អង្គការអន្តរជាតិចំនួនពីរ ប្រតិកម្មនឹងការបណ្ដេញ អាឡិច ចេញពីកម្ពុជា
នៅមួយថ្ងៃក្រោយការចាប់ខ្លួន សកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) និងបញ្ជូនខ្លួនតាមយន្ដហោះ ចេញពីប្រទេសកម្ពុជាដោយបង្ខំ ដោយអាជ្ញាធររដ្ឋាភិបាលរួចនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការពិភពលោកប្រឆាំង នឹងការធ្វើទារុណកម្ម (OMCT) និងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ដែលមានកម្មវិធីរួមគ្នា មានចំណងជើងថា «កម្មវិធីឃ្លាំមើល ដើម្បីគាំពារសកម្មជនសិទ្ធិមនុស្ស (The Observatory for the Protection of Human Rights Defenders)» បានចេញរបាយការណ៍មួយ ប្រតិកម្មនឹងការសម្រេចចិត្ត របស់អាជ្ញាធរខ្មែរនេះ។
ក្នុងរបាយការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលក្នុងយប់ថ្ងៃទី២៤ ខែកុម្ភៈនេះ មានសរសេរពន្យល់ពីហេតុការណ៍ នៃការចាប់ខ្លួនលោក អាឡិច ជាអាថ៌ថា បន្ទាប់ពីត្រូវបានអាជ្ញាធរកម្ពុជាបដិសេធ ទិដ្ឋាការ មិនឲ្យបន្តរស់នៅក្នុងប្រទេសតទៅទៀត [...]