ភេវរកម្មនៅដាណឺម៉ាកស្លាប់ម្នាក់ ក្នុងជំនួបមួយអំពីអ៊ីស្លាមនិយម
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 14, 2015
- ប្រធានបទ: បាញ់ប្រហារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ជាជនស៊ីវិល ដែលគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ត្រូវបានបាញ់ស្លាប់ និងភ្នាក់ងារនគរបាលបីនាក់ទៀត ដែលទទួលបន្ទុកការពារតំបន់នោះ បានរងរបួស។ នេះបើតាមផ្សាយឲ្យដឹង ពីកងកម្លាំងនគរបាល នៃប្រទេសដាណឺម៉ាក។ តុល្យភាពដំបូងនេះ ត្រូវបានផ្សាយឲ្យដឹង បន្ទាប់ពីការផ្ទុះអាវុធប្រមាណជា២០០គ្រាប់ ត្រូវបានគេស្ដាប់ឮនៅខាងក្រៅអាគារមួយ ដែលជាមជ្ឈមណ្ឌលវប្បធម៌ កណ្ដាលរាជធានីកូផេនអាក ប្រទេសដាណឺម៉ាក កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះ។ អាគារនោះ ជាទីកន្លែងដែលជំនួបមួយ ត្រូវបានរៀបចំធ្វើ ដើម្បីជជែកអំពី«អ៊ីស្លាមនិយម» និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
នគរបាលបានឲ្យដឹងទៀតថា បុរសពីរនាក់ជាខ្មាន់កាំភ្លើង និងជិះនៅក្នុងរថយន្ដមួយគ្រឿង កំពុងត្រូវបានអាជ្ញាធរដាណឺម៉ាក តាមស្វែងរកចាប់ខ្លួន។ ជនទាំងពីរពាក់មុខបិទជិត បានជិះរថយន្ដធុនតូច យីហោ វុលវ៉ាហ្គ័ន ប៉ូឡូ (volkswagen polo) ដែលគេស្គាល់ស្លាកលេខច្បាស់។
នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសដាណឺម៉ាក និងវិចិត្រករជាតិដាណឺម៉ាក លោក ឡាក វិល្ក៍ (Lars Vilk) ដែលធ្លាប់បានគូររូបសាវ័កមហាមេដ របស់សាសនាអ៊ីស្លាម បានចូលរួម និងមានវត្តមាននៅក្នុងជំនួបនោះ។ នេះ បើតាមសេចក្ដីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក។ ប៉ុន្តែអ្នកទាំងពីរ មិនមានជួបគ្រោះថ្នាក់អ្វីទេ។
ឯកអគ្គរដ្ឋទូតបារាំង លោក ហ្វ្រង់ស៊័រ ហ្សីមរ៉េ (François Zimeray) ក៏បានសរសេរនៅក្នុងទំព័រទ្វីសធើរ (Twitter) របស់លោកដែរថា លោកនៅមានជីវិតធម្មតា។ លោកបានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖ «ពួកវាបានបាញ់យើងយ៉ាងសន្ធាប់ ពីខាងក្រៅមក។ វាមានបំណងដូចទៅនឹងព្រឹត្តិការណ៍បាញ់ប្រហារ នៅការិយាល័យទស្សនាវដ្ដី Charlie Hebdo កណ្ដាលរដ្ឋធានីប៉ារីសអញ្ចឹង តែពួកវាចូលមកក្នុងអាគារ មិនបាន។»
លោកបានបន្ថែមទៀតថា «បើតាមស្ដាប់ឮ ការផ្ទុះកាំភ្លើងនេះ មានប្រមាណជា៥០គ្រាប់។ តែនគរបាលនិយាយប្រាប់យើងថា មានចំនួនជាង២០០គ្រាប់។ គ្រាប់ទាំងនោះបានបាញ់ទម្លុះទ្វាកញ្ចក់ ហើយមនុស្សគ្រប់គ្នា បានក្រាបជាប់នឹងដី។»៕