សិលមិញខណៈក្រុមបាតុករកំពុងតវ៉ា មានខ្មាន់​កាំភ្លើងមិនស្គាល់មុខបានបាញ់រះមកលើបាតុករ បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត។ ការណ៍នេះ បាន​ធ្វើឲ្យក្រុមបាតុករថៃ កាន់តែក្តៅក្រហាយ នឹងបន្ថែមកម្លាំងចូលរួមតវ៉ាច្រើនឡើងៗ ដើម្បីទម្លាក់លោក ស្រី យីង ឡាក់ ចេញពីអំណាច៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...