វិភាគ៖ ការ​«ផ្អាក»​បុណ្យ​អ៊ំ​ទូក ខាត ឬ​ចំណេញ?

សារាចររបស់រដ្ឋាភិបាល បានប្រកាសផ្អាកបុណ្យប្រពៃណីជាតិមួយទាំងមូល មិនឲ្យប្រារព្ធជាបន្ត​បន្ទាប់ ដល់​ទៅ​បីឆ្នាំ​រួច​មក​ហើយនេះ បានធ្វើឲ្យមិត្តអ្នកអានជាច្រើនចោទសួរថា ក្រៅតែពីការធ្វើប្រជាភិថុតរបស់រដ្ឋាភិបាល ដែល​សម្បក​ក្រៅ​និយាយ​យោង​ពីការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះនឹងទឹកជំនន់នោះ តើការលប់ចោលបុណ្យជាតិនេះ មានបាន​គិតទៅ​ដល់ភាព​ចំណេញ​ ឬ​ខាត​សម្រាប់ជាតិ ដែឬទេ? បទវិភាគនេះ នឹងបកស្រាយឲ្យឃើញថា ប្រទេស​កម្ពុជាជាអ្នកខាត តែអ្នក​ដែលចំណេញ គឺ​ប្រទេសនៅជាប់ជិតខាងទៅវិញ។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង [email protected]) - ភ្នំពេញ ថ្ងៃទី១៨ វិច្ឆិកា ២០១៣
  • កែប្រែចុងក្រោយ: June 05, 2014
  • ប្រធានបទ: បុណ្យជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាជពិធីបុណ្យជាតិ - បន្ទាប់ពីបានប្រកាសផ្អាកកាលពីឆ្នាំ២០១១ ដោយមូលហេតុទឹកជំនន់ និងឆ្នាំ២០១២​កន្លងទៅ ដើម្បី​កាន់ព្រះមរណទុក្ខនៃព្រះបរមសពនោះមក ការលប់បុណ្យអ៊ំទូក អកអំបុក សំពះព្រះខែ បណ្ដែត​ប្រទីប មិន​ប្រារព្ធនៅឆ្នាំ​២០១៣នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបកស្រាយ យកមូលហេតុពីទឹកជំនន់​នោះដែរ។ តែអ្វីដែល​ជា​ការ​ចម្លែកនោះ សេចក្ដី​ប្រកាសលប់ចោលនេះ បានធ្វើឡើងតាំងពីដើមខែតុលា ដែល​រហូតមកដល់ថ្ងៃនេះ មានរយៈ​ពេល​មួយខែកន្លះ និងបាន​បង្ក​ចម្ងល់ថា តើរដ្ឋាភិបាលអាចដឹងមុន ហើយពិត​ជា​ចេះព្យាករណ៍ពីទឹកជំនន់នេះ ថានឹង​មាន​រយៈពេលយូរដូច្នេះ ឬយ៉ាង​ណា? ចម្ងល់ដែលបានធ្វើឲ្យអ្នកវិភាគ ដែលមាននិន្នាការប្រឆាំង​​រដ្ឋាភិបាល​មួយ​​ចំនួន​​និយាយថា នោះគឺដោយសារ​រដ្ឋាភិបាល​​ខ្លាច ការប្រមូលផ្ដុំ​មនុស្ស ដែលមានលក្ខណៈច្រើនកកកុញ ដូចក្នុង​ពេល​បុណ្យ​អ៊ំទូកនេះជាដើម ត្រូវបាន​គណបក្ស​ប្រឆាំង​​យក​ទៅ​ប្រើប្រាស់ ដើម្បីសកម្មភាពអ្វីមួយ។

ក្នុងបទវិភាគនេះ នឹងមិនលូកលាន់ចូលជ្រៅទៅក្នុងបញ្ហានយោបាយនោះទេ ហើយក៏មិនចង់និយាយ​ពី​បញ្ហា​ទឹក​ជំនន់ ដែល​បានស្ងប់ផុតរលត់ទៅវិញ តាំងពាក់កណ្ដាលខែតុលាមកម្លេះនោះដែរ។ ប៉ុន្តែគេត្រូវសម្លឹង​មើល​​ឲ្យបាន​វែងឆ្ងាយ ទាក់ទង​នឹង​វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលនៅក្នុងមួយរដូវបុណ្យទាននេះ​ម្ដងៗ ការរកទទួលទាន​របស់បណ្ដាជន ដែលរាប់​ចាប់​តាំងពីអាជីវករតូចតាច កញ្ជើរល្អី រហូតដល់ក្រុមហ៊ុនធំៗ ដែលបានយកឱកាសនេះ ដើម្បីប្រកាសដាក់លក់​ផលិតផលរបស់​ខ្លួន។ ការរកទទួលទាន ដែលមិនមែនធ្វើ​ឡើង​តែក្នុង៣ថ្ងៃ នៃការប្រារព្ធ​ពិធី​បុណ្យនេះទេ។ ក្រុមអាជីវករមួយចំនួនធំ​ បាន​ឆ្លៀតឱកាសសឹងតែពេញ​មួយ​រដូវកាល នៃបុណ្យអ៊ំទូកនេះតែម្ដង ឧទាហរណ៍ដូចជាក្រុមហ៊ុនផលិតចម្រៀងនោះជាដើម ដែលបាន​ខិតខំតែងនិពន្ធ បង្កើតស្នាដៃថ្មីៗ ដើម្បីអបអរ​ឲ្យ​ការប្រារព្ធបុណ្យជាតិ កាន់តែមានភាពអធិកអធម។

ម្យ៉ាងទៀត នៅក្នុងសៀវភៅផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍ របស់ក្រសួងទេសចរណ៍កម្ពុជា តែងតែ​មាន​ឧទ្ទិស​យ៉ាង​ហោចណាស់ ក៏មួយទំព័រដែរ ទៅដល់ពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ។ ដូច្នេះពិធី​បុណ្យ​នេះ ជាផ្នែក​មួយនៃវប្បធម៌ខ្មែរ ដែលអាចស្រូបទាញអ្នកទេសចរណ៍បរទេស ឲ្យចូលមក​ទស្សនា​ប្រទេសកម្ពុជា ជា​ពិសេសរាជធានី​ភ្នំពេញ ដែលនៅក្នុងឱកាសដ៏ពិសេសនេះ មានការតែងតាំងនូវ​ភ្លើង​ពណ៍ល្អឆើតឆាយ នៃប្រទីប​ជ្វាលា បូករួមផ្សំនឹងការ​បាញ់កាំជ្រួចរាល់រាត្រី។ល។

ដូច្នេះមានការរកទទួលទាន នឹងនាំឲ្យប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលនិងជីវភាពធូរធារ។ មាន​ទេសចរណ៍ នាំឲ្យ​សេវាកម្ម​ទេសចរណ៍មានដំណើរការ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន សារមន្ទីរ ហាង​លក់​វត្ថុអនុស្សាវរីយ៍ ឬ​រមនីយដ្ឋាន​សម្រាប់ភ្ញៀវទេសចរណ៍ ចូលទស្សនាកំសាន្ដនោះជាដើម។ រដ្ឋក៏អាចប្រមូល​យកពន្ធ ពីចំណូលទាំង​នោះ ដាក់ចូលក្នុង​ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់នោះដែរ។

ពិធីបុណ្យដែលតំណាងឲ្យអត្តសញ្ញាណរបស់ជាតិ

ផ្ទុយទៅវិញ ពិធីបុណ្យអ៊ំទូកដែលព្រះរាជាណាចក្រកម្ពុជាតែងតែប្រកាសថា ជាពិធីបុណ្យរំលឹកពីវប្បធម៌ខ្មែរ ជា​ពិសេស​ពី​ប្រវត្តិសាស្ត្រដ៏រុងរឿងនាសម័យអង្គរនោះ បែរជាត្រូវបានប្រទេសជិតខាង ដូចយ៉ាងថៃ ឡាវ និង​វៀតណាម ប្រារព្ធយ៉ាង​ជាប់លាប់ទៅវិញ។

រាជពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប សំពះព្រះខែត្រូវបានប្រទេសកម្ពុជា ចាប់យកមកប្រារព្ធឡើងវិញ នៅឆ្នាំ​១៩៩២ បន្ទាប់​ពី​ពិធីនេះត្រូវបានខកខានលែងបានធ្វើតាំងពីឆ្នាំ ១៩៧០មកនោះ។ ចំណែកប្រទេស​វៀតណាម​វិញ មិនមាន​វប្បធម៌​ប្រណាំង​ទូកងរវែងៗនោះទេ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកុម្មុយនីសបានបើក​ឲ្យ​បងប្អូនរួមឈាមខ្មែរ នៅកម្ពុជា​ក្រោមប្រារព្ធ​ពិធីនេះ ឲ្យមានជារូបរាងឡើង។ បងប្អូនខ្មែរក្រោម ដែល​អាជ្ញាធរ​វៀតណាមចាត់ទុកថា គ្រាន់​ជា​ជនជាតិ​ភាគតិច​របស់ប្រទេសនេះ​ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ អាជ្ញាធរ​វៀតណាមអាច​នឹងចាត់ទុកពិធី​បុណ្យនេះ ទៅជាបុណ្យ​ប្រពៃណីរបស់គេ ហើយ​អាចនឹងធ្វើឲ្យ​សាធារណៈមតិ​មានការភ័ន្ដច្រឡំ ដូចប្រទេសថៃដែល​តែង​តែចាត់ទុក របាំ​អប្សរា​ជារបស់គេ​យ៉ាង​ដូច្នេះដែរ។

អត្ថបទវិភាគនេះ គ្មានគំនិតចង្អៀតចង្អល់ ឬមានគំនិតជាតិនិយមជ្រុលហួសហេតុនោះទេ ប៉ុន្តែចង់​ពញ្ញាក់​​អារម្មណ៍​អ្នកអាន ជាពិសេសអ្នកនយោបាយទាំងអស់ ដើម្បីឲ្យយល់ថា ប្រទេសកម្ពុជាដែលជា​អ្នកឲ្យកំណើត​បុណ្យ​វប្បធម៌​មួយនេះ បែរជាបាន​ប្រកាសផ្អាកពិធីបុណ្យ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ជាតិខ្លួននេះ ម្ដង​ហើយម្ដងទៀត។  មិនត្រឹមតែប៉ុណ្ណោះ ពិធី​បុណ្យអ៊ំទូកនេះ ក៏បានបង្កឲ្យពលរដ្ឋខ្មែរទាំងស្រីទាំងប្រុស មកពី​ខេត្តខ័ណ្ឌ​នៅទូទាំង​ប្រទេស មានឱកាសបានជួបជុំគ្នា ប្រកបដោយភាពសប្បាយរីករាយ ដែលមាន​ន័យស្មើរ​នឹង«ឯកភាពជាតិ»​នោះ​ដែរ។ រីឯការប្រណាំងទូកងរ ឬទូកកន្សៃនានានោះទៀតសោធ វារិតតែបាន​បណ្ដុះស្មារតីទៅពលរដ្ឋកម្ពុជាទាំងនោះ ឲ្យ​កាន់តែមាន​ទឹកចិត្តជាអ្នកកីឡាករថែមទៀត។

ដូច្នេះសារាចរណាក៏ដោយរបស់រដ្ឋាភិបាល ដែលបានប្រកាសឲ្យផ្អាកពិធីបុណ្យដ៏ធំនេះ ក្រោមហេតុផល​«ទឹកជំនន់»​នោះ អាចធ្វើឲ្យគេយល់ភ្លាមថា អាជ្ញាធរចង់រួមចំណែកជួយស្រោចស្រង់ ប្រជាពលរដ្ឋរងគ្រោះ។ ប៉ុន្តែប្រសិនបើបញ្ហា​ប្រធានស័ក្ដិ​វា​មិន​មែន​ជាចំណោទចំពោះមុខ តែផ្ទុយទៅវិញ បែរជាលាក់ពីក្រោយ​ពោរ​ពេញ​ទៅដោយ​មូលហេតុ​«នយោបាយ»​  រួមផ្សំ​នឹង​កត្ដាជា​ច្រើន​ ដូចបានវៀបរាប់ខាងលើនេះ សារាចររបស់​រដ្ឋាភិបាលទាំងនោះ នឹងធ្វើឲ្យ​ប្រទេសកម្ពុជាដែលបានរងគ្រោះ​​នឹងទឹកជំនន់​រួចស្រាប់​ផង កាន់​តែបង់ខាត​ច្រើន​ឡើង​ថែមទៀតទៅវិញ៕

------------

សូមទស្សនាវីដេអូ ដែលទាក់ទងនឹងប្រធានបទ «រាជាណាចក្រអច្ឆរិយៈ»៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...