ភេរវកម្ម​កណ្ដាល​រដ្ឋធានី​របស់​ទួរគី៖ យ៉ាង​ហោច​ស្លាប់​៣៤នាក់ និង​របួស​១២៥នាក់

ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកមួយ បានកើតឡើង នៅចំកណ្ដាលបេះដូង​នៃប្រទេស​ទួរគី កាល​ពីរសៀល​ថ្ងៃអាទិត្យ​ម្សិលម៉ិញ។ តុល្យភាពនៃជនរងគ្រោះ មានសភាពកាន់តែធ្ងន់ធ្ងរ​ឡើង៖ យ៉ាងហោច ៣៤នាក់​ស្លាប់ និង​១២៥នាក់​រងរបួស។
រថយន្ដតូច ដែលបានបើកបន្ថយល្បឿន នៅមុនបំផ្ទុះខ្លួនឡើង ថតដោយកាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 14, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបំផ្ទុះដ៏ខ្លាំងមួយ ដែលយ៉ាងហោច បានបណ្ដាលឲ្យមនុស្សស្លាប់ ៣៤នាក់ និងរបួស១២៥នាក់ បាន​កើត​ឡើង​​នៅ​ចំកណ្ដាលរដ្ឋធានី អង់ការ៉ា (Ankara) នៃប្រទេសទួរគី កាលពីរសៀល​ថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ​២០១៦​នេះ។ តួលេខខាងលើ ត្រូវបានផ្ដល់ឲ្យដោយរដ្ឋមន្ត្រីសុខាភិបាល លោក «Mehmet Müezzinoglu» ដោយ​ផ្ទាល់។ លោករដ្ឋមន្ត្រី បានអះអាងថា ការខូចខាតដ៏សម្បើមនេះ បណ្ដាលមកពីរថយន្ដតូច​មួយគ្រឿង ដែល​មាន​ផ្ទុកពោរពាស​ដោយជាតិផ្ទុះ ហើយបានមកបំផ្ទុះខ្លួន នៅចំងាយមិនឆ្ងាយប៉ុន្មាន ពីទីលាន «Kizilay»។ រថយន្ដនោះ បានរំកិលខ្លួន មកជិតរថយន្ដក្រុងពីរគ្រឿង ទើបបានបំផ្ទុះខ្លួនឡើង។

រថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូន​ទៅកាន់កន្លែងកើតហេតុ ដែលជាទីប្រជុំ នៃហាងលក់ទំនិញ ចំណត​រថយន្ដ​ក្រុងជាច្រើនខ្សែ និងចំណតរថភ្លើងក្រោមដីមួយផង។ ស្រង់សម្ដីដោយទីភ្នាក់ងារ​ព័ត៌មានបារាំង (AFP) អ្នក​ទទួល​ខុសត្រូវ ខាងផ្នែកសន្តិសុខមួយរូប របស់ប្រទេសទួរគី បានថ្លែងដោយមិនបញ្ចេញឈ្មោះថា៖ «បើ​តាម​ការ​សេចក្ដី​សន្និដ្ឋាន ជាជំហានដំបូង នេះជាការវាយប្រហារអត្តឃាត»។

រូបភាពដែលត្រូវបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក បានបង្ហាញឲ្យឃើញ ពីរថយន្ដក្រុង​ដែល​បាន​ឆេះខ្លោច និងអ្នកជួយសង្គ្រោះជាច្រើន កំពុងជម្លៀសជនរងគ្រោះ ចេញពីកន្លែងកើតហេតុ។ លោក​រដ្ឋមន្ត្រី​សុខាភិបាល បានអះអាងបន្ថែមថា៖ «មនុស្ស៣០នាក់បានស្លាប់នៅនឹងកន្លែង និង៤នាក់ទៀត បានស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ»។

មកដល់ម៉ោងនេះ ការវាយប្រហារ​ដោយការបំផ្ទុះគ្រាប់បែក​ខាងលើ នៅមិនទាន់មានក្រុមណាមួយ ចេញមុខ​មក​ទទួលខុសត្រូវនៅឡើយ។

បន្ទាប់ពីការវាយប្រហារ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានសម្ដែង​សមាន​ចិត្ត​របស់លោក ទៅកាន់ប្រជាជនទួរគី ហើយបានអះអាងជាមួយ ប្រធានាធិបតីទួរគី ពីកិច្ច​គាំទ្រ​របស់​បារាំង ក្នុងការវាយប្រយុទ្ធ ប្រឆាំងនឹងភេរវនិយម។ រីឯនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវិដ កាមេរូន (David Cameron) វិញ បានថ្លែងពីភាព«ញាប់ញ័រ»របស់លោក នៅលើបណ្ដាញសង្គម ទល់នឹងហេតុការណ៍​ដ៏​រង្គាល។

ប៉ុន្មានម៉ោងក្រោយមក ចៅក្រមទួរគីមួយរូបបានបង្គាប់ ហាមនូវរាល់ការផ្សាយព័ត៌មានទាំងឡាយ ដែល​ទាក់ទង​នឹង​ភេរវកម្មខាងលើ នៅតាមបណ្ដាញអ៊ិនធើណែត ជាពិសេសនៅតាមបណ្ដាញសង្គម ខណៈ​ពេល​ដែល​រូបភាព​ជាច្រើន ត្រូវបានបង្ហោះចេញរួចអស់ទៅហើយ។

សូមរំលឹកដែរថា រដ្ឋធានីអង់ការ៉ា របស់ប្រទេសទួរគី តែងរងការវាយប្រហារជាញឹកញាប់ណាស់។ ការវាយ​ប្រហារ ដែលកើតឡើងនៅមុនលើកនេះ គឺនៅថ្ងៃទី១៧ ខែកុម្ភៈ បណ្ដាលមកពីរថយន្ដចតចោលមួយ​គ្រឿង។ ហេតុការណ៍នៅពេលនោះ បានសម្លាប់មនុស្សជិត៣០នាក់។ លោកប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» បានថ្លែងចោទប្រកាន់ក្រុមអ្នកបះបោរ ជាតិគួដ របស់គណបក្ស «PKK» ថាជាអ្នកស្ថិត​នៅ​ពី​ក្រោយ ការវាយប្រហារនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...