អាជ្ញាធរបារាំងឃាត់ខ្លួនមនុស្ស៤នាក់ សង្ស័យកំពុងត្រៀមធ្វើ«ភេរវកម្ម»
រដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve) បានថ្លែងថា បានបំបែកគម្រោង ធ្វើ«ភេរវកម្ម»មួយ ដែលហៀបនឹងផ្ទុះឡើង នៅក្នុងប្រទេសបារាំង។ ជនសង្ស័យទាំងបួននាក់ ដែលរួមមានប្រុសបីនាក់ និងស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃពុធម្សិលម៉ិញនេះ មួយថ្ងៃក្រោយពីព្រឹត្តិការណ៍ បង្ក្រាបភេរវជនមួយ នៅក្នុងរាជធានី ប្រ៊ុយសែល (ប្រទេសប៊ែលហ្សិក) កាលពីថ្ងៃអង្គារ ដែលមានជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្មនៅកណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ។
ជនសង្ស័យទាំងបួន ដែលគេស្គាល់ថា ជាអ្នកកាន់សាសនាអ៊ីស្លាមនិយមតឹង ត្រូវបានអង្កេតតាមដាន ដោយការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋធានីប៉ារីស តាំងពីថ្ងៃទី១៧ ខែកុម្ភៈមកម្លេះ។ ប៉ុន្តែការិយាល័យរដ្ឋអាជ្ញា បានផ្ដល់សំនុំរឿងនេះ ទៅឲ្យនាយកដ្ឋានសន្តិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃបារាំង (ហៅកាត់ជាភាសាបារាំង DGSI) ដើម្បីធ្វើការស្រាវជ្រាវវិញ។ នេះបើតាមប្រភពមួយ [...]

